មួក​សុវត្ថិ​ភាព​ប្រមាណ​ជាង​៩០០​មួក​ ត្រូវ​បាន​ផ្តល់​ជូន​ដល់​សិស្សា​នុ​សិស្ស​នៅ​សា​លា​រៀន​ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ខ្ពស់

មួក​សុវត្ថិ​ភាព​ប្រមាណ​ជាង​៩០០​មួក​ ត្រូវ​បាន​ផ្តល់​ជូន​ដល់​សិស្សា​នុ​សិស្ស​នៅ​សា​លា​រៀន​ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ខ្ពស់

ខេត្តសៀមរាប– ថ្ងៃនេះ  គម្រោង​ "មួក​សុវត្ថិ​ភាព​សម្រាប់​ក្រុម​គ្រួសារ"​ បាន​ពង្រីក​សកម្ម​ភាព​អប់រំ​អំពី​សុវត្ថិភាព​ចរា​ចរណ៍​របស់​ខ្លួន​ទៅ​កាន់​សាលា​បឋម​សិក្សា​កេស​រារាម​ ដែល​ស្ថិត​ក្នុង​ខេត្ត​សៀម​រាប និង​បាន​ផ្តល់​មួក​សុវត្ថិ​ភាព​ប្រមាណ​ជាង​៩០០​មួក​ដល់​សាលា​រៀន​នោះ​ផង​ដែរ។

គម្រោង​ "មួក​សុវត្ថិ​ភាព​សម្រាប់​ក្រុម​គ្រួសារ"​ ដែល​ទទួល​ការ​គាំទ្រ​ពី​ក្រុម​ហ៊ុន​មេនូ​ឡាយ​ហ្វ៍នេះ​ បាន​ប្រារព្ធ​ពិធី​ប្រកាស​​ផ្តើម​​អនុវត្ត​​សកម្ម​ភាព​សម្រាប់​ឆ្នាំ​ទី៥​របស់​ខ្លួន​ ក្នុង​សាលា​បឋម​សិក្សា​កេសរា​រាម​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​​​ផ្លូវ​​ជាតិ​​លេ​ខ​៦​ ហើយ​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ខ្លាំង និង​ស្ថិត​ក្នុង​តំបន់​ដែល​មាន​ចរា​ចរណ៍​មមា​ញឹក​នៃ​ខេត្ត​ដែល​មាន​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ ព្រម​ទាំង​កុមារ​ត្រឹម​តែ​២២%​ប៉ុណ្ណោះ​ដែល​ពាក់​មួក​សុវត្ថិ​ភាព។ ក្រៅ​ពី​ការ​ឧបត្ថម្ភ​មួក​សុវត្ថិ​ភាព​ គម្រោង​នេះ​បាន​ផ្តល់​ការ​អប់រំ​ និង​អនុវត្ត​សកម្ម​ភាព​បង្កើន​ការ​យល់​ដឹង​មួយ​ចំនួន​សម្រាប់​​កុមារ​​ ដូច​​ជា​ការ​បណ្តុះ​បណ្តាល​ និង​បង្ហាញ​អំពី​សុវត្ថិ​ភាព​ចរា​ចរណ៍ ​និង​របៀប​ធ្វើ​ដំណើរ​នៅ​លើ​ដង​ផ្លូវ។

អ្នក​​ចូល​រួម​ប្រមាណ​ជាង​១.០០០​នាក់​ដែល​ជា​សិស្សា​នុ​សិស្ស​ មាតា​បិតា​សិស្ស​ លោក​គ្រូ​ អ្នក​គ្រូ​ មន្ត្រី​រាជ​ការ និង​ប្រជា​ពល​រដ្ឋ​ក្នុង​សហ​គមន៍​បាន​ចូល​រួម​ក្នុង​ពិធី​នេះ។ ​កម្ម​វិធី​នេះ​ក៏​ទទួល​បាន​ការ​ចូល​រួម​ពី​លោក​ជំទាវ​ មឹន ​មាណ​វី រដ្ឋ​លេខា​ធិការ​ក្រសួង​សាធា​រណ​ការ និង​ដឹក​ជញ្ជូន​ និង​ជា​អនុ​ប្រធាន​​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​ ឯក​ឧត្តម​ បណ្ឌិត​ គីម​ ឆៃ​ហៀង ​អភិ​បាល​រង​នៃ​គណៈ​អភិ​បាល​ខេត្ត​សៀម​រាប​ លោក Roy Gori, ប្រធាន និង​ជា​អគ្គ​នាយក​ប្រតិ​បត្តិ នៃ​ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៍​ប្រចាំ​តំបន់​អាស៊ី លោក Robert Elliott អគ្គ​នាយក​ប្រតិ​បត្តិ និង​នាយក​ចាត់​ការ​ទូទៅ​នៃ​ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៍​ខេម​បូឌា​ និង​លោក​ គឹម បញ្ញា នាយក​អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា។

ឯក​ឧត្តម បណ្ឌិត គីម ឆៃហៀង អភិ​បាល​រង​នៃ​គណៈ​អភិ​បាល​ខេត្ត​សៀម​រាប​បាន​មាន​ប្រសាសន៍​ថា "ក្នុង​ឆ្នាំ​២០១៥​មាន​មនុស្ស​ជិត​១០០​នាក់​បាន​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ក្នុង​ខេត្ត​សៀមរាប។ យើង​មិន​អាច​ទទួល​​យក​បាន​ទេ​ យើង​សង្ឃឹម​ថា​គម្រោង​មួកសុវត្ថិភាព​សម្រាប់​គ្រួសារ​​នឹង​នាំ​មក​នូវ​សុវត្ថិ​ភាព​ចរា​ចរណ៍​ល្អ​ប្រសើរ​​សម្រាប់​សហគមន៍​របស់​យើង"។

លោក​ជំទាវ មឹន មាណវី រដ្ឋ​លេខា​ធិការ​ក្រសួង​សាធា​រណ​ការ និង​ដឹក​ជញ្ជូន និង​ជា​អគ្គ​លេខា​ធិការ​​គណៈ​​កម្មា​ធិកា​រ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវគោក​បាន​មាន​ប្រសាសន៍​ថា៖ "នេះ​ជា​ពេល​វេលា​ដ៏​សម​​ស្រប​សម្រាប់​ការ​​លើក​កម្ពស់​សុវត្ថិភាព​ចរា​ចរណ៍​ក្នុង​ប្រទេស​របស់​យើង​ ពី​ព្រោះ​ឆ្នាំ​នេះ​យើង​បាន​ចាប់​ផ្តើម​​អនុវត្ត​ច្បាប់​ចរា​ចរណ៍​​នៅ​ទូ​ទាំង​ប្រទេស ដែល​កំណត់​ឲ្យ​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ពាក់​មួក​សុវត្ថិ​ភាព"។ លោក​ជំទាវ​បន្ថែម​ទៀត​ថា៖ ​“កិច្ច​សហការ​ជា​មួយ​អង្គ​ការ​មូល​និធិ​បង្ការ​របួស​អាស៊ី​ និង​ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៍​ចំពោះ​​គម្រោង​នេះ​គឺជា​ជំហ៊ាន​​ដ៏មាន​សារៈ​សំខាន់​ដែល​​នឹង​រួម​ចំណែក​ឈាន​ទៅ​សម្រេច​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​​សំដៅ​កាត់​បន្ថយ​​ចំនួន​អ្នក​​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ឲ្យ​បាន​ពាក់​កណ្តាល​នា​ឆ្នាំ​២០២០ និង​សង្រ្គោះ​ជីវិត​មនុស្សឲ្យ​បាន​៧៣៥០​​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា"។

សិស្សា​នុ​សិស្ស​នៃ​សាលា​បឋម​សិក្សា​កេសរារាម​ប្រមាណ​៨០%​បាន​ធ្វើ​ដំណើរ​ទៅ​មក​សាលា​រៀន​ដោយ​ម៉ូតូ​ និង​កង់។ ​ក្នុង​ឆ្នាំ២០១៤ មាន​សិស្ស​សាលា​នេះ​ម្នាក់​បាន​ស្លាប់ ហើយ​កាល​ពី​២​ឆ្នាំ​មុន​មាន​​សិស្ស​៤នាក់​ផ្សេង​ទៀត​បាន​រង​របួស​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍។

លោក​ Roy Gori ប្រធាន និងជា អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​មេនូ​ឡាយហ្វ៍​ប្រចាំ​តំបន់​អាស៊ី​មាន​ប្រសាសន៍​ថា៖ ក្រុម​​ហ៊ុន​របស់​លោក​មាន​មោទន​ភាព​ដែល​បាន​រួម​ចំណែក​ក្នុង​គម្រោង​បម្រើ​ដល់​សហ​គមន៍​ដ៏​សំខាន់​មួយនេះ។

លោក​ប្រធាន​បាន​មាន​ប្រសាសន៍​ទៀត​ថា៖​ “យើង​មាន​មោទន​ភាព​ដែល​បាន​​គាំ​ទ្រ​គម្រោង​មួក​សុវត្ថិភាព​​សម្រាប់​គ្រួសារ​​តាំង​ពី​ឆ្នាំ​២០១២មក ហើយ​ក្នុង​រយៈ​ពេល​នេះ​គម្រោង​នេះ​បាន​ផ្តល់​មួក​សុវត្ថិភាព​ជិត​៤.០០០​ដល់​​សហ​គមន៍​​​ក្នុង​ប្រទេស​កម្ពុជា”។ លោក​បន្ថែមថា "នេះ​ជា​គម្រោង​ដ៏​សំខាន់​មួយ​​ដែល​បាន​រួម​​ចំណែក​យ៉ាង​ច្រើន​ក្នុង​កិច្ច​ការពារ​កុមារ​នៅ​តាម​មូលដ្ឋាន។ ក្នុង​នាម​ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៍ និង​ក្នុង​នាម​ជា​ឳពុក​ម្នាក់ យើង​មាន​​កិត្តិយស​ណាស់​ក្នុង​ការ​គាំទ្រ​ គម្រោង​មួក​សុវត្ថិភាព​សម្រាប់​គ្រួសារ នេះ”។

លោក គឹម បញ្ញា នាយក​អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា​មាន​ប្រសាសន៍ថា៖ "ទោះ​បី​ជា​ច្បាប់​ចរាចរណ៍​របស់​​ប្រទេស​កម្ពុជា​ដែល​បាន​កំណត់​ការ​ពាក់​មួក​សុវត្ថិភាព​សម្រាប់​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​បាន​​ចាប់​ផ្តើម​អនុវត្ត​កាល​ពី​ដើម​ឆ្នាំ​នេះ​ក្តី ក៏​ប៉ុន្តែ​មិន​ទាន់​មាន​ការ​អនុវត្ត​ច្បាប់​ចំពោះ​ករណី​កុមារ​មិន​ពាក់​​មួក​សុវត្ថិភាព​នៅ​ឡើយ​ទេ"។ លោក​បន្ថែម​ទៀត​ថា "នៅ​មាន​ការងារ​ជាច្រើន​ផ្សេង​ទៀត​ដែល​យើង​ត្រូវ​ធ្វើ ប៉ុន្តែ​ការ​ផ្តល់​ការ​អប់រំ​អំពី​សុវត្ថិភាព​ចរាចរណ៍ និង​ការ​ផ្តល់​មួក​សុវត្ថិ​ភាព​ដែល​មាន​គុណភាព​ដល់​សិស្សា​នុសិស្ស​​ទាំងនេះ​នឹងជួយ​កាត់​បន្ថយ​ការ​​ស្លាប់​ និង​រង​របួស​ធ្ងន់​ធ្ងរ​ក្នុង​ករណី​បើ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង”។

ជា​រៀងរាល់​ឆ្នាំ​មាន​មនុស្ស​ប្រមាណ​ជាង​ ២០០០នាក់​បាន​ស្លាប់​ក្នុង​ប្រទេស​កម្ពុជា។ ប្រមាណ​៨៣%​នៃ​យាន​យន្ត​នៅ​លើ​ដង​ផ្លូវ​ក្នុង​​ប្រទេស​កម្ពុជា​ គឺទោ​ចក្រ​យានយន្ត​ និងត្រី​ចក្រ​យាន​យន្ត។

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
31 នាក់