បុគ្គលិកអាកាសយានដ្ឋានអន្តរជាតិ កម្ពុជា​​ប្រមាណ​ជាង​២២០​នាក់​បានទទួល​ចំណេះ​ដឹង​អំពី​សុវត្ថិ​ភាព​ចរា​ចរណ៍ផ្លូវ​គោក

បុគ្គលិកអាកាសយានដ្ឋានអន្តរជាតិ កម្ពុជា​​ប្រមាណ​ជាង​២២០​នាក់​បានទទួល​ចំណេះ​ដឹង​អំពី​សុវត្ថិ​ភាព​ចរា​ចរណ៍ផ្លូវ​គោក

ប្រទេស​កម្ពុជា ថ្ងៃទី២១ – ៣០ ខែមីនា ឆ្នាំ២០១៧៖​

អង្គ​ការ​មូល​និធិ​បង្ការ​របួស​អាស៊ី​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​អំពី​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​ដល់​បុគ្គ​លិក​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​កម្ពុជា​ប្រមាណ​ជាង​២២០​នាក់​នា​ឯ​អាកាស​យាន​ដ្ឋាន​ទាំង​៣​ទីតាំង។ វគ្គ​បណ្តុះ​បណ្តាល​ដែល​បាន​ប្រព្រឹត្ត​ទៅ​តាម​ទីតាំង​ផ្សេងៗ​គ្នា​ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី​៣០ ​ខែ​មីនា​ ឆ្នាំ​២០១៧ បាន​បង្ហាញ​ពី​ទិដ្ឋ​ភាព​ទូទៅ​នៃ​ស្ថាន​ភាព​ចរា​ចរណ៍​សំខាន់ៗ​នៅ​លើ​ដង​ផ្លូវ​ក្នុង​ប្រទេស​កម្ពុជាក៏​ដូច​ជា​បច្ចេក​ទេស​នៃ​ការ​បើក​បរ​ប្រកប​ដោយ​សុវត្ថិ​ភាព។ 

នៅ​ក្រៅ​បន្ទប់​បណ្តុះ​បណ្តាល​សិក្ខា​កាម​បាន​ចូល​រួម​អនុវត្ត​សកម្ម​ភាព​ជាក់​ស្តែង​មួយ​ចំនួន​យ៉ាង​សកម្ម​ដែល​បង្ហាញ​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​បើក​បរ​មិន​យក​ចិត្ត​ទុក​ដាក់ និង​របៀប​គេច​ចេញ​ពី​ដែន​ងងឹត​នៃ​រថយន្ត​ដែល​ប្រកប​ដោយ​គ្រោះ​​ថ្នាក់​នៅ​ពេល​បើក​បរ។ វគ្គ​បណ្តុះ​បណ្តាល​នេះ​បាន​រៀប​ចំ​ឡើង​នៅ​ខេត្ត​ព្រះ​សី​ហនុ​ រាជ​ធានី​ភ្នំ​ពេញ និង​ខេត្ត​សៀម​រាប។

វគ្គ​បណ្តុះ​បណ្តាល​នេះ​បាន​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​ផ្តល់​ឱកាស​ដល់​សិក្ខា​កាម​ឱ្យ​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​ពី​ឥរិ​យាបថ​ជាក់​ស្តែង​របស់​ពួក​គេ​ក្នុង​ការ​បើក​បរ​កន្លង​មក និង​ពិភាក្សា​ពី​បទ​ពិសោធន៍​នៃ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដែល​ពួក​គេ​បាន​ដឹង ​និង​​​បាន​​ទទួល​រង​គ្រោះ​ដោយ​ផ្ទាល់​ខ្លួន។ ប្រហែល​៤០%​នៃ​សិក្ខា​កាម​បាន​និយាយ​ថា​ពួក​គេ​ធ្លាប់​បាន​ទទួល​រង​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ក្នុង​ខណៈ​ពេល​ដែល​ពួក​គេ​ប្រមាណ​ជាង​៥០​%​បាន​និយាយ​ថា មាន​មិត្​តភក្តិ និង​សាច់​ញាតិ​ធ្លាប់​ទទួល​រង​គ្រោះ​ថ្នាក់​ចរា​ចរណ៍។​

នៅ​ចុង​បញ្ចប់​នៃ​គ្រប់​វគ្គ​បណ្តុះ​បណ្តាល សិក្ខា​កាម​ទាំង​អស់​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ប្រកាន់​យក​ឥរិ​យាបថ​ក្នុង​ការ​បើក​បរ​ប្រកប​ដោយ​សុវត្ថិ​ភាព​មួយ​ចំនួន​ដូចជា​៖ ការ​ពាក់​មួក​សុវត្ថិ​ភាព ការ​បន្ថយ​ល្បឿន ការ​បើក​បរ​ដោយ​យក​ចិត្ត​ទុក​ដាក់​ និង​ការ​ផ្តោត​អារម្មណ៍​នៅ​លើ​ដង​ផ្លូវ ព្រម​ទាំង​ចែក​រំលែក​ចំណេះ​ដឹង​ដែល​ទទួល​បាន​ទៅ​កាន់​មិត្ត​ភក្តិ និង​សាច់​ញាតិ​របស់​ខ្លួន​ទៀត​ផង។​

តាមរយៈការថ្លែងចំណាប់អារម្មណ៍ខ្លីមួយនៅពេលចាប់ផ្តើមវគ្គបណ្តុះបណ្តាល លោក Éric Delobel ប្រធាន​នាយក​ប្រត្តិ​បត្តិ​នៃ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​កម្ពុជា​បាន​បញ្ជាក់​ថា ​សុវត្ថិភាព​គឺ​ជា​អាទិ​ភាព​ទីមួយ​របស់​ស្ថាប័ន​លោក។ ហេតុ​នេះ ​ការ​សហការ​ជា​មួយ​អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​ដែល​ជា​       ស្ថាប័ន​នាំ​មុខ​គេ​ក្នុង​ការ​ងារ​លើក​កម្ពស់​សុ​វត្ថិ​​​ភាព​ចរា​ចរណ៍​វា​ពិត​ជា​មាន​ភាព​សម​ស្រប  ​និង​ចំ​ពេល​វេលា ព្រម​ទាំង​រួម​ចំណែក​ក្នុង​ការ​ឈាន​ទៅ​សម្រេច​បាន​នូវ​គោល​ដៅ​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ក្នុង​ចំណោម​បុគ្គ​លិក​របស់​លោក​ឱ្យ​ដល់​កំរិត​សូន្យ។​

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
30 នាក់