ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៍​ ផ្តល់​មួក​សុវត្ថិ​ភាព​ចំនួន​ ៨០៤​មួក​ ដើម្បី​ជា​ការ​ចូល​រួម​គាំ​ទ្រ​ដល់​ការ​អនុ​វត្ត​ច្បាប់​ចំពោះ​ការ​ពាក់​មួក​សុវត្ថិ​ភាព​សម្រាប់​អ្នក​រួម​ដំណើរ​​តាម​​ម៉ូតូ​​ដែល​​នឹង​អនុវត្ត​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ

ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៍​ ផ្តល់​មួក​សុវត្ថិ​ភាព​ចំនួន​ ៨០៤​មួក​ ដើម្បី​ជា​ការ​ចូល​រួម​គាំ​ទ្រ​ដល់​ការ​អនុ​វត្ត​ច្បាប់​ចំពោះ​ការ​ពាក់​មួក​សុវត្ថិ​ភាព​សម្រាប់​អ្នក​រួម​ដំណើរ​​តាម​​ម៉ូតូ​​ដែល​​នឹង​អនុវត្ត​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ

រាជធានីភ្នំពេញ-ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ 
ដើម្បី​អប​អរ​សាទរ​ដល់​ការ​អនុវត្ត​ច្បាប់​ចំពោះ​ការ​ពាក់​មួក​សុវត្ថិ​ភាព​សម្រាប់​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នា​ពេល​ខាង​មុខ​ អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​បាន​ផ្តល់​អំណោយ​មួក​សុវត្ថិ​ភាព​ និង​បង្កើន​ការ​យល់​ដឹង​អំពី​សុវត្ថិ​ភាព​ចរា​ចរណ៍​ដល់​សិស្សា​នុ​សិស្ស​នៅ​សាលា​បឋម​សិក្សា​សុធា​រស។ ​សកម្ម​ភាព​ទាំង​នេះ​ជា​ផ្នែក​មួយ​នៃ ​“គម្រោង​មួក​សុវត្ថិ​ភាព​សម្រាប់​គ្រួសារ”​ដោយ​មាន​ការ​គាំទ្រ​ពី​ក្រុម​ហ៊ុន​ មេនូ​ឡាយហ្វ៍។ 

ចូល​​រួម​​ក្នុង​​ពិធី​​នោះ​​មាន​​ដៃ​​គូ​​ពាក់​​ព័ន្ធ​​លើ​​ការ​​ងារ​​សុវត្ថិ​​ភាព​​ចរា​​ចរណ៍​​ សិស្សា​​នុ​​សិស្ស​​ លោក​​គ្រូ​​អ្នក​​គ្រូ​ ​ឪពុក​​ម្តាយ​​ អាជ្ញា​​ធរ​​ដែន​​ដី​​ និង​​តំណាង​​ប្រព័ន្ធ​​ផ្សព្វ​​ផ្សាយ​​ជាតិ​​ និង​​អន្តរ​​ជាតិ​​ និង​​មាន​​ការ​​អញ្ជើញ​​ជា​​អធិ​ប​តី​​ដោយ​​ ឯក​​ឧត្តម​​ ហួ​ ​ឈុន​​គ្រី​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯក​ឧត្តម​រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ​និង​លោក ​ឈួន​ វ៉ន់ ​អគ្គ​នា​យក​រង​ ដឹក​ជញ្ជូន​ និង​ជា​អគ្គ​លេខា​ធិការ​រង​អចិន្រ្តៃយ៍​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក។​ នៅ​ឯ​ពិធី​នោះ​ មាន​ការ​ផ្តល់​មួក​សុវត្ថិ​ភាព​ចំនួន​៨០៤​មួក​ជូន​ដល់​សិស្សា​នុ​សិស្ស​ លោក​គ្រូ​ អ្នក​គ្រូ​ និង​មាតា​បិតា​សិស្ស​សា​លា​បឋម​សិក្សា​សុធា​រស​ ព្រម​ទាំង​សកម្ម​ភាព​នានា​ដើម្បី​បង្កើន​ការ​យល់​ដឹង​ និង​ឥរិ​យា​បថ​សុវត្ថិ​ភាព​ចរា​ចរណ៍​នៅ​លើ​ដង​ផ្លូវ​ និង​សារៈ​សំខាន់​នៃ​ការ​ពាក់​មួក​សុវត្ថិ​ភាព​ដែល​មាន​គុណ​ភាព។​ សកម្ម​ភាព​ទាំង​នោះ​មាន​ដូច​ជា៖​ ការ​អនុ​វត្ត​នូវ​សកម្ម​ភាព​ក្រៅថ្នាក់​ដូច​ជា​កម្ម​វិធី​សំណួរ-​ចម្លើយ​លើ​ប្រធាន​បទ​សុវត្ថិ​ភាព​ចរា​ចរណ៍​ ការ​បង្ហាញ​ពី​របៀប​ឆ្លង​កាត់​ផ្លូវ​ប្រកប​ដោយ​សុវត្ថិ​ភាព​ និង​អំពី​ការ​ពាក់​មួក​សុវត្ថិ​ភាព​ឲ្យ​បាន​ត្រឹម​ត្រូវ។​

លោក​ គឹម​ បញ្ញា​ នា​យក​អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​ប្រ​ទេស​កម្ពុជា​បាន​លើក​ឡើង​ថា៖​ “នេះ​គឺ​ជា​ឆ្នាំ​ទី​បួន​ដែល​ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៍​ ខេម​បូឌា​ បាន​គាំ​ទ្រ​ដល់​ការ​អនុវត្ដ​កម្ម​វិធី​មួក​សុវត្ថិ​ភាព​សម្រាប់​ក្រុម​គ្រួសារ”។ ​ជា​មួយ​នឹង​គោល​ដៅ​ក្នុង​ការ​ការ​ពារ​ការ​រង​របួស​ក្បាល​ និង​សង្គ្រោះ​ជីវិត​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្រុម​ហ៊ុន​ មេនូ​ឡាយហ្វ៍​ បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​ ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​លើ​បញ្ហា​នេះ​តាម​រយៈ​ការ​ឧបត្ថម្ភ​គាំ​ទ្រ​ជា​បន្ត​បន្ទាប់​របស់​ខ្លួន”។ ​

ពិធី​នេះ ​ក៏​បាន​ស្វា​គមន៍​ចំពោះ​ការ​អនុវត្ត​ច្បាប់​ចំពោះ​ការ​ពាក់​មួក​សុវត្ថិ​ភាព​សម្រាប់​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​នា​ពេល​ខាង​មុខ​ ដែល​គ្រោង​នឹង​ចាប់​ផ្តើម​អនុ​វត្ត​នៅ​ថ្ងៃ​ទី​០១​ ខែ​មករា​ ឆ្នាំ​២០១៦​ ដោយ​នគរ​បាល​ចរា​ចរណ៍​នឹង​ធ្វើ​ការ​ពិន័យ​ជន​ណា​ដែល​បើក​បរ​ និង​អ្នក​រួម​​ដំណើរ​ជា​មួយ​តាម​ម៉ូតូ​ដោយ​មិន​ពាក់​មួក​សុវត្ថិ​ភាព។​ ខណៈ​ពេល​ដែល​ច្បាប់​ស្តី​ពី​ចរា​ចរណ៍​ផ្លូវ​គោក​រួម​បញ្ចូល​ទាំង​អ្នក​រួម​ដំណើរ ​ប៉ុន្ដែ​អនុ​ក្រឹត្យ​ស្តី​ពី​ការ​ពិន័យ​​អន្តរ​កាណ៍​ដែល​បាន​អនុ​ម័ត​នា​ពេល​កន្លង​ទៅ ​មិន​បាន​រួម​បញ្ចូល​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ជា​កុមារ​ទៅ​ក្នុង​ការ​ពិន័យ​ទេ។ ​ការ​ដែល​មិន​បាន​ដាក់​បញ្ចូល​កុមារ​ទៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​នេះ​ មាន​ន័យ​ថា​យើង​នៅ​តែ​បណ្តោយ​ឲ្យ​កុមារ​ងាយ​រង​គ្រោះ​ទៅ​នឹង​ការ​រង​របួស​ ឬ​ស្លាប់​នៅ​ពេល​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើង។​

លោក ​រូបឺត​ អេ​លៀត​ ប្រធាន​នា​យក​ប្រតិ​បត្តិ​ និង​ជា​អគ្គ​នាយក​ ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ​ ខេម​បូឌា​ មាន​ប្រសាសន៍​បន្ថែម​ថា ​”ក្រុម​ហ៊ុន​ មេនូ​ឡាយហ្វ​ បាន​គាំ​ទ្រ​ដល់​សកម្ម​ភាព​ការ​ងារ​របស់​អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី ​ចាប់​តាំង​ពី​ពេល​ដែល​ក្រុម​ហ៊ុន​បាន​ផ្តើម​ធ្វើ​ប្រតិ​បត្តិ​ការ​ការ​ងារ​ក្នុង​ប្រទេស​ កម្ពុជា​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១២​មក​ម្ល៉េះ​ ហើយ​យើង​មាន​មោទន​ភាព​ក្នុង​ការ​បន្ត​គាំទ្រ​ដល់​ការ​ងារ​សង្រ្គោះ​ជីវិត​នេះ”។​ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា៖​ “គិត​មក​ដល់​ពេល​នេះ​ យើង​បាន​ផ្តល់​អំណោយ​ជា​មួក​សុវត្ថិ​ភាព​ប្រមាណ​ជាង​ ២៧០០​មួក​ និង​បាន​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​សុវត្ថិ​ភាព​ចរា​ចរណ៍​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ប្រមាណ​ជាង​ ៣៨០០​នាក់។​ យើង​មាន​ការ​ប្តេជ្ញា​​ចិត្ត​ចូល​រួម​ជួយ​ដល់​ក្រុម​គ្រួសារ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ការ​កសាង​អនា​គត​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ហើយ​យើង​ពិត​ជា​មាន​ភាព​រំភើប​ចិត្ត​ ដែល​បាន​ឃើញ​ថា​ការ​ផ្តល់​អំណោយ​មួក​សុវត្ថិ​ភាព​ក្នុង​ថ្ងៃ​នេះ​នឹង​បន្ត​ជួយ​ធ្វើ​អោយ​ជីវិត​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​កាន់​តែ​ប្រសើរ​ឡើង។ ​

លោក ​ឈួន​ វ៉ន់ ​អគ្គ​នាយក​រង​ដឹក​ជញ្ជូន​ និង​ជា​អគ្គ​លេខា​ធិការ​រង​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូ​វ​គោក​បាន​មាន​ប្រសាសន៍​ថា៖ ​“យើង​សង្ឃឹម​ថា​ពិធី​ផ្តល់​អំណោយ​មួក​សុវត្ថិ​ភាព​នា​ពេល​នេះ​ពិត​ជា​អាច​លើក​ទឹក​ចិត្ត​ដល់​សិស្សា​នុ​សិស្ស​ ដើម្បី​ឲ្យ​មាន​ការ​ពាក់​មួក​សុវត្ថិ​ភាព​របស់​គេ​ខណៈ​នៅ​ពេល​ដែល​ពួក​គេ​បាន​រួម​ដំណើរ​នៅ​លើ​ម៉ូតូ។​ ការ​ការ​ពារ​ដល់​កុមារ​ពី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ការ​ពារ​ពួក​គេ។​ យើង​មិន​ចង់​ឲ្យ​មាន​ការ​បាត់បង់​ជីវិត​ក្មេងៗ​ ជា​ពិសេស​នៅ​ពេល​ដែល​ការ​រង​របួស​នោះ​គឺ​អាច​ការពារ​បាន។​ ការ​ផ្តល់​មួក​សុវត្ថិ​ភាព​ដល់​កុមារ​ គឺ​ជា​ជំហាន​ដ៍​សំខាន់​មួយ​ក្នុង​ការ​ការពារ​ជីវិត​របស់​ពួក​គេ”។  ​

ឯក​ឧត្តម​​ ហួ​ ឈុន​គ្រី​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯក​ឧត្តម​រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​មាន​ប្រសាសន៍​ថា​ “សាធា​រណៈ​ជន​ដែល​ទទួល​បាន​ការ​ផ្សព្​វផ្សាយ​ និង​មាន​ការ​យល់​ដឹង​ជា​មុន​ គឺ​ពិត​ជា​​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ការ​អនុវត្ត​ច្បាប់​ចរា​ចរណ៍​ឲ្យ​ទទួល​បាន​ជោគ​ជ័យ។​ គម្រោង​មួក​សុវត្ថិ​ភាព​សម្រាប់​ក្រុម​គ្រួសារ​ បាន​ផ្តល់​នូវ​បរិយា​កាស​ដ៏​ល្អ​ប្រសើរ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ដើម្បី​អប់​រំ​ដល់​ប្រជា​ពល​រដ្ឋ​អំ​ពី​ការ​ពាក់​មួក​សុវត្ថិ​ភាព ​និង​ច្បាប់​ស្តី​ពី​ចរា​ចរណ៍​ផ្លូវ​គោក។​ យើង​សង្ឃឹម​ថា​ ពិធី​នេះ​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​សហ​គមន៍​ត្រូវ​តែ​ពាក់​មួក​សុវត្ថិ​ភាព​ និង​ធានា​ថា​​កុមារ​ត្រូវ​តែ​ពាក់​មួក​សុវត្ថិ​ភាព​របស់​ពួក​គេ​ដែរ»។​

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
29 នាក់