សិស្សា​នុ​សិស្ស​ត្រូវ​បាន​ជំរុញ​ឱ្យ​ពាក់មួក​សុវត្ថិ​​​​ភាព​​ឱ្យ​​ដូច​​ជា​​ផ្នែក​​មួយ​​នៃ​​ឯក​សណ្ឋាន​​របស់​​ពួក​​គេ​ពេល​ទៅ​សាលា​រៀន​

សិស្សា​នុ​សិស្ស​ត្រូវ​បាន​ជំរុញ​ឱ្យ​ពាក់មួក​សុវត្ថិ​​​​ភាព​​ឱ្យ​​ដូច​​ជា​​ផ្នែក​​មួយ​​នៃ​​ឯក​សណ្ឋាន​​របស់​​ពួក​​គេ​ពេល​ទៅ​សាលា​រៀន​

សៀមរាប ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧​

សិស្សានុសិស្សសាលាបឋមសិក្សាប្រមាណជិត ៥៥០​នាក់ដែល​ទទួលបាន​មួកសុវត្ថិភាព​មានគុណភាព​ត្រូវ​បាន​ជំរុញ​ឱ្យ​ពាក់​មួកសុវត្ថិភាពឱ្យដូចជាផ្នែកមួយនៃឯកសណ្ឋាន​របស់ពួកគេពេលទៅសាលារៀនដែល​ការ​ជំរុញ​បែប​នេះ​ត្រូវ​បានធ្វើឡើងក្នុងអំឡុងនៃពិធីប្រកាសផ្តើមអនុវត្តកម្មវិធីមួកសុវត្ថិភាពសម្រាប់កុមារមួយ។ កម្មវិធីនេះទទួល​បាន​ការគាំទ្រថវិកាពីក្រុមប្រឹក្សាស្រាវជ្រាវផ្លូវថ្នល់ប្រទេសអូស្រ្តាលី (Australian Road Research Board - ARRB)។ កម្ម​វិធី​មួកសុវត្ថិភាពសម្រាប់កុមារមានគោលបំណងធ្វើអោយអ្នកប្រើប្រាស់ដងផ្លូវវ័យក្មេងដែលកំពុងតែសិក្សា​ក្នុង​សា​លាបឋម​សិក្សាអនុវត្តគរុកោសល្យក្នុងខេត្តសៀមរាបក្លាយជាជនគំរូក្នុងសហគមន៍របស់ពួកគេ។ សិស្សា​នុសិស្ស​ទាំងអស់រួមជាមួយលោកគ្រូ អ្នកគ្រូ ក៏បានចូលរួមសកម្មភាពអប់រំក្នុងអំឡុងនៃពិធីនេះផងដែរ។

ឯកឧត្តម ​សង់​ រីហា​អភិ​បាល​រង​នៃ​គណៈ​អភិបាល​ខេត្ត​សៀម​រាប​បាន​មាន​ប្រសាសន៍​ថា៖ "ប្រហែល​ជាង​មួយ​ឆ្នាំ​​មុន​​​យើង​បាន​ចាប់​ផ្តើម​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ ដែល​ក្នុងនោះ​ក៏​មាន​ការ​តម្រូវ​ឱ្យ​អ្នក​រួម​ដំណើរ​ត្រូវ​តែ​ពាក់​មួក​សុវត្ថិភាព​នៅ​ទូទាំង​ប្រទេស​កម្ពុជា"។  ចាប់​ពីពេល​នោះមក​យើង​បាន​ឃើញ​ឥរិយា​បថ​តាម​ដង​ផ្លូវ​ប្រកប​ដោយ​សុវត្ថិភាព​មាន​ការកើន​ឡើង​គួរ​អោយ​កត់​សម្គាល់​ទូទាំង​ប្រទេស។ ​​កម្មវិធី​ដូចជា "កម្មវិធី​មួក​សុវត្ថិ​ភាព​សម្រាប់​កុមារ"​នេះ​ បាន​ចូល​រួម​បំពេញ​បន្ថែម​លើ​ការ​ប្រឹង​ប្រែង​ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​យើង​ឱ្យ​មាន​ប្រសិទ្ធ​ភាព ហើយ​លើក​ទឹក​ចិត្ត​​ដល់​​យើង​​ឱ្យ​បន្ត​ធ្វើ​បន្ថែម​ទៀត​ សំដៅ​ឈាន​ទៅ​សម្រេច​បាន​នូវ​គោល​ដៅ​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​នៅ​លើ​ដង​ផ្លូវ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​បាន​ពាក់​កណ្តាល​ត្រឹម​ឆ្នាំ​២០២០។

ក្នុង​ការ​អនុវត្ត​កម្មវិធី​នេះ ​ក្រុម​ប្រឹក្សា ARRB នឹង​ផ្តល់​អំណោយ​ជាមួក​សុវត្ថិភាព​ប្រមាណ​ជាង​៥៦០មួក ដល់​សិស្សា​នុ​សិស្ស ​និង​លោក​គ្រូ ​អ្នកគ្រូ​សាលា​បឋម​សិក្សា​អនុវត្ត​គរុកោ​សល្យ។ ក្រុម​ប្រឹក្សា ​ARRB របស់​ប្រទេស​អូស្ត្រា​លីដែល​ផ្តល់​សេវា​ស្រាវ​ជ្រាវ​ក្នុង​ឧស្សា​ហកម្ម​ផ្លូវថ្នល់​ និង​ការ​ដឹក​ជញ្ជូន​បាន​ចាប់​ផ្តើម​ធ្វើការ​សហការ​ជាមួយ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ក្នុង​ឆ្នាំ​២០១២​សម្រាប់​កម្មវិធី​របស់​អង្គការ​នៅ​កម្ពុជា​ ប្រទេស​វៀត​ណាម​ និង​ប្រទេស​ថៃឡង់ដ៍។ កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រុម​ប្រឹក្សា ARRB ក៏បាន​ជួយ​លើ​ស​កម្មភាព​នៃ​ការ​តាម​ដាន​និង​វាយ​តម្លៃ​សម្រាប់​កម្មវិធី​សុវត្ថិភាព​ថ្មើរ​ជើង​នៅ​ក្នុង​ប្រទេស​ចិន។

លោក​ Paul Hillier ដែល​ជា​ប្រធាន​ក្រុម​បច្ចេក​ទេស​ថ្នាក់​ជាតិ​មួយ​របស់​ក្រុម​ប្រឹក្សា ​ARRB បាន​មាន​ប្រសាសន៍​ថា៖ "ពួក​យើង​ពិត​ជា​រីករាយ​ក្នុងការ​ធ្វើការ​ជាដៃ​គូជា​មួយ​អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​ក្នុង​ប្រទេស​កម្ពុជា​ជា​ថ្មី​ម្តង​ទៀត។ អង្គការ​​បាន​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ជួយ​ឱ្យ​ដង​ផ្លូវ​មាន​សុវត្ថិភាព​សម្រាប់​ទាំងអស់​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា ​​ហើយ​យើង​សូម​អបអរ​ចំពោះ​វិធី​សាស្រ្ត​ដ៏​មាន​ប្រសិទ្ធ​ភាព​ដែល​ផ្អែក​លើ​ទល្ហិ​ករណ៍​ច្បាស់​លាស់ក្នុង​ការ​លើក​​កម្ពស់​ការ​ផ្លាស់​ប្តូរ​ឥរិយា​បថ​យូរ​អង្វែង​ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់។ ដោយ​ឈរ​លើ​ទស្សនៈ​ផ្ទាល់​ខ្លួន​​ខ្ញុំ​មាន​កូន​ដែល​កំពុង​ស្ថិត​ក្នុង​វ័យ​សិក្សា ហើយ​វា​ពិត​ជា​មាន​​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចូល​រួមក្នុង​កម្ម​វិធី​ដ៏​មាន​សារៈ​សំខាន់​ និង​ប្រកប​ដោយ​អត្ថ​ប្រយោជន៍​បែប​នេះ"។

សាលា​បឋម​សិក្សា​អនុ​វត្ត​គរុកោសល្យ​មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្លូវ​ដែល​មាន​ចរាចរណ៍​មមា​ញឹក​ក្នុង​ខេត្ត​សៀមរាប។ នៅ​ក្នុង​ឆ្នាំ​២០១៥ មាន​សិស្ស​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​រង​របួស​ក្បាល​ធ្ងន់ធ្ងរ​នៅ​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​ជាមួយ​ឪពុក​​របស់​​គាត់​​ពី​​សាលា​​រៀន​​ទៅ​​ផ្ទះ​ដោយ​មិន​ពាក់​មួក​សុវត្ថិភាព។ បច្ចុប្បន្ន​នេះ មាន​សិស្សា​នុសិស្ស​ប្រមាណ​ ៨០​ភាគ​រយ​ដែល​ធ្វើ​ដំណើរ​តាម​កង់ និង​ម៉ូតូ​មក​សាលា​រៀន ហើយ​ក្នុង​ចំណោម​ពួក​គេ​មាន​ប្រហែល​តែ​១ភាគ​រយ​ប៉ុណ្ណោះ​ដែល​ពាក់​មួក​សុវត្ថិភាព។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការបួសអាស៊ីប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ "ការ​ពាក់​មួក​សុវត្ថិភាព​បាន​ត្រឹម​ត្រួវ​ពិត​ជា​អាច​កាត់​បន្ថយ​នូវ​ហានិ​ភ័យ​ក្នុង​ការ​ស្លាប់​ចំនួន​៤២ភាគរយ និង​របួស​បាន​៦៩​ភាគរយ​នៅ​ពេល​ដែល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍។ វាជាការចាំបាច់ណាស់ដែលអ្នកបើកបរម៉ូតូ និងអ្នករួម​ដំណើរគ្រប់រូប​ពាក់​មួក​សុវត្ថិ​ភាព ហើយ​យើង​សង្ឃឹម​ថា កម្មវិធី​នេះ​នឹង​បណ្តុះ​នូវ​ទម្លាប់​ល្អ​ដល់​អ្នក​ប្រើ​ប្រាស់​ផ្លូវ​វ័យ​ក្មេង​ជាច្រើន​ក្នុង​ខេត្ត​សៀមរាប"។

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
28 នាក់