អង្គ​ការ​​មូល​​និធិ​​បង្ការ​​របួស​​អាស៊ី​​សហ​​ការ​​ជាមួយ​​សមា​គម​​យាន​​យន្ត​​កម្ពុជា ​ក្នុង​​ការ​​ចាប់​​ផ្តើម​​អនុវត្ត​​គម្រោង​​មួក​​សុវត្ថិ​​ភាព​​សម្រាប់​​កុមារ​

អង្គ​ការ​​មូល​​និធិ​​បង្ការ​​របួស​​អាស៊ី​​សហ​​ការ​​ជាមួយ​​សមា​គម​​យាន​​យន្ត​​កម្ពុជា ​ក្នុង​​ការ​​ចាប់​​ផ្តើម​​អនុវត្ត​​គម្រោង​​មួក​​សុវត្ថិ​​ភាព​​សម្រាប់​​កុមារ​

ខេត្ត​កំពង់​ចាម, ​ថ្ងៃ​ទី​២៦ខែ​មីនា​ ឆ្នាំ​២០១៦៖

ពិធី​​ផ្តល់​​អំណោយ​​មួក​​សុវត្ថិ​​ភាព​​មួយ​​ត្រូវ​​បាន​​ប្រារព្ធ​ធ្វើ​​ឡើង​​កាល​​ពី​  ​ ថ្ងៃ​​ទី​​២៦​​ ខែ​​មីនា​ ​  នៅ​​សា​លា​​បឋម​​សិក្សា​​​ត្រ​ពាំង​​កក់​​ដែល​​ស្ថិត​​​ក្នុង​​ខេត្្្្្្ត​កំពង់​​ចាម។ ​ ​ នេះ​​គឺ​ជា​​កិច្ច​​សហ​​ប្រតិ​បត្តិ​​ការ​​លើក​​ដំបូង​​រវាង​​អង្គ​ការ​​មូល​​និធិ​​បង្ការ​រ​បួស​​អាស៊ី ​និង​​សមា​គម​​យាន​យន្ត​កម្ពុជា​ដែល​​ជា​​ស្ថាប័ន​​មិន​​មែន​​រដ្ឋា​ភិបាល​​មួយ​​បង្កើត​​ឡើង​​ក្នុង​​ឆ្នាំ​​២០១០​និង​​ជា​​សមា​ជិក​​របស់​​សហ​​​ព័ន្ធ​យាន​យន្ត​អន្តរ​ជាតិ ​(FIA)។   ពិធី​​នេះ​​មាន​​គោល​​បំណង​​លើក​​កម្ពស់​​​សុវត្ថិ​​ភាព​​ចរា​ចរណ៍​​តាម​រ​យៈ​​​ការ​​ផ្តល់​​អំណោយ​​​មួក​​សុវត្ថិ​​ភាព​​ចំនួន​​ ៤០៤​​មួក​​ និង​​ការ​​អប់រំ​​ផ្សព្វ​​ផ្សាយ​​ដល់​​សិស្សា​​នុ​សិស្ស ​​និង​​លោក​​គ្រូ ​អ្នក​​គ្រូ​​ក្នុង​​សា​លា​​រៀន។​

អញ្ជើញចូលរួមក្នុងពិធីនោះរួមមានតំណាងមកពីសមាគមយានយន្តកម្ពុជា អង្គការមូលនិធិបង្ការរបួសអាស៊ី ឯកឧត្តម​នាយឧត្តមសេនីយ៍ ម៉ា ឈឿន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាគមយានយន្តប្រទេសសឹង្ហបុរី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស អជ្ញាធរដែនដី និងប្រជាពលរដ្នក្នុងសហគមន៍។ គោលគំនិតសំខាន់នៃ​ពិធីនេះគឺដើម្បីលើកកម្ពស់ការពាក់មួកសុវត្ថិភាពក្នុងចំណោមសិស្សានុសិស្សនិងជំរុញឲ្យពួកគេក្លាយជាអ្នករួម​ដំណើរ​តាមទោចក្រយានយន្ត និងជាអ្នកបើកបរនាពេលអនាគតប្រកបដោយការទទួលខុសត្រូវ។ កិច្ចខិតខំប្រឹងប្រែងនេះ​កើតមានចំពេលវេលាដ៍មានសារៈសំខាន់សម្រាប់ការងារសុវត្ថិភាពចរាចរណ៍នៅក្នុងប្រទេសកម្ពុជា គឺការប្រារព្ធ​ទិវា​សប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលនឹងត្រូវធ្វើឡើងនៅក្នុងសប្តាហ៍ទី២នៃខែមេសា។

សាលាបឋមសិក្សា ត្រពាំងកក់ ត្រូវបានជ្រើសរើសសម្រាប់ការផ្តល់អំណោយមួកសុវត្ថិភាពដោយ​សាលារៀនមួយ​នេះ​មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ៦គឺជាផ្លូវជាតិមួយក្នុងចំណោមបណ្តាផ្លូវជាតិដទៃទៀត​ដែលមានចំនួន​គ្រោះ​ថ្នាក់ចរាចរណ៍ខ្ពស់ក្នុងមួយឆ្នាំៗ។ 

លោក​ មើ​ បូរ៉ា​ ប្រធាន​សមា​គម​យាន​យន្ត​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា៖​ “សម្រាប់​សមាគម​យានយន្ត​កម្ពុជា​គឺ​យើង​ពិត​ជា​ស្រឡាញ់​រថយន្ត​ និង​ការ​បើក​បរ​ ប៉ុន្តែ​យើង​ខ្ញុំ​ក៏​យល់​ និង​គោរព​ដែរ​ចំពោះ​គ្រោះ​ថ្នាក់​ជា​ច្រើន​ដែល​​ពាក់​ព័ន្ធ​ការ​ធ្វើ​ដំ​ណើរ​តាម​ទោ​ចក្រ​យាន​យន្ត។​ យើង​ជឿ​ជាក់​ថា​ ដើម្បី​ឲ្យ​យើង​ទាំង​អស់​គ្នា​អាច​ធ្វើ​ដំណើរ​ប្រកប​ដោយ​ក្តី​រីក​រាយ​នៅ​លើ​ដង​ផ្លូវកុមារ​តូចៗ​របស់​យើង​ត្រូវ​តែ​យល់​អំពី​អត្ថ​ន័យ​នៃ​ការ​ធ្វើ​ដំ​ណើរ​ដោយ​សុវត្ថិ​ភាព។ ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ផ្តល់​នូវ​ការ​គាំ​ទ្រ​របស់​យើង​តាម​រយៈ​ពិធី​នេះ”។​

ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍ ម៉ា ឈឿន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា៖ “កុមារ​តូចៗ​របស់​យើង គឺ​ជា​អ្នក​ដែល​មានសក្តានុពលក្នុងការបន្តតួនាទីរួមចំណែកដឹកនាំប្រទេសកម្ពុជាឆ្ពោះ​ទៅកាន់អនាគតដ៏ល្អ​ប្រ​សើរ​មួយ។ ក្នុងនាមជាអាណាព្យាបាលរបស់ពួកគេ គឺជាភារកិច្ចរបស់យើងក្នុងការ​ធានាឲ្យបាន​ថាពួកគេ​មាន​ក្តី​រីក​រាយ មានសុខ​ភាពល្អ ហើយអ្វីដែលសំខាន់ជាងគេនោះ គឺសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើដងផ្លូវ។ អង្គពិធីនាថ្ងៃនេះ នឹង​ជួយដល់កុមារនៅក្នុងសាលារៀននេះក៏ដូចជាក្នុងសហគមន៏ក្នុងការធំធាត់ និងលូតលាស់​ឆ្ពោះ​ទៅមុខ”។ ទាំងការ​ផ្តល់​​អំណោយជាមួកសុវត្ថិភាព និងការប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺជា​ចំនុចដ៏​សំខាន់​ក្នុង​ការ​ជួយ​ដល់កិច្ចខិតខំដើម្បីទប់ស្កាត់ និងកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករងរបួស​ដោយសារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ហើយ​ដែល​កំពុង​ត្រូវ​បាន​គាំទ្រ​ដោយ​ការ​អនុវត្ត​ច្បាប់​ ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​ចំពោះ​អ្នករួម​ដំណើរ​តាម​ទោចក្រ​យាន​យន្ត​ដែល​​មិនពាក់មួកសុវត្ថិភាព។ ខណៈ​ពេលដែលកិច្ច​ខិតខំនេះគឺ​ជាជំហានឆ្ពោះ​ទៅមុខក្នុង​ការបង្កើន​សុវត្ថិភាព​ចរា​ចរណ៍​​នៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែ​អ្នក​បើក​បរ​ម៉ូតូ​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​ពិន័យ​នៅ​ពេល​ដែល​កុមារ​ដែល​ជា​អ្នក​រួម​ដំណើរជាមួយមិនពាក់មួកសុវត្ថិភាព ហើយ​នេះ​គឺ​ជា​ការ​បណ្តោយ​ឲ្យ​ពួក​គេ​បន្ត​ប្រឈម​យ៉ាង​ខ្លាំង​ទៅ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា៖ “មានមនុស្ស ប្រមាណ៦នាក់បានស្លាប់នៅលើដងផ្លូវក្នុងមួយថ្ងៃៗក្នុងប្រទេសកម្ពុជា ហើយ​ក្រុម​ដែល​ងាយ​រង​គ្រោះ​ដោយ​សារ​គ្រោះ​​ថ្នាក់មួយនេះគឺជាយុវជនវ័យក្មេងដែលធ្វើដំណើរតាមទោចក្រយានយន្ត។​ដូចេ្នះ​​ហើយ​វា​គឺ​ជា​រឿង​ចាំ​បាច់​ណាស់​​ក្នុង​ការ​ជួយ​ដល់​ក្រុម​ដែល​ងាយ​រង​គ្រោះ​ទាំង​នេះ​ឲ្យ​ទទួល​បាន​នូវ​ឧបករណ៍​នានា​ដើម្បី​ឲ្យ​ពួក​គេ​មាន​សុវត្ថិ​ភាព​​ក្នុង​ការ​​ធ្វើ​ដំណើរ​នៅ​លើ​ដង​ផ្លូវ។ សូម​រួម​គ្នា​ការពារ​កុមារ​តូចៗ​របស់​យើង​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍”។

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
32 នាក់