អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​​ប្រកាស​ផ្តើម​យុទ្ធ​នា​ការ​គាំ​ទ្រ​ការ​អនុវត្ត​ច្បាប់​ការ​ពាក់​មួក​សុវត្ថិ​ភាព​សម្រាប់​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ ព្រម​ទាំង​កុមារ

អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​​ប្រកាស​ផ្តើម​យុទ្ធ​នា​ការ​គាំ​ទ្រ​ការ​អនុវត្ត​ច្បាប់​ការ​ពាក់​មួក​សុវត្ថិ​ភាព​សម្រាប់​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ ព្រម​ទាំង​កុមារ

រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥

ច្បាប់​ស្តី​ពី​ចរា​ចរណ៍​ផ្លូវ​គោក​ថ្មី​នឹង​ត្រូវ​អនុវត្ត​ក្នុង​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ។ ​ចាប់​ពី​ថ្ងៃ​ទី​០១​ ​ខែ​មករា​ ឆ្នាំ​២០១៦ ​ត​ទៅ​ នគរ​បាល​ចរា​ចរណ៍​នឹង​ធ្វើការ​ពិន័យ​ចំពោះ​ជន​ណា​ដែល​មិន​ពាក់​មួក​សុវត្ថិ​ភាព​ ទាំង​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ និង​អ្នក​បើក​បរ។ ​ដូច្នេះ​នៅ​តាម​បណ្តា​ទូរ​ទស្សន៍​នានា​ក្នុង​ប្រទេស​កម្ពុជា​ មាន​ការ​ចាក់​បញ្ចាំង​រឿង​អប់​រំ​ខ្លី​ពី​ព្រលឹង​ចិត្ត​ល្អ​ចូល​រួម​ធ្វើ​ការ​​​ក្រើនរំលឹក​ដល់​ប្រជា​ពល​រដ្ឋ​ឲ្យ​ពាក់​មួក​សុវត្ថិ​ភាព​គ្រប់​ពេល​វេលា​ ដែល​រឿង​អប់រំ​នេះ​ផលិត​ដោយ​អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី។

ព្រលឹង​ចិត្ត​ល្អ​ទាំង​នោះ​គឺ​​ជា​ជន​រង​គ្រោះ​ដោយ​ការ​រង​របួស​ក្បាល​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍។​​  ពួក​​គេ​មិន​មែន​ចេញ​​មក​បន្លាច​មនុស្ស​ទេ​ ប៉ុន្តែ​គឺ​ដើម្បី​ជំរុញ​ការ​ការ​ពារ​ដល់​សាធា​រណៈ​ជន​ទៅ​វិញ។​ ព្រលឹង​នោះ​បាន​បញ្ឈប់​គ្រួសារ​មួយ​ដែល​កំពុង​តែ​ជិះ​ម៉ូតូ​ដើម្បី​ប្រាប់​ពួក​គេ​ថា​  ការ​មិន​ពាក់​មួក​សុវត្ថិ​ភាព​នៅ​ពេល​ធ្វើ​ដំណើរ​ធ្វើ​ឲ្យ​មាន​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត។​ រឿង​អប់រំ​នេះ​បាន​រំលឹក​​ប្រជា​ពល​រដ្ឋ​កម្ពុជា​ទាំង​អ្នក​បើក​បរ​ម៉ូតូ​ ឬ​អ្នក​រួម​ដំណើរ​ជា​មួយ​ ព្រម​ទាំង​កុមារ​​ឲ្យ​ពាក់​មួក​សុវត្ថិ​ភាព ​ទោះ​បី​ជា​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ក៏​ដោយ​តាម​រយៈ​សារ​អប់​រំ​​ដែល​មាន​អត្ថ​ន័យ​ថា ​“ចាប់​ពី​ថ្ងៃ​ទី​០១​ ខែ​មករា​ ឆ្នាំ​២០១៦​ នគរ​បាល​ចរា​ចរណ៍​នឹង​ធ្វើការ​ពិន័យ​ ១៥០០០​រៀល​ ចំពោះ​ជន​ណា​ដែល​មិន​ពាក់​មួក​សុវត្ថិ​ភាព”។​ ​ការ​ពិន័យ​នេះ​មាន​ចំនួន​ ៥​ដង​កើន​ឡើង​លើស​ពី​តម្លៃ​ពិន័យ​នា​ពេល​កន្លង​មក​ ដែល​មាន​ត្រឹម​តែ​៣០០០​រៀល​ប៉ុណ្ណោះ​សម្រាប់​អ្នក​បើក​បរ​ម៉ូតូ​ដែល​មិន​ពាក់​មួក​សុវត្ថិ​ភាព។​​

រឿង​​អប់រំ​នេះ​ជា​ចំណែក​មួយ​នៃ​យុទ្ធ​នា​ការ​គាំ​ទ្រ​ការ​ផ្សព្វ​ផ្សាយ​ និង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​​ចរា​ចរណ៍​ផ្លូវ​គោក​ថ្មី។​ យុទ្ធ​នា​ការ​នេះ​បាន​អនុវត្ត​ឡើង​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​  ការ​អប់​រំ​ផ្សព្វ​​ផ្សាយ​​តាម​ដង​ផ្លូវ​ និង​សហ​គមន៍​សំដៅ​លើក​កម្ពស់​ការ​ពាក់​មួក​សុវត្ថិ​ភាព​នៅ​ក្នុង​ប្រទេស​​កម្ពុជា។​ យុទ្ធ​នា​ការ​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ “មួក​សុវត្ថិ​ភាព​មួយ​ ​ជួយ​ជីវិត​បាន​ម្នាក់”​ ​របស់​អង្គ​ការ​មូល​និធិ​បង្ការ​របួស​អាស៊ី​ដែល​មាន​រយៈ​ពេល​២​ឆ្នាំ​ ហើយ​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ពី​កម្ម​វិធី​ Development Innovation Ventures នៃ​ទី​ភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរ​​ជាតិ(USAID-DIV) ​និង​ម្ចាស់​ជំនួយ​មួយ​ចំនួន​ទៀត។​​ គោល​បំណង​របស់​យុទ្ធ​នា​ការ​គឺ​ដើម្បី​​​​​បង្កើន​អត្រា​ពាក់​មួក​សុវត្ថិ​ភាព​សម្រាប់​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ក្នុង​ប្រទេស​កម្ពុជា។​

តំណាង​ស្ថាប័ន​ពាក់​ព័ន្ធ​របស់​គម្រោង​ “មួក​សុវត្ថិ​ភាព​មួយ​ ជួយ​ជីវិត​បាន​ម្នាក់”​ បាន​ជួប​ជុំ​គ្នា​ ដើម្បី​ធ្វើ​ការ​ជូន​ដំណឹង​ដល់​សាធា​រណៈ​ជន ​អំពី​​ច្បាប់​កំណត់​ឲ្យ​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​​  ត្រូវ​ពាក់​មួក​សុវត្ថិ​ភាព​ដែល​នឹង​ត្រូវ​អនុវត្ត​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​ ព្រម​ទាំង​ក្នុង​បំណង​ប្រកាស​អនុវត្ត​សកម្ម​ភាព​ទំនាក់​ទំនង​ផ្លាស់​ប្តូរ​ឥរិយា​បថ​សម្រាប់​ឆ្នាំ​ទី​២​នៃ​គម្រោង​ “មួក​សុវត្ថិ​ភាព​មួយ​ ជួយ​​ជីវិត​បាន​ម្នាក់”។

អង្គ​ពិធី​មាន​ការ​ចូល​រួម​ពី​តំណាង​ម្ចាស់​ជំនួយ​ ក្រសួង-​ស្ថាប័ន​រាជ​រដ្ឋា​ភិបាល​ពាក់​ព័ន្ធ​ វិស័យ​ឯក​ជន​ អ្នក​សារ​ព័ត៌​មាន​ ​អង្គការ​សង្គម​ស៊ីវិល​ ដៃ​គូ​អភិវឌ្ឍ​ លោក​គ្រូ​ អ្នក​គ្រូ​ សិស្សា​នុ​សិស្ស​ និង​សហ​គមន៍​ ជា​សរុប​ប្រមាណ​៣០០​នាក់។​ ​ ក្នុង​នោះ​ លោក​​ឈួន​ វ៉ន់​ អគ្គ​លេខា​ធិការ​រង​អចិន្រ្តៃយ៍​នៃ​គណៈ​ ​កម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​ និង​ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​ ឡាយ​ ប៊ុន​ថន​ តំណាង​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ក៏​បាន​អញ្ជើញ​ចូល​រួម​ជា​អធិប​តី​ដែរ។​​ នៅ​ក្នុង​ពិធី​នេះ អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​លទ្ធ​ផល​នៃ​ការ​វាយ​តម្លៃ​​ពាក់​កណ្តាល​គម្រោង​​ ដំណើរ​ការ​នៃ​ការ​បង្កើត​យុទ្ធ​នា​ការ​គាំទ្រ​ការ​អនុវត្ត​ច្បាប់​ការ​ពាក់​មួក​សុវត្ថិ​ភាព និង​សកម្ម​​ភាព​របស់​គម្រោង​នា​ពេល​បន្ទាប់។​

លោក ​គឹម ​បញ្ញា ​នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គ​ការ​មូល​និធិ​បង្ការ​របួស​អា​ស៊ី​បាន​មាន​ប្រសាសន៍​ថា៖ “ជំហាន​ទី២​នៃ​គម្រោង​ “មួក​សុវត្ថិ​ភាព​មួយ​ ជួយ​ជីវិត​បាន​ម្នាក់”​​ នឹង​បន្ត​អនុវត្ត​ដោយ​ផ្អែក​លើ​លទ្ធ​ផល​នៃ​ការ​រីក​ចម្រើន​ដែល​យើង​សម្រេច​បាន​កាល​ពី​ពេល​កន្លង​មក។​ យើង​ខ្ញុំ​កំពុង​បង្កើន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្លាស់​ប្តូរ​​ឥរិយា​បថ​របស់​សហ​គមន៍​តាម​រយៈ​យុទ្ធ​នា​ការ​តាម​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​ និង​សកម្ម​ភាព​តាម​សហ​គមន៍”។​

លទ្ធ​​ផល​នៃ​ការ​វាយ​តម្លៃ​ពាក់​កណ្តាល​គម្រោង​ បាន​បង្ហាញ​ថា ​ប្រមាណ​៩៤%​នៃ​ប្រជា​ពល​រដ្ឋ​នៅ​​ទូ​ទាំង​ប្រទេស​បាន​ទស្សនា​រឿង​អប់រំ​ខ្នាត​ខ្លី​ដែល​ចាក់​ផ្សាយ​តាម​ទូរ​ទស្សន៍​​  ហើយ​៨៨%​នៃ​ប្រជា​ពល​​រដ្ឋ​ក្នុង​ឃុំ-​សង្កាត់​គោល​ដៅ​បាន​ចង​ចាំ​សារ​អប់រំ។​  លទ្ធផល​ការ​វាយ​តម្លៃ​ក៏​បាន​បង្ហាញ​ពី​ភាព​រីក​ចម្រើន​នៃ​អាកប្ប​កិរិយា​របស់​អ្នក​តប​សម្ភាសន៍​​​ចំពោះ​​ការ​ពាក់​មួកសុវត្ថិភាព។ ចាប់ពីខែសីហា ឆ្នាំ២០១៤ រហូតដល់ខែសីហា ឆ្នាំ២០១៥  អ្នក​តប​សម្ភាសន៍​ដែល​បាន​និយាយ​ថា​ពួក​គេ​មាន​បំណង​ពាក់​មួក​សុវត្ថិភាព​ពេល​រួម​ដំណើរ​បាន​កើន​ឡើង​ពី​ ៨៦% ទៅ​៩៨%​ ក្នុង​ឃុំ-​សង្កាត់​គោល​ដៅ​ និង​កើន​ពី​៩០%​ ទៅ​៩៦%​ក្នុង​ឃុំ-​សង្កាត់​ដែល​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​ជា​តំបន់​ត្រួត​ពិនិត្យ។​ តាម​រយៈ​ការ​សង្កេត​ អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​បាន​រក​ឃើញ​ថា​ អត្រា​នៃ​ការ​ពាក់​មួក​សុវត្ថិ​ភាព​ក្នុង​ចំណោម​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​បាន​កើន​ឡើង​ ពី​៩,៩% ​ទៅ ​១៤,២% ​ហើយ​អត្រា​ពាក់​មួក​សុវត្ថិ​ភាព​ក្នុង​ចំណោម​កុមារ​​ជា​អ្នក​រួម​ដំណើរ​បាន​កើន​ឡើង​ពី​ ៦%​ ទៅ ​១៧% ​ក្នុង​ចន្លោះ​ពី​ខែ​​សីហា​​ឆ្នាំ​២០១៤​ដល់​ខែ​ឧសភា​ឆ្នាំ​២០១៥។​ អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​នឹង​បន្ត​ពង្រឹង និង​ធ្វើ​ឲ្យ​មាន​និរន្តរ​ភាព​សមត្ថ​ភាព​ថ្នាក់​មូល​ដ្ឋាន​តាម​រយៈ​ការ​ធ្វើ​ការ​ជា​មួយ​ក្រុម​ការងារ​សុវត្ថិ ភាព​ចរា​ចរណ៍​ថ្នាក់​ឃុំ-​សង្កាត់​ ដែល​ជា​លទ្ធ​ផល​នឹង​ជួយ​ឲ្យ​យន្ត​ការ​នេះ​មាន​លទ្ធ​ភាព​ដោះ​ស្រាយ​បញ្ហា​សុវត្ថិ​ភាព​ចរា​ចរណ៍​  ជា​ពិសេស​ចំពោះ​ការ​ពាក់​មួក​​សុវត្ថិ​ភាព​សម្រាប់​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ ព្រម​ទាំង​កុមារ។​ ហើយ​សកម្ម​ភាព​ទាំង​អស់​ ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ នឹង​មាន​ការ​ចូល​រួម​គាំទ្រ​យ៉ាង​សកម្ម​ពី​នគរ​បាល​ចរា​ចរណ៍​ទាំង​នៅ​ថ្នាក់​ជាតិ ​និង​ថ្នាក់​ក្រោម​ជាតិ។

ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​ ឡាយ ​ប៊ុន​ថន​ តំណាង​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​បាន​មាន​ប្រសាសន៍​ថា៖ ​“ចាប់​ពី​ថ្ងៃ​ទី​០១​ ខែ​មករា ឆ្នាំ​២០១៦​នេះ​ត​ទៅ នគរ​បាល​ចរា​ចរណ៍​នឹង​ធ្វើការ​អនុវត្ត​ច្បាប់​ដោយ​ប្រើ​ប្រាស់​អនុ​ក្រឹត្យ​ស្តី​ពី​ការ​ពិន័យ​អន្តរ​ការណ៍​លេខ​៨៥​អ​ន​ក្រ.​ប​ក​​ ចុះ​ថ្ងៃ​ទី​០៨​ ខែ​កក្កដា​ ឆ្នាំ​២០១៥។​ ដើម្បី​ឲ្យ​ការ​អនុវត្ត​ច្បាប់​ចំពោះ​ការ​ពាក់​មួក​សុវត្ថិ​ភាព​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ប្រជា​ពល​រដ្ឋ​ត្រូវ​តែ​យល់​ដឹង​ពី​ច្បាប់។​​ គម្រោង​នេះ​បាន​ជួយ​ផ្សព្វ​ផ្សាយ​ដល់​សាធា​រណៈ​ជន​ ​និង​កំពុង​បន្ត​សកម្ម​ភាព​សម្រាប់​ឆ្នាំ​ថ្មី​ទៀត។​ ដូច្នេះ​យើង​សង្ឃឹម​ថា​អ្នក​ប្រើ​ប្រាស់​ផ្លូវ​នឹង​ទទួល​បានសារ​ទាំង​នេះ។​”​ ឯក​ឧត្តម ឧត្តម​សេនីយ៍​ទោ​បាន​បន្ថែម​ទៀត​ថា៖ “ក្រៅ​ពី​ការ​ពាក់​មួក​សុវត្ថិ​ភាព ការ​គោរព​តាម​បទ​បញ្ញត្តិ​​លើ​បញ្ហា​ចាំ​បាច់​មួយ​ចំនួន​ផ្សេង​ទៀត​ ដូច​ជា​​ការ​​បើក​​បរ​​តាម​​ល្បឿន​​កំណត់​​ ការ​​បើក​​បរ​​ដោយ​​មិន​ស្ថិត​​ក្រោម​​ឥទ្ធិ​​ពល​​នៃ​​ជាតិ​​ស្រវឹង។ល។​ គឺ​​​ជា​​កត្តា​​ចាំ​​បាច់​​ដែល​​អ្នក​​ប្រើ​​ប្រាស់​​ផ្លូវ​​គ្រប់​​រូប​​ត្រូវ​​អនុវត្ត​​គ្រប់​​ពេល និង​គ្រប់​ទី​កន្លែង​ដើម្បី​បញ្ជៀស​ឲ្យ​បាន​​នូវ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ និង​ការ​ពិន័យ”។​

លោក ឈួន វ៉ន់ អគ្គ​នា​យក​រង​ដឹក​ជញ្ជូន​ និង​ជា​អគ្គ​លេខា​ធិការ​រង​អចិ​ន្រ្តៃយ៍​នៃ​គណៈ​​​កម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៏​ផ្លូវ​គោក​បាន​មាន​ប្រសាសន៍​ថា៖​ “​ខ្ញុំ​មាន​សេច​ក្តី​រំភើប​នឹង​លទ្ធ​ផល​ជា​វិជ្ជ​មាន​នៃ​គម្រោង ​“មួក​សុវត្ថិ​ភាព​មួយ​ ជួយ​ជីវិត​បាន​ម្នាក់” សម្រាប់​​ឆ្នាំ​ទី​១​ ដែល​បាន​​​អនុវត្ត​កន្លង​មក។ ការ​ពង្រឹង និង​បន្ត​អនុវត្ត​សកម្ម​ភាព​នៃ​គម្រោង​នេះ​មាន​គោល​បំណង​ដើម្បី​ផ្លាស់​ប្តូរ​ឥរិ​យា​បថ​ពី​អ​វិជ្ជ​មាន​ទៅ​​ជា​វិជ្ជ​មាន​ ​ និង​ដើម្បី​បង្ការ​ការ​រង​របួស​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ព្រម​ទំាង​សង្គ្រោះ​ជីវិត​មនុស្ស​បាន​កាន់​តែ​ច្រើន”។

សម្រាប់​​ជំហាន​​បន្ទាប់​នៃ​គម្រោង​ “មួក​សុវត្ថិ​ភាព​មួយ ជួយ​ជីវិត​បាន​ម្នាក់”​ អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​នឹង​បន្ត​បំពេញ​ការ​ងារ​ជា​មួយ​សា​លា​រៀន​គោល​ដៅ​ តាម​រយៈ​ការ​បណ្តុះ​បណ្តាល​ គ្រូ​ សិស្សា​នុ​សិស្ស និង​ឪពុក​ម្តាយ​អំពី​សារៈ​សំខាន់​នៃ​ការ​ពាក់​មួក​សុវត្ថិ​ភាព​សម្រាប់​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ។ ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ មួក​សុវត្ថិ​ភាព​ចំនួន​៤២៤២​មួក​នឹង​ត្រូវ​ផ្តល់​ជូន​ដល់​សិស្សា​នុ​សិស្ស​ដែល​ទើប​នឹង​ចូល​រៀន​ថ្មី​នៅ​សាលា​បឋម​សិក្សា​គោល​ដៅ​ទាំង​១៨។

ក្នុង​ពិធី​នេះ ភ្ញៀវ​កិត្តិយស​បាន​ចូល​រួម​ក្នុង​សកម្ម​ភាព និង​លេង​ល្បែង​កំសាន្ត​ដែល​មាន​ខ្លឹម​សារ​សុវត្ថិ​ភាព​ចរា​ចរណ៍ សំណួរ-​ចម្លើយ និង​វេទិកា​ដែល​សម្រប​សម្រួល​ដោយ​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​អគ្គ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក និង​​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​​បាល​ជាតិ ដោយ​ធ្វើ​ការ​ពិភាក្សា​អំពី​ការ​អនុវត្ត​ច្បាប់​ដើម្បី​ជា​ការ​បង្កើន​ការ​យល់​ដឹង​បន្ថែម​ទៀត​ដល់​អ្នក​ចូល​រួម ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​ចំពោះ​ការ​ពាក់​មួក​សុវត្ថិ​ភាព​ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
34 នាក់