អង្គការ​មូល​និ​ធិ​បង្ការ​របួស​ អា​ស៊ី​ជួប​ប្រជុំ​ជា​មួយ​ដៃ​គូ​ដើម្បី​កែ​សម្រួល​សម្ភារៈ​ផ្សព្វ​ផ្សាយ​ជា​មួយ​ខ្លឹម​សារ​អប់​រំ៖​ "ចាប់​ពី​ខែ​មករា​ ឆ្នាំ​២០១៦​ នគរ​បាល​ចរា​ចរណ៍​នឹង​ធ្វើ​ការ​ពិន័យ​១៥០០០​រៀល​ ចំពោះ​ជន​ណា​ដែល​មិន​ពាក់​មួក​សុវត្ថិ​ភាព"​

អង្គការ​មូល​និ​ធិ​បង្ការ​របួស​ អា​ស៊ី​ជួប​ប្រជុំ​ជា​មួយ​ដៃ​គូ​ដើម្បី​កែ​សម្រួល​សម្ភារៈ​ផ្សព្វ​ផ្សាយ​ជា​មួយ​ខ្លឹម​សារ​អប់​រំ៖​ "ចាប់​ពី​ខែ​មករា​ ឆ្នាំ​២០១៦​ នគរ​បាល​ចរា​ចរណ៍​នឹង​ធ្វើ​ការ​ពិន័យ​១៥០០០​រៀល​ ចំពោះ​ជន​ណា​ដែល​មិន​ពាក់​មួក​សុវត្ថិ​ភាព"​

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥

អង្គ​ការ​មូល​និធិ​បង្ការ​របួស​អាស៊ី ​បាន​ប្រារព្ធ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ជា​មួយ​ដៃ​គូ​ជា​លើក​ទី​២​ដើម្បី​កែ​សម្រួល​ រឿង​អប់រំ​ខ្នាត​ខ្លី​សម្រាប់​ផ្សព្វ​ផ្សាយ​តាម​ទូរ​ទស្សន៍​ និង​វិទ្យុ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​”មួក​សុវត្ថិ​ភាព​មួយ​ ជួយ​ជីវិត​បាន​ម្នាក់”។​ គម្រោង​នេះ​បាន​ទទួល​ជំនួយ​ឧបត្ថម្ភ​ពី​ទី​ភ្នាក់​ងារ​សហ​រដ្ឋ​អា​មេ​រិក​សម្រាប់​ការ​អភិ​វឌ្ឍន៍​អន្តរ​ជាតិ​ Development Innovation Ventures (USAID-DIV) និង​ម្ចាស់​ជំនួយ​មួយ​ចំនួន​ទៀត​ និង​មាន​គោល​បំណង​បង្កើន​កំរិត​នៃ​ការ​ពាក់​មួក​សុវត្ថិ​ភាព​ក្នុង​ប្រទេស​កម្ពុជា។​ កិច្ច​ប្រជុំ​នេះ​មាន​បំណង​ប្រមូល​ការ​គាំទ្រ​និង​មតិ​យោបល់​ក្នុង​ការ​កែ​សម្រួល​សារ​អប់រំ​ផ្សព្វ​ផ្សាយ​នៃ​រឿង​អប់រំ​ខ្នាត​ខ្លី​ដែល​មាន​ខ្លឹម​សារ៖ ​“ចាប់​ពី​ខែ​មករា​ ឆ្នាំ​២០១៦​ នគរ​បាល​ចរា​ចរណ៍​នឹង​ធ្វើ​ការ​ពិន័យ​១៥០០០​រៀល​ ចំពោះ​ជន​ណា​ដែល​មិន​ពាក់​មួក​សុវត្ថិ​ភាព”។ ​រឿង​អប់រំ​ខ្នាត​ខ្លី​នេះ​នឹង​ត្រូវ​ចាក់​ផ្សាយ​ក្នុង​យុទ្ធ​នាការ​ផ្លាស់​ប្តូរ​ឥរិយា​បថ​ក្នុង​ឆ្នាំ​ទី​២​នៃគម្រោង។​

កិច្ច​ប្រជុំ​នេះ​មាន​ការ​ចូល​រួម​ពី​តំណាង​ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្​ធ និង​អ្នក​សារ​ព័ត៌​មាន​ប្រមាណ​ជាង​ ៣០​ នាក់​ដែល​ក្នុង​នោះ​រួម​មាន​វត្ត​មាន​លោក​ជំទាវ​អគ្គ​លេ​ខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​និង​តំណាង​ជាន់​ខ្ពស់​មក​ពី​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ។​ នៅ​ក្នុង​កិច្ច​ប្រជុំ​ សម្ភារៈ​អប់រំ​ផ្សព្វ​ផ្សាយ​ត្រូវ​បាន​កែ​សម្រួល​ដោយ​យោង​ទៅ​តាម​ការ​វាយ​តម្លៃ​ពាក់​កណ្តាល​គម្រោង​ សំដៅ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង​អំពី​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ត្រូវ​តែ​ពាក់​មួក​សុវត្ថិ​ភាព​ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​០១​ខែ​មករា​ឆ្នាំ​២០១៦​នេះ​ត​ទៅ។​ 

អង្គការ​មូល​និធិ​បង្ការ​របួស​ អាស៊ី​ បាន​ផ្សព្វ​ផ្សាយ​ពី​លទ្ធ​ផល​នៃ​ការ​វាយ​តម្លៃ​ដែល​បាន​បង្ហាញ​ថា​ទូរ​ទស្សន៍​ជា​មធ្យោ​បាយ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ដ៏​សំខាន់​ជាង​គេ​ដើម្បី​ផ្លាស់​ប្តូរ​ឥរិ​យា​បថ​ ហើយ​បន្ទាប់​មក​គឺ​ផ្ទាំង​ប៉ា​ណូ​ផ្សាយ​ពា​ណិជ្ជ​កម្ម​ ស្លាក​ផ្សព្វ​ផ្សាយ​តាម​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ និង​វិទ្យុ។​ អ្នក​តប​សម្ភាសន៍​ភាគ​ច្រើន​បាន​គាំទ្រ​រឿង​អប់រំ​ខ្នាត​ខ្លី​តាម​ទូរ​ទស្សន៍​ដែល​ផលិត​ដោយ​អង្គកា​រមូល​និធិ​បង្ការ​របួស​ អាស៊ី​ ថា​ជា​មធ្យោ​បាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​មធ្យោ​បាយ​ផ្សេង​ទៀត​នៃ​យុទ្ធ​នា​ការ​ផ្លាស់​ប្តូរ​ឥរិ​យា​បថ​ ពី​ព្រោះ​កំរិត​នៃ​ការ​គ្រប​     ដណ្តប់​របស់​ទូរ​ទស្សន៍​មាន​លក្ខណៈ​ទូលំ​ទូលាយ។ ​

លោក​ជំទាវ​ មឹន​ មាណ​វី​ រដ្ឋ​លេខា​ធិការ​ក្រសួង​សាធា​រណ​ការ​ និង​ដឹក​ជញ្ជូន​ និង​ជា​អគ្គ​លេ​ខា​ធិការ​នៃ​គណ:​ កម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​ បាន​មាន​ប្រសាសន៍​ថា​ “យើង​ខ្ញុំ​មាន​សេចក្តី​រំភើប​រីក​រាយ​ និង​អប​អរ​សាទរ​ចំពោះ​លទ្ធ​ផល​ជា​វិជ្ជ​មាន​ដែល​បាន​មក​ពី​យុទ្ធ​នា​ការ​លើក​កម្ពស់​ឥរិ​យា​បថ​ក្នុង​ការ​ពាក់​មួក​សុវត្ថិ​ភាព​ទាំង​អ្នក​បើក​បរ​ និង​អ្នក​រួម​ដំណើរ​ រួម​ទាំង​កុមារ​អាយុ​ចាប់​ពី​៣​ឆ្នាំ​ឡើង​ទៅ​ ដែល​បង្ហាញ​តាម​រយៈ​ការ​វាយ​តម្លៃ​ពាក់​កណ្តាល​គម្រោង​អនុវត្ត​ដោយ​អង្គការ​មូល​និធិ​បង្ការ​របួស​ អាស៊ី​និង​ដៃ​គូ​ពាក់​ព័ន្ធ​ ដែល​បានមក​ពី​ការ​ប្រមូល​ផ្តុំ​មតិ​យោបល់​របស់​សហ​គមន៍​ក្នុង​ខេត្ត​គោល​ដៅ”។ ​លោក​ជំទាវ​ បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ “មតិ​យោបល់​នេះ​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​ដើម្បី​កែ​លម្អ​សារ​អប់រំ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​កាន់​តែ​ខ្ពស់​សំដៅ​ជំរុញ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​យក​ចិត្ត​ទុក​ដាក់​ពាក់​មួក​សុវត្ថិ​ភាព​ជា​ចាំ​បាច់​ទាំង​អស់​គ្នា​រួម​ទាំង​កុមារ​ ទោះ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឬ​ឆ្ងាយ​ និង​ទាំង​ពេល​យប់​ និង​ពេល​ថ្ងៃ​ស្រប​តាម​ច្បាប់​ចរា​ចរណ៍​ ដើម្បី​ការពារ​អាយុ​ជីវិត​មនុស្ស​ជា​ទី​ស្រឡាញ់ ​ក៏​ដូច​ជា​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ ​និង​សង្គម​ជាតិ​កម្ពុជា​ទាំង​មូល”។​

លោក​ ​គឹម ​បញ្ញា ​នាយក​អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា៖​ “តាម​ការ​វាយ​តម្លៃ​បាន​បង្ហាញ​ថា​ ៩៤%​ នៃ​ប្រជា​ពល​រដ្ឋ​បាន​ទស្សនា​រឿង​អប់​រំ​ខ្នាត​ខ្លី​តាម​ទូរ​ទស្សន៍​នេះ​ ហើយ​ ៨៨%​ នៃ​អ្នក​តប​សម្ភាសន៍​បាន​និយាយ​ថា​ពួក​គេ​បាន​ចង​ចាំ​សារ​នៃ​យុទ្ធនា​ការ។​ លោក​បាន​បន្ថែម​ថា៖​ “ការ​វាយ​តម្លៃ​ក៏​បាន​រក​ឃើញ​ពី​ប្រសិទ្ធ​ភាព​នៃ​ខ្លឹម​សារ​សម្ភារៈ​អប់រំ​ផ្សព្វ​ផ្សាយ​ដែល​បាន​ប្រើ​ប្រាស់​ក្នុង​យុទ្ធនា​ការ​នេះ​ដែរ”។​

ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​ ទី​ ឡុង​ អនុ​ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​ចរា​ចរណ៍​និង​សណ្តាប់​ធ្នាប់​ សាធា​រណៈ​ បាន​មាន​ប្រសាសន៍​ថា​ “ការ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​បើក​បរ​និង​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ពី​ច្បាប់​ដែល​កំណត់​ឲ្យ​អ្នក​រួម​ដំណើរ​ត្រូវ​តែ​ពាក់​មួក​សុវត្ថិ​ភាព​គឺ​ជា​ការ​ចាំ​បាច់​ណាស់​សម្រាប់​គាំ​ទ្រ​ដល់​ការ​អនុវត្តច្បាប់​ឲ្យ​មាន​ប្រសិទ្ធ​ភាព។​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដោយ​បាន​ដឹង​ថា​មាន​ការ​បន្ត​អនុវត្ត​យុទ្ធ​នា​ការ​ដែល​ជំរុញ​ឲ្យ​មាន​ឥរិយា​បថ​ប្រកប​ដោយ​សុវត្ថិ​ភាព​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស”៕​

######

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
29 នាក់