កុមារ និងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុទទួលបានមួកសុវត្ថិភាព និងការអប់រំអំពីសុវត្ថិភាពចរាចរណ៍

កុមារ និងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុទទួលបានមួកសុវត្ថិភាព និងការអប់រំអំពីសុវត្ថិភាពចរាចរណ៍

កាលពីពេលថ្មីៗនេះ អង្គការមូលនិធិបង្ការរបួសអាស៊ីបានសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុក្នុងការអនុវត្តសកម្មភាពអប់រំផ្សព្វផ្សាយអំពីការពាក់មួកសុវត្ថិភាពលើដងផ្លូវដើម្បីជំរុញឱ្យការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងពីអ្នកប្រើប្រាស់ផ្លូវនៅក្នុងខេត្តព្រះសីហនុ។ 

សកម្មភាពនេះត្រូវបានដឹកនាំអនុវត្តដោយ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមានការចូលរួមគាំទ្រពីក្រុមហ៊ុន PH One Development (Cambodia) Limited (CAMHOMES) ដោយក្នុងនោះតាមរយៈការគាំទ្ររបស់ក្រុមហ៊ុន មួកសុវត្ថិភាពចំនួន១៥០មួកត្រូវបាន    ផ្តល់ជូនដោយឥតគិតថ្លៃដល់កុមារ និងប្រជាពលរដ្ឋ និងកុមារដែលមិនពាក់មួកសុវត្ថិភាពនិងបន្ទាប់ពីទទួលបានការអប់រំអំពីសុវត្ថិភាពចរាចរណ៍ និងចំនុចសំខាន់ៗមួយចំនួននៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ក្នុងប្រទេសកម្ពុជា មានមនុស្សប្រមាណ ១ ៩៧៦នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៧ ដែលក្នុងនោះកុមារអាយុពី០ ទៅ១៤ឆ្នាំ មានចំនួនជិត ១៥០នាក់នៃអ្នកស្លាប់ទាំងនេះ ហើយដែលជា​ចំនួន​​​ច្រើន​ជាង​ចំនួន​​អ្នក​ស្លាប់​ដោយ​សារ​ជម្ងឺ​គ្រុន​ចាញ់ ជម្ងឺគ្រុន​ឈាម និងគ្រាប់​មីន​បូក​បញ្ចូល​​គ្នា​ទៅ​ទៀត។ ការស្លាប់ដោយគ្រោះថ្នាក់ចរា​ចរណ៍​បានកើនឡើងប្រមាណជិត ១០% នៅក្នុងខេត្តព្រះសីហនុកាលពី​ឆ្នាំ​២០១៧  ហើយ​បាន​​ធ្វើឱ្យខេត្តព្រះសីហនុក្លាយជាខេត្តដែលមានកម្រិត​គ្រោះថ្នាក់ចរាចរណ៍ខ្ពស់ជាងគេទី១២។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីបានមានប្រសាសន៍ថា៖ “ទោះបីជាកាលពីឆ្នាំ២០១៧នៅកម្ពុជា មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រមាណ ៧៥ភាគ​រយ​ជា​អ្នកជិះម៉ូតូទោចក្រយានយន្ត តែមានអ្នកបើកបរជាមនុស្សពេញវ័យតែ ២៧ភាគរយ និងអ្នករួមដំណើរ រួមទាំង​កុមារផង​តែ ៨ភាគរយប៉ុណ្ណោះ​បានពាក់មួកសុវត្ថិភាព”។ លោកបានបន្ថែមទៀតថា “គោល​ដៅ​របស់​អង្គការមូលនិធិបង្ការរបួសអាស៊ី គឺបន្តបង្កើនការយល់ដឹង​អំពីសារៈសំខាន់នៃការពាក់​មួក​សុវត្ថិ​ភាព​ និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកសម្រាប់​ប្រជា​ជនទាំងអស់ ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ព្រោះថាការរងរបួស និងការស្លាប់មួយចំនួនធំ យើង​អាចបង្ការបានតាម​រយៈ​ការ​ពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ”។​

 

លោក គួច លេងឃាង ប្រធានផ្នែកយុទ្ធសាស្រ្តទីផ្សារ និងទំនាក់ទនងសាធារណៈនៃក្រុមហ៊ុនCamhomes បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយដែលបានរួមចំណែកក្នុងសកម្មភាពលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងជំរុញការពាក់មួកសុវត្ថិភាពនៅប្រទេសកម្ពុជា។” លោកបានបន្ថែមទៀតថា៖ “ក្នុងនាមជាក្រុមហ៊ុនអន្តរជាតិដែលមានការទទួលខុសត្រូវមួយ យើងខ្ញុំមិនត្រឹមតែមានការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការផ្តល់នូវសំណង់លំនៅដ្ឋានដ៏ទំនើបទាន់សម័យ និងមានគុណភាពខ្ពស់ជូនដល់អតិថិជនរបស់ខ្លូនប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន Camhomesក៏មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកលើកកម្ពស់សុខមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងការអភិវឌ្ឍន៍ សហគមន៍ដែលគាត់រស់នៅផងដែរ។

 

សូមបញ្ជាក់ថា ក្រៅពីបានគាំទ្រដល់សកម្មភាពអប់រំផ្សព្វផ្សាយនៅលើដងផ្លូវខាងលើនេះ ក្រុមហ៊ុន (CAMHOMES) ក៏បានរួមចំណែកគាំទ្រដល់ការប្រារព្ធសន្និសីទប្រចាំឆ្នាំស្តីពីចរាចរណ៍ផ្លូវគោកនៅកម្ពុជាដែលគ្រោងនឹងប្រារព្ធធ្វើនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
59 នាក់