សិស្សានុសិស្សត្រូវបានជំរុញឱ្យពាក់មួកសុវត្ថិភាព ឱ្យដូចជាផ្នែកមួយនៃឯកសណ្ឋានរបស់ពួកគេពេលទៅសាលារៀន

សិស្សានុសិស្សត្រូវបានជំរុញឱ្យពាក់មួកសុវត្ថិភាព ឱ្យដូចជាផ្នែកមួយនៃឯកសណ្ឋានរបស់ពួកគេពេលទៅសាលារៀន

សៀមរាប ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ 

សិស្សានុសិស្សសាលាបឋមសិក្សាប្រមាណជិត ៥៥០នាក់ដែលទទួលបានមួកសុវត្ថិភាពមានគុណភាពត្រូវបានជំរុញឱ្យពាក់មួកសុវត្ថិភាពឱ្យដូចជាផ្នែកមួយនៃឯកសណ្ឋានរបស់ពួកគេពេលទៅសាលារៀន ដែលការជំរុញបែបនេះត្រូវបានធ្វើឡើងក្នុងអំឡុងនៃពិធីប្រកាសផ្តើមអនុវត្តកម្មវិធីមួកសុវត្ថិភាពសម្រាប់កុមារមួយ។ 

កម្មវិធីនេះទទួលបានការគាំទ្រថវិកាពី ក្រុមប្រឹក្សាស្រាវជ្រាវផ្លូវថ្នល់ប្រទេសអូស្រ្តាលី (Australian Road Research Board - ARRB)។ កម្មវិធីមួកសុវត្ថិភាពសម្រាប់កុមារមានគោលបំណងធ្វើអោយអ្នកប្រើប្រាស់ដងផ្លូវវ័យក្មេង ដែលកំពុងតែសិក្សាក្នុងសាលាបឋមសិក្សាអនុវត្តគរុកោសល្យក្នុងខេត្តសៀមរាបក្លាយជាជនគំរូក្នុងសហគមន៍របស់ពួកគេ។ សិស្សានុសិស្សទាំងអស់រួមជាមួយលោកគ្រូ អ្នកគ្រូ ក៏បានចូលរួមសកម្មភាពអប់រំក្នុងអំឡុងនៃពិធីនេះផងដែរ។

ឯកឧត្តម សង់ រីហា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា៖ "ប្រហែលជាងមួយឆ្នាំមុន យើង បានចាប់ផ្តើមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលក្នុងនោះក៏មានការតម្រូវឱ្យអ្នករួមដំណើរត្រូវតែពាក់មួកសុវត្ថិភាពនៅទូទាំងប្រទេសកម្ពុជា"។  ចាប់ពីពេលនោះមកយើងបានឃើញឥរិយាបទតាមដងផ្លូវប្រកប ដោយសុវត្ថិភាពមានការកើនឡើងគួរអោយកត់សម្គាល់ទូទាំងប្រទេស។ កម្មវិធីដូចជា "កម្មវិធីមួកសុវត្ថិភាពសម្រាប់កុមារ"នេះ បានចូលរួមបំពេញបន្ថែមលើការប្រឹងប្រែងក្នុងការអនុវត្តច្បាប់របស់យើងឱ្យមានប្រសិទ្ធភាព ហើយលើកទឹកចិត្តដល់យើងឱ្យបន្តធ្វើបន្ថែមទៀត សំដៅឈានទៅសម្រេចបាននូវគោលដៅកាត់បន្ថយចំនួនអ្នកស្លាប់នៅលើដងផ្លូវក្នុងប្រទេសកម្ពុជាឱ្យបានពាក់កណ្តាលត្រឹមឆ្នាំ២០២០។

ក្នុងការអនុវត្តកម្មវិធីនេះ ក្រុមប្រឹក្សា ARRB នឹងផ្តល់អំណោយជាមួកសុវត្ថិភាពប្រមាណជាង៥៦០មួក ដល់សិស្សា នុសិស្ស និងលោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាអនុវត្តគរុកោសល្យ។ ក្រុមប្រឹក្សា ARRB របស់ប្រទេសអូស្ត្រាលីដែលផ្តល់សេវាស្រាវជ្រាវក្នុងឧស្សាហកម្មផ្លូវថ្នល់ និងការដឹកជញ្ជូនបានចាប់ផ្តើមធ្វើការសហការជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ីក្នុងឆ្នាំ២០១២សម្រាប់កម្មវិធីរបស់អង្គការនៅកម្ពុជា ប្រទេសវៀតណាម និងប្រទេសថៃឡង់ដ៍។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សា ARRB ក៏បានជួយលើសកម្មភាពនៃការតាមដាននិងវាយតម្លៃសម្រាប់កម្មវិធីសុវត្ថិភាពថ្មើរជើងនៅក្នុងប្រទេសចិន។

លោក Paul Hillier ដែលជាប្រធានក្រុមបច្ចេកទេសថ្នាក់ជាតិមួយរបស់ក្រុមប្រឹក្សា ARRB បានមានប្រសាសន៍ថា៖ "ពួកយើងពិតជារីករាយក្នុងការធ្វើការជាដៃគូជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ីក្នុងប្រទេសកម្ពុជាជាថ្មីម្តងទៀត។ អង្គការបានក្លាយជាផ្នែកដ៏សំខាន់មួយជួយឱ្យដងផ្លូវមានសុវត្ថិភាពសម្រាប់ទាំងអស់គ្នានៅក្នុងប្រទេស កម្ពុជា ហើយយើងសូមអបអរចំពោះវិធីសាស្រ្តដ៏មានប្រសិទ្ធភាពដែលផ្អែកលើទល្ហិករណ៍ច្បាស់លាស់ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរឥរិយាបថយូរអង្វែងក្នុងចំណោមប្រជាពលរដ្ឋដែលប្រឈមនឹងហានិភ័យខ្ពស់។ ដោយ ឈរលើទស្សនៈផ្ទាល់ខ្លួន ខ្ញុំមានកូនដែលកំពុងស្ថិតក្នុងវ័យសិក្សា ហើយវាពិតជាមានភាពងាយស្រួលក្នុងការចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថប្រយោជន៍បែបនេះ"។

សាលាបឋមសិក្សាអនុវត្តគរុកោសល្យមានទីតាំងស្ថិតនៅលើផ្លូវដែលមានចរាចរណ៍មមាញឹកក្នុងខេត្តសៀម រាប។ នៅក្នុងឆ្នាំ២០១៥ មានសិស្សម្នាក់បានស្លាប់បាត់បង់ជីវិតដោយរងរបួសក្បាលធ្ងន់ធ្ងរនៅពេលដែលគាត់ធ្វើដំណើរជាមួយឪពុករបស់គាត់ពីសាលារៀនទៅផ្ទះដោយមិនពាក់មួកសុវត្ថិភាព។ បច្ចុប្បន្ននេះមានសិស្សានុសិស្ សប្រមាណ៨០ភាគរយដែលធ្វើដំណើរតាមកង់ និងម៉ូតូមកសាលារៀន ហើយក្នុងចំណោមពួកគេមានប្រហែល តែ១ភាគរយប៉ុណ្ណោះដែលពាក់មួកសុវត្ថិភាព។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការបួសអាស៊ីប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ "ការពាក់មួកសុវត្ថិភាពបានត្រឹមត្រួវពិតជាអាចកាត់បន្ថយនូវហានិភ័យក្នុងការស្លាប់ចំនួន៤២ភាគរយ និងរបួសបាន៦៩ភាគ រយ នៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍។ វាជាការចាំបាច់ណាស់ដែលអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរគ្រប់រូបពាក់មួកសុវត្ថិភាព ហើយយើងសង្ឃឹមថា កម្មវិធីនេះនឹងបណ្តុះនូវទម្លាប់ល្អដល់អ្នកប្រើប្រាស់ផ្លូវវ័យក្មេងជាច្រើនក្នុងខេត្តសៀមរាប"។

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
58 នាក់