មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ ជួយការពារកុមារនៅខេត្តព្រះសីហនុ

មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ ជួយការពារកុមារនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា-តាមរយៈការគាំទ្ររបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ (Manulife)ទៅដល់ កម្មវិធី មួកសុវត្ថិភាពសម្រាប់គ្រួសារ  បានចែកជូនជាមួកសុវត្ថិភាពចំនួនជាង ១ ០០០មួកទៅដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សនៃសាលាបឋមសិក្សា ហ៊ុន សែន ក្រុង ដែលមានទីតាំងស្ថិតនៅក្នុងក្រុងព្រះសីហនុ។ 

ជាមួយគ្នានេះដែរ មាតាបិតា អាណាព្យាបាលសិស្ស ជាង ១០០នាក់ នឹងចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាលជាបន្តបន្ទាប់ដើម្បីលើកកម្ពស់ការពាក់មួកសុវត្ថិភាព។ កម្មវិធី មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ បានផ្តោតលើការចូលរួមចំណែករបស់មាតាបិតា អាណាព្យាបាលសិស្ស  ជាពិសេសអ្នកម្តាយដែលជាបុគ្គលគំរូដល់កូនៗជាកុមារក្នុងការពាក់មួកសុវត្ថិភាព។

កម្មវិធីនេះមានការចូលរួមពី តំណាងជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អភិបាលរងខេត្តព្រះសីហនុ អ្នកពាក់ព័ន្ធផ្នែកសុវត្ថិភាពចរាចរណ៍ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន មាតាបិតា អាណាព្យាបាលសិស្ស សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិក និងក្រុមការងាររដ្ឋបាលនៃសាលាបឋមសិក្សា ហ៊ុន សែនក្រុង អ្នកសារព័ត៌មាន បុគ្គលិកនៃក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា និងបុគ្គលិកនៃមូលនិធិបង្ការរបួសអាស៊ី។

ទោះបីជាកាលពីឆ្នាំ២០១៧នៅកម្ពុជា មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រមាណ ៧៥ភាគរយជាអ្នកជិះម៉ូតូទោចក្រយានយន្ត តែមានអ្នកបើកបរជាមនុស្សពេញវ័យតែ ២៧ភាគរយ និងអ្នករួមដំណើរ រួមទាំងកុមារផងតែ ៨ភាគរយប៉ុណ្ណោះបានពាក់មួកសុវត្ថិភាព។ ការរងរបួស និងការស្លាប់ទាំងនេះអាចបង្ការបានតាមរយៈការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ។

យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវអាចកាត់បន្ថយហានិភ័យនៃការរងរបួសក្បាលធ្ងន់ធ្ងរ ៦៩ភាគរយ និងហានិភ័យនៃការស្លាប់បាន៤២ភាគរយ ។ កម្មវិធី មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ នឹងរួមចំណែកដោះស្រាយបញ្ហានៃការមិនពាក់មួកសុវត្ថិភាពដោយធ្វើការជាមួយនឹងមាតាបិតាអាណាព្យាបាលសិស្ស  ដែលជាអ្នកធ្វើការសម្រេចចិត្ត និងជាគំរូនៅក្នុងជីវិតរបស់កុមារ។ មាតាបិតាអាណាព្យាបាលសិស្ស  គឺជាអ្នកសម្រេចចិត្តដ៏ចម្បងក្នុងការទិញមួកសុវត្ថិភាពសម្រាប់កូនៗរបស់ពួកគេ និងជាអ្នកក្រើនរំលឹកដល់កុមារដើម្បីឱ្យពួកគេពាក់មួកសុវត្ថិភាពនៅរាល់ពេលជិះម៉ូតូ។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា៖ “មានការផ្សារភ្ជាប់គ្នាជាវិជ្ជមានរវាងចំ ណេះដឹងរបស់មាតាបិតាអំពីការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងចំណេះដឹងរបស់កុមារអំពីការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ"។ លោកជំទាវបានបន្ថែមទៀតថា៖ “រាជរដ្ឋាភិបាលពិតជាមានការគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសការពាក់មួកសុវត្ថិភាពក្នុងចំណោមសិស្សានុសិស្សសំដៅកាត់បន្ថយ និងបង្ការការស្លាប់ និងការរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។” 

ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា៖ “ខេត្តរបស់យើងមានការកើនឡើងនូវចំនួនអ្នកប្រើប្រាស់ផ្លូវថ្នល់ ហើយជាលទ្ធផលមានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាបន្តបន្ទាប់។ ហើយក្នុងចំណោមជនរងគ្រោះទាំងនោះមួយចំនួនជាកុមារ។ យើងបានប្តេជ្ញាចិត្តកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ដោយគាំទ្រដល់កិច្ចសហការពីសំណាក់អាជ្ញាធរខេត្ត និងដៃគូពាក់ព័ន្ធដូចជា អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនដែលផ្តោតលើការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍សម្រាប់កុមារ។” 

លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា បាន មានប្រសាសន៍ថា៖ «យើងប្តេជ្ញាធ្វើការជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ី និងរាជរដ្ឋាភិបាលកម្ពុជាដើម្បី ផ្តល់នូវអនាគតល្អប្រសើរសម្រាប់ក្រុមគ្រួសារនៅក្នុងសហគមន៍ដែលយើងប្រតិបត្តិការអាជីវកម្ម។ ចាប់តាំងពី ឆ្នាំ២០១២មក កម្មវិធី មួកសុវត្ថិភាពសម្រាប់គ្រួសារ បានផ្តល់នូវការអប់រំ និងជំនាញអំពីសុវត្ថិភាពចរាចរណ៍ ដល់សិស្សានុសិស្សចំនួនជាង ៤ ០០០នាក់ និងមាតាបិតាសិស្សចំនួនជាង ៨ ០០០នាក់។ តាមរយៈការអប់រំ នេះ យើងបានជួយដល់ក្រុមគ្រួសាររាប់ពាន់គ្រួសារឱ្យមានជម្រើសសុវត្ថិភាពល្អៗ និងបានចូលរួមកសាងសហ គមន៍ឱ្យកាន់តែមានសុវត្ថិភាពជាងមុន។»

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា “សាលាបឋមសិក្សាហ៊ុនសែនក្រុងត្រូវបានជ្រើសរើសមកអនុវត្តកម្មវិធី ដោយសារតែទីតាំងជាតំបន់ដែលមានការប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ហើយសិស្សានុសិស្សត្រូវធ្វើដំណើរទៅមកសាលារៀនតាមផ្លូវដែលមានចរាចរណ៍មមាញឹកនៅក្នុងខេត្ដ។ សិស្សានុសិស្សរបស់សាលារៀននេះប្រមាណ ៩០ភាគរយធ្វើដំណើរទៅមកដោយជិះកង់ ឬតាមម៉ូតូជាមួយអាណាព្យាបាល។» លោកបានបញ្ជាក់ទៀតថា៖“កាលពីឆ្នាំកន្លងមកនេះ មានសិស្សម្នាក់បានស្លាប់បាត់បង់ជីវិត ហើយយ៉ាងហោចណាស់មានសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូចំនួនប្រាំពីរនាក់ទទួលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។ កម្មវិធី មួកសុវត្ថិភាពសម្រាប់គ្រួសារ នឹងផ្តល់នូវមួកសុវត្ថិភាពដែលមានគុណភាព និងការបណ្តុះបណ្តាលសុវត្ថិភាពចរាចរណ៍ដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមាតាបិតាអាណាព្យាសិស្សដែលរស់នៅក្នុងសហគមន៍ដែលងាយរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។ "

កម្មវិធី មួកសុវត្ថិភាពសម្រាប់គ្រួសារ នឹងត្រូវបានអនុវត្តនៅខេត្តព្រះសីហនុពេញមួយឆ្នាំសិក្សា២០១៨ ដល់ ២០១៩។ ការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងប្រមាណជិត ១០% នៅក្នុងខេត្តកាលពីឆ្នាំ២០១៧  ហើយបានធ្វើឱ្យខេត្តព្រះសីហនុក្លាយជាខេត្តដែលមានកម្រិតគ្រោះថ្នាក់ចរាចរណ៍ទី ១១ខ្ពស់ជាងគេ។ គោលដៅរបស់អង្គការមូលនិធិបង្ការរបួសអាស៊ី គឺបន្តបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការពាក់មួកសុវត្ថិភាពសម្រាប់ប្រជាជនទាំងអស់នៅក្នុងខេត្តព្រះសីហនុ។


###
អំពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា
ក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌាបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ និងជាទីផ្សារថ្មីចុងក្រោយរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ ហ្វាយនែនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងពិភពលោក។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាគហ៊ុនបរទេស ១០០% ដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា បានប្តេជ្ញាចិត្តផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មផ្នែកការពារហិរញ្ញវត្ថុដែលជាតម្រូវការចាំបាច់របស់ពួកគាត់។ ក្រុមហ៊ុនមេនូឡាយហ្វខេមបូឌា ទទួលបានពានរង្វាន់ភាពជាអ្នកដឹកនាំផ្នែកទំនួលខុសត្រូវសង្គមប្រចាំឆ្នាំពីស្ថាប័ន Asia Pacific Customer Service Consortium (APCSC) ចំនួនពីរឆ្នាំជាប់គ្នា គឺក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨។

អំពីក្រុមហ៊ុន មេនូឡាយហ្វ៍
ក្រុមហ៊ុនមេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ថ្នាក់អន្តរជាតិដែលជួយប្រជាជនក្នុងការសម្រចចិត្តឲ្យកាន់តែមានភាពងាយស្រួល និងធ្វើឲ្យជិវីតកាន់តែប្រសើរឡើង។ យើងបានដំណើរការជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក និងជាក្រុមហ៊ុនមេនូឡាយហ្វ៍ នៅបណ្តាប្រទេសផ្សេងៗទៀតក្នុងពិភពលោក។ យើងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ ដំណោះស្រាយធានារ៉ាប់រង ព្រមទាំងផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិជូនដល់អតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ ២០១៧ យើងមានបុគ្គលិកបម្រើការងារប្រមាណ ៣៥ ០០០នាក់ ភ្នាក់ងារធានារ៉ាប់រងប្រមាណ ៧៣ ០០០នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ដៃគូផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនប្រមាណ ២៦លាននាក់។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៨ យើងមានសាច់ប្រាក់ប្រតិបត្តិការចំនួន ១,១ ទ្រីលានដុល្លារកាណាដា ឬ ៨៦៣ ពាន់លានដុល្លារអាមេរិកដែលជាទ្រព្យសកម្ម។ គិតត្រឹមរយៈពេល ១២ ខែចុងក្រោយ យើងបានបង់ជូនជាអត្ថប្រយោជន៍ ការប្រាក់ និងការចំណាយផ្សេងៗជូនដល់អតិថិជនរបស់យើងដែលមានតម្លៃជាសាច់ប្រាក់ចំនួន ២៧,៦ពាន់លានដុល្លារអាមេរិក។ យើងមានប្រតិបត្តិការធំៗនៅអាស៊ី កាណាដា និងសហរដ្ឋអាមេរិក ហើយយើងបានបម្រើអតិថិជនរបស់យើងអស់រយៈពេលច្រើនជាង ១០០ឆ្នាំមកហើយ។ យើងមានស្នាក់ការកណ្តាលជាសកលរបស់យើងនៅទីក្រុង Toronto ប្រទេសកាណាដា ហើយក្រុមហ៊ុនមេនូឡាយហ្វ៍ Manulife Financial Corporation បានធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលប័ត្រ តូរ៉ុនតូ (TSX)ញូវយ៉ក(NYSE)  និងទីផ្សារមូលប័ត្រហ្វីលីពីន ហើយនៅលើទីផ្សារមូលប័ត្រហុងកុង(SEHK) ក្រោមឈ្មោះ 945។

អំពីអង្គការមូលនិធិបង្ការរបួសអាស៊ី
អង្គការមូលនិធិបង្ការរបួសអាស៊ី គឺជាអង្គការមិនមែនរដ្ឋាភិបាល និងមិនស្វែងរកប្រាក់ចំណេញដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ការការរងរបួស និងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងបណ្តាប្រទេសដែលមានចំណូល ទាប និងមធ្យម។ អស់រយៈពេលជាង១៨ឆ្នាំមកហើយដែលអង្គការមូលនិធិបង្ការរបួសអាស៊ី បានអនុវត្តកម្មវិធីសុវត្ថិភាពចរាចរណ៍ដ៏មានប្រសិទ្ធភាពនៅបណ្តាប្រទេសជាច្រើនរួមមាននៅទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក។ ដើម្បីស្វែងយល់បន្ថែមសូមចូលទស្សនាគេហទំព័រ www.aip-foundation.org ឬភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំនៅល Twitter @AIPFoundation។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា
លោក តារា សៅយុទ្ធនា 
ប្រធានជាន់ខ្ពស់ផ្នែកទំនាក់ទំនង
ទូរស័ព្ទលេខ៖ ៨៥៥ ១១ ៧៥៩ ៩៦៤; អ៊ីម៉ែល៖ Saoyuthnea_Dara@manulife.com

អង្គការមូលនិធិបង្ការរបួសអាស៊ី
លោក គឹម បញ្ញា 
នាយកប្រចាំប្រទេសកម្ពុជា
ទូរស័ព្ទលេខ៖ ៨៥៥ ១២ ៤២ ៤២ ៣៤; អ៊ីម៉ែល៖ pagna.kim@aipf-cambodia.org៕

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
58 នាក់

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
58 នាក់