អង្គការមូលនិធិបង្ការរបួសអាស៊ីប្រកាសផ្តើមអនុវត្តកម្មវិធីសុវត្ថិភាពចរាចរណ៍នៅ កម្ពុជាដើម្បីឆ្លើយតបនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលមានអ្នកស្លាប់ប្រមាណ ៤៥% ជាយុវជន

អង្គការមូលនិធិបង្ការរបួសអាស៊ីប្រកាសផ្តើមអនុវត្តកម្មវិធីសុវត្ថិភាពចរាចរណ៍នៅ កម្ពុជាដើម្បីឆ្លើយតបនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលមានអ្នកស្លាប់ប្រមាណ ៤៥% ជាយុវជន

រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧

មន្រ្តីស្ថាប័នរាជរដ្ឋាភិបាល និងអ្នកតំណាងមកពីដៃគូពាក់ព័ន្ធប្រមាណជាង៦០នាក់បានចូលរួមសិក្ខាសាលាប្រកាសផ្តើមអនុវត្តកម្មវិធីសុវត្ថិភាពចរាចរណ៍ថ្មីមួយដែលមានឈ្មោះថា“ការប្រើប្រាស់ផ្លូវដោយ សុវត្ថិភាព”។ កម្មវិធីនេះទទួលបានការគាំទ្រពីមូលនិធិក្រុមហ៊ុនយូភីអេស(The UPS Foundation) ហើយដែលនឹងអនុវត្តជាមួយយុវជនជាអ្នកបើកបរម៉ូតូដែលពុំសូវមានបទពិសោធនៅតាមសាកលវិទ្យាល័យនានា និងតាមបណ្តាសហគមន៍ជុំវិញ។ 

កម្មវិធីនេះមានគោលបំណងកាត់បន្ថយឥរិយាបថបើកបរប្រកបដោយគ្រោះថ្នាក់ និងការបើកបរដោយធ្វេសប្រហែស ព្រមទាំងបង្កើនការពាក់មួកសុវត្ថិភាពក្នុងចំណោមកុមារ។ កាលពីឆ្នាំ២០១៦ នៅប្រទេសកម្ពុជាមានអ្នកស្លាប់ចំនួន១ ៨៥២នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយយុវជនដែលមានអាយុពី១៥ ទៅ២៩ឆ្នាំ មានចំនួន៤៥% នៃអ្នកស្លាប់ទាំងនោះ។

ចូលរួមជាគណៈអធិបតីនៅក្នុងអង្គសិក្ខាសាលារួមមាន លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និង លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការចូលរួមពីអ្នកតំណាងមកពីស្ថា  ប័នរាជរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ វិស័យឯកជន សាកលវិទ្យាល័យដៃគូ និងយុវជនគំរូដើម្បីសុវត្ថិភាពចរាចរណ៍មកពីសាកលវិទ្យាល័យនានាផងដែរ។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា៖  “យោងតាមប្រព័ន្ធព័ត៌មានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៏ជារៀងរាល់ឆ្នាំពី២០១០មកដល់២០១៦ឃើញថា ជាងពាក់កណ្តាលនៃអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៏គឺជាយុវជនដែលមានអាយុក្នុងចន្លោះពី១៥ដល់២៩ឆ្នាំ ដោយសារតែជនរងគ្រោះទាំងនោះ ភាគច្រើនបើកបរ ឬធ្វើចរាចរណ៏ដោយមិនបានយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៏កើតឡើង ដែលបណ្តាលឲ្យមានការស្លាប់ ការរងរបួស ឬពិការ និងការបាត់បង់ទ្រព្យសម្បត្តិឯកជន និងសាធារណ:ដែលជាហេតុនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរលើជីវភាពគ្រួសារ និងសង្គមដែលនេះគឺជាបញ្ហាសុខភាពសាធា រណ:ដែលចាំបាច់យើងត្រូវតែការពារ និងព្យាបាលដោយការខិតខំអប់រំផ្សព្វផ្សាយធ្វើយ៉ាងណាឲ្យយុវជនខ្លួនឯង និងអ្នកជុំវិញខ្លួនគាត់មានការប្រុងប្រយ័តក្នុងការបើកបរឬធ្វើចរាចរណ៏តាមផ្លូវគ្រប់ប្រភេទដែលលក្ខខណ្ឌនៃការប្រុងប្រយ័ត្ននោះ គឺមានចែងទាំងអស់ក្នុងច្បាប់ស្តីពីចរាចរណ៏ផ្លូវគោក”។

ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានមានប្រសាសន៍ថា៖  “អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃសូមគាំទ្រកម្មវិធីនេះដែលផ្តោតលើការជួយសង្គ្រោះជីវិតយុវជន និងកុមារ”។ ឯកឧត្តមឧត្តមសេនីយ៍ឯកបានបន្ថែមទៀតថា៖ “យើងនឹងត្រៀមខ្លួនដើម្បីផ្តល់ប្រឹក្សានិងគាំទ្រទៅតាមលទ្ធភាពដែលអាចធ្វើទៅបានចំពោះការអនុវត្តសកម្មភាពរបស់កម្មវិធីនេះដែលសំដៅជម្រុញការអនុវត្តច្បាប់ស្តីពីចរា ចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយ និងខ្ជាប់ខ្ជួន។”

នៅក្នុងឱកាសនោះអង្គការមូលនិធិបង្ការរបួសអាស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាធិការនៃសាកលវិទ្យាល័យដែលអនុវត្តកម្មវិធីចំនួនបី រួមមានសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ សិក្ខាសាលានេះក៏ជាឱកាសមួយសម្រាប់កម្មវិធី “ការប្រើប្រាស់ផ្លូវដោយសុវត្ថិភាព” ដើម្បីពិភាក្សាពីផែនការសកម្មភាពរបស់ខ្លួនជាមួយអ្នកពាក់ព័ន្ធដែលបានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានអនុសាសន៍ និងមតិកែលម្អនានា។

លោក Eduardo Martinez ប្រធានមូលនិធិក្រុមហ៊ុនយូភីអេស បានមានប្រសាសន៍ថា៖ “យើងមានមោទនភាពដែលបានបំពេញការងារជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ីតាំងពីឆ្នាំ២០១១ មកម្ល៉េះស្តីពីគំនិតផ្តួចផ្តើមសុវត្ថិ ភាពចរាចរណ៍ដែលផ្តោតលើការអប់រំតាមគ្រឹះស្ថានសិក្សា និងការគៀងគរមតិនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។”  លោកបានបន្ថែមទៀតថា៖ “កម្មវិធី "ការប្រើប្រាស់ផ្លូវដោយសុវត្ថិភាព” ជាកម្មវិធីថ្មីមួយដ៏សំខាន់ដែលប្រើប្រាស់វិធីសាស្ត្រផ្អែកលើភស្តុតាង ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរឥរិយាបថក្នុងចំណោមប្រជាពលរដ្ឋដែលប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់។”

សកម្មភាពនៃកម្មវិធី “ការប្រើប្រាស់ផ្លូវដោយសុវត្ថិភាព” មានសមាសធាតុចំនួន៣គឺយុទ្ធនាការសុវត្ថិភាពចរា ចរណ៍តាមសាកលវិទ្យាល័យ យុទ្ធនាការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការផ្តល់អំណោយមួកសុវត្ថិភាព រួមទាំងការអប់រំនៅសាលាបឋមសិក្សា។ និស្សិតជាង១២០នាក់មកពីសាកលវិទ្យាល័យចំនួន៤ នឹងត្រូវបានជ្រើសរើសដើម្បីចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលអំពីភាពជាអ្នកដឹកនាំយុវជនដែលនឹងផ្តល់ឱ្យពួកគេនូវចំណេះដឹង និងជំនាញដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍នៅក្នុងចំណោមមិត្តភក្តិ ប្រជាពល រដ្ឋក្នុងសហគមន៍ និងសាលាបឋមសិក្សា។ លើសពីនេះទៅទៀត យុទ្ធនាការលើកកម្ពស់ការយល់ដឹងជាសាធា រណៈនឹងផ្តោតលើយុវវ័យជាអ្នកបើកបរម៉ូតូដែលពុំសូវមានបទពិសោធន៍ តាមរយៈការផ្សព្វផ្សាយតាមទូរទស្សន៍ ផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គម និងព្រឹត្តិការណ៍សាធារណៈផ្សេងៗ។

លោក គឹម បញ្ញា   នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ “ការទាក់ទាញយុវជនវ័យក្មេងៗឱ្យចូលរួមគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យ មានសុវត្ថិភាពក្នុងការធ្វើចរា ចរសម្រាប់អ្នកប្រើប្រាស់ផ្លូវគ្រប់គ្នា។” លោកបានបញ្ជាក់បន្ថែមទៀតថា“យើងកំពុងបន្តបំពេញកិច្ចការដែលផ្តោតទៅលើនិស្សិតសាកលវិទ្យាល័យដើម្បីឲ្យពួកគេឱ្យក្លាយទៅជាអ្នកជំរុញ និងគាំទ្រសុវត្ថិភាពចរាចរណ៍ក្នុងចំណោមមិត្តភក្តិ និងនៅក្នុងសហគមន៍របស់ពួកគេ។” 

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
58 នាក់