និស្សិត​​សា​កល​​វិ​ទ្យា​ល័យ​​នៅ​​កម្ពុជា​​អំពាវ​​នាវ​​​ឱ្យ​​​សហ​​គមន៍ និង​ស្ថាប័ន​រាជ​រដ្ឋា​ភិ​បាល​​​ពាក់​​ព័ន្ធ​​ចូល​​រួម​​គាំ​​ទ្រ​ និង​​ជំរុញ​​យុទ្ធ​នា​​​ការ​​បន្ថយ​​ល្បឿន​​​ដើម្បី​​សង្រ្គោះ​​ជីវិត

និស្សិត​​សា​កល​​វិ​ទ្យា​ល័យ​​នៅ​​កម្ពុជា​​អំពាវ​​នាវ​​​ឱ្យ​​​សហ​​គមន៍ និង​ស្ថាប័ន​រាជ​រដ្ឋា​ភិ​បាល​​​ពាក់​​ព័ន្ធ​​ចូល​​រួម​​គាំ​​ទ្រ​ និង​​ជំរុញ​​យុទ្ធ​នា​​​ការ​​បន្ថយ​​ល្បឿន​​​ដើម្បី​​សង្រ្គោះ​​ជីវិត

ដើម្បី​ចូល​រួម​អប​អរ​ដល់​សប្តាហ៍​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​សកល​របស់​អង្គការ​សហ​ប្រជា​ជាតិ​លើក​ទី​៤ និស្សិត​សាកល​វិទ្យា​ល័យ​ដែល​ជា​តំណាង​ក្រុម​យុវ​ជន​គំរូ​ដើម្បី​សុវត្ថិ​ភាព​ចរា​ចរណ៍​ បាន​អនុវត្ត​សកម្ម​ភាព​បង្កើន​ការ​យល់​ដឹង​​ ជា​បន្ត​បន្ទាប់​អំពី​ភាព​ចាំ​បាច់​ក្នុង​ការ​បន្ថយ​ល្បឿន​ដើម្បី​សង្រ្គោះ​ជីវិត​នៅ​ក្នុង​សហ​គមន៍​របស់​ពួកគេ។

ដោយ​មាន​ការគាំទ្រ​ពី​អង្គ​ការ​មូល​និ​ធិ​បង្ការ​របួស​អា​ស៊ី និស្សិត​ដែល​ជា​យុវ​ជន​គំរូ​បាន​ធ្វើ​សេច​ក្តី​ព្រាង​សេច​ក្តី​ថ្លែង​ការណ៍​រួម​មួយ​​ស្តី​ពី ​"បន្ថយ​ល្បឿន​ ដើម្បី​សង្រ្គោះ​ជីវិត" ​ដែល​ស្នើ​សុំ​ឱ្យ​មាន​វិធាន​ការ​បន្ថែម​ទៀត​ពី​ស្ថាប័ន​រដ្ឋា​ភិ​បាល និង​សហ​គមន៍​ទាំង​ឡាយ​ក្នុង​ការ​គាំ​ទ្រ និង​ជំរុញ​សកម្មភាព​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ដែល​នឹង​អាច​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់ ​  និង​អ្នក​រង​របួស​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ហើយ​បង្ក​ឡើង​ដោយ​ការ​បើក​បរ​ក្នុង​ល្បឿន​លឿន។ ដៃ​គូ​ពាក់​ព័ន្ធ​សំខាន់ៗ​ដែល​បាន​ចូល​រួម​គាំ​ទ្រ​ដល់​សេច​ក្តី​ថ្លែង​ការណ៍​រួម​នេះ​រួម​មាន​៖ អង្គការ​ 20’s Plenty for Us​ ក្រុម​ប្រឹក្សា​ស្រាវ​ជ្រាវ​ផ្លូវ​ថ្នល់​នៃ​ប្រទេស​អូស្ត្រា​លី និង​អង្គការ​នៅ​កម្ពុជា​មួយ​ចំនួន​ទៀត​ដែល​កំពុង​បំពេញ​ការងារ​សុវត្ថិ​ភាព​​ចរាចរណ៍។

ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​៩ ខែ​ឧសភា តំណាង​ក្រុម​យុវជន​គំរូ​បាន​ប្រគល់​ជូន​សេច​ក្តី​ថ្លែង​ការណ៍​រួម​ដល់​តំណាង​ជាន់​ខ្ពស់​របស់​ស្ថាប័ន​រាជ​រដ្ឋា​ភិបាល​រួម​មាន​លោក​ជំទាវ​អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិភាព​ចរា​ចរណ៍​ផ្លូវ​គោក​កម្ពុជា​  ឯក​ឧត្តម​ឧត្តម​សេនីយ៍​ឯក​អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ តំណាង​អង្គ​ភាព​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​សៀម​រាប និង​តំណាង​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​នានា​ក្នុង​បំណង​ស្នើ​សុំ​ការ​គាំ​ទ្រ​សម្រាប់​យុទ្ធ​នា​ការ​បន្ថយ​ល្បឿន ​ ដើម្បី​សង្រ្គោះ​ជីវិត និង​ជំរុញ​ឱ្យ​មាន​វិធាន​ការ​ខ្លាំង​ឡើង​ចំពោះ​បញ្ហា​ការ​បើក​បរ​ក្នុង​ល្បឿន​លឿន ​ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ការ​អប់រំ​ ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ការ​បំពាក់​សញ្ញា​ចរា​ចរណ៍...."។  ចាប់​ពី​ថ្ងៃ​ទី១១ ដល់​ថ្ងៃ​ទី១២ ខែ​ឧសភា ក្រុម​យុវ​ជន​គំរូ​ក៏​បាន​ចុះ​អនុ​វត្ត​យុទ្ធ​នា​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ដល់​សិស្ស និស្សិត​ក្នុង​ខេត្ត​សៀម​រាប​ដូច​ជា​នៅ​សាលា​បឋម​សិក្សា គ្រួ​ស​ វត្ត​ពោធិ៍​លង្កា និង​ភូមិ​ថ្នល់ និង​សាកល​វិទ្យា​ល័យ​ឯក​ទេស​នៃ​កម្ពុជា សា​កល​វិទ្យា​ល័យ​បញ្ញា​សាស្រ្ត និង​សា​កល​វិទ្យា​ល័យ​សៅ​អៀសយ៍​អេស៊ា និ​ង​ដល់​អ្នក​បើក​បរ​យាន​យន្ត និង​ប្រជា​ពល​រដ្ឋ​នៅ​តាម​ទី​សា​ធា​រណៈ។ ការ​អនុវត្ត​សកម្ម​ភាព​ខាង​លើ​របស់​ក្រុម​យុវជន​គំរូ​ដើម្បី​សុវត្ថិ​ភាព​ចរា​ចរណ៍​ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ​ដើម្បី​សុវត្ថិ​ភាព​កុមារ​ទូ​ទាំង​ពិភព​លោក (Safe Kids Worldwide) និង​កម្ម​វិធី​ជំនួយ​ដោយ​ផ្ទាល់​របស់​ស្ថាន​ទូត​អូស្រ្តាលី​តាម​រយៈ​អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី។​