គន្លឹះសម្រាប់គ្រឹះស្ថានអប់រំ

កុមារ និង​យុវជន​ជា​ច្រើន​នៅ​ប្រទេស​កម្ពុជា​  ធ្វើ​ដំណើរ​ទៅ​មក​សាលា​រៀន​ដោយ​សារ​ទោ​ចក្រ​យាន​យន្ត​ (ម៉ូតូ)​។ ដូច្នេះ​សាលា​រៀន​គឺ​ជា​កន្លែង​ដ៏​សម​ស្រប​មួយ​ក្នុង​ការ​ផ្តល់​នូវ​ការ​ណែ​នាំ​ និង​ជម្រុញ​ឲ្យ​មាន​ការ​ពាក់​មួក​សុវត្ថិ​ភាព​។ ចំណេះ​ដឹង​របស់​កុមារ​   និង​យុវជន​អំពី​ឥរិយា​បថ​សុវត្ថិ​ភាព​ចរាចរណ៍​នឹង​មាន​ភាព​រឹង​មាំ​ប្រសិន​បើ​លោក​គ្រូ អ្នក​គ្រូ​ បាន​ផ្តល់​នូវ​ចំណេះ​ដឹង​ ឬ​សារ​អប់រំ​ដូច​គ្នា​ទៅ​នឹង​ឪពុក​ម្តាយ​ ឬ​អា​ណា​ព្យា​បាល​។ ប្រសិន​បើ​សា​លា​​រៀន​លោក​អ្នក​មិន​ទាន់​បាន​លើក​កម្ពស់​សុវត្ថិ​ភាព​ចរាចរណ៍​   និង​ការ​ពាក់​មួក​សុវត្ថិ​ភាព​នៅ​ឡើយ​ សូម​ពិនិត្យ​លទ្ធ​ភាព​អនុវត្ត​តាម​ការ​ណែ​នាំ​មួយ​ចំនួន​  ដើម្បី​បង្កើន​សុវត្ថិ​ភាព​របស់​កុមារ​ និង​យុវជន​ក៏​ដូច​ជា​អត្រា​ពាក់​មួក​សុវត្ថិ​ភាព​ក្នុង​ចំណោម​ពួក​គេ​៖

ទំនាក់ទំនងមន្ត្រីប៉ូលីសប្រចាំមូលដ្ឋាន

សូមទាក់ទង​ជាមួយ​មន្ត្រី​នគរបាល​មូលដ្ឋាន​អំពី​គោល​បំណង​របស់​សាលា   ក្នុង​ការ​ងារ សុវត្ថិភាព​ចរាចរណ៍ និង បង្កើនអត្រា​ពាក់​មួកសុវត្ថិភាព​ដល់កុមារ និង​យុវជន​ហើយ​ស្នើសុំ​ជំនួយ​ពី​ពួក​គេ​ក្នុង​ការ​រឹតបន្តឹង​ការ​អនុវត្ត ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។ ការត្រួត​ពិនិត្យ​របស់​មន្រ្តី​នគរបាល​នៅ​ច្រក​ចេញ​ចូល​សាលា   ត្រូវ​បាន​គេ​កត់សំគាល់​ឃើញ​ថា​​ជា​វិធី​សាស្រ្ត​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្កើន​នូវ​ការ​ពាក់​មួកសុវត្ថិភាព

តាមដានកម្រិតនៃការពាក់មួកសុវត្ថិភាពជាប់ជាប្រចាំ

គួរដាក់បញ្ចូលនូវ​ការ​ពាក់មួក​សុវត្ថិភាព​របស់​សិស្សា​នុសិស្ស   ទៅក្នុង​របាយ​ការណ៍​ស្តីពី​ឥរិយាបថ​របស់​សិស្ស ដោយ​កត់​ត្រា​ថា តើ​កុមារ​បាន​ពាក់​មួក​សុវត្ថិភាព​ជាប់​ជា​ប្រចាំ​ក្នុង​ការ​ធ្វើ​ដំណើរ​មក​កាន់​សាលា​ដែរ​ឬទេ។ កុមារ​ដែល​ពាក់​មួកសុវត្ថិភាព​របស់​ពួក​គេ បាន​ញឹក​ញាប់​ច្រើន​ជាង​គេ ​ គួរ​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​នៅ បំណាច់​ឆ្នាំ​សិក្សា​នីមួយ​ៗ​។ 

ផ្សារភ្ជាប់សកម្មភាពជាមួយមាតាបិតាឬអាណាព្យាបាលសិស្ស

នាយក ឬនាយិកាសាលា ឬលោកគ្រូ អ្នកគ្រូ អាចជជែកអំពីសារៈសំខាន់នៃការពាក់មួកសុវត្ថិភាពនៅពេលប្រជុំប្រចាំឆមាសជាមួយមាតា បិតា ឬអាណាព្យាបាលសិស្សបើមាន។ លោកគ្រូ អ្នកគ្រូគួរតែពន្យល់ទៅមាតាបិតាសិស្សថាសាលារៀនសូមទទួចឲ្យ ពួកគាត់ការពារកូនរបស់ពួកគាត់  ដោយពាក់មួកសុវត្ថិភាពនៅលើក្បាលកូនពួកគាត់ជារៀងរាល់ថ្ងៃពេលធ្វើដំណើរទៅ មកសាលារៀន។ ប្រសិនបើមានគ្រួសារណាមួយនៅក្នុងសាលារៀនក្នុងសហគមន៍នោះមានកូនស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍  សូមអញ្ជើញពួក គាត់មកពន្យល់ដល់គ្រួសារនៃសិស្សានុសិស្សផ្សេងទៀត អំពីផលប៉ះពាល់នៃការបាត់បង់នោះចំពោះក្រុមគ្រួសារពួកគាត់។    

ដាក់​បញ្ចូលការកំណត់​អំពី​ការ​ពាក់​មួក​សុវត្ថិភាព​ទៅ​ក្នុង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សាលា

គួរធ្វើ​ការកែ​ប្រែ​បទ​បញ្ជា​ផ្ទៃក្នុង​របស់​សាលា ដោយ​ដាក់​បញ្ចូល​ការ​កំណត់​ឲ្យមាន​ការពាក់​មួក​សុវត្ថិភាព​ជាផ្នែក​មួយ​ដ៏​មាន​សារ​សំខាន់​សម្រាប់​សិស្សា​នុសិស្ស​។   នៅ​ពេល​ដែល​ណែ​នាំ​ឪពុកម្តាយ​ពី​ទី​កន្លែង​ដែល​អាច រក​ទិញ​ឯក​សណ្ឋាន​សម្រាប់​សាលា គឺ​ត្រូវ​ប្រាប់​ទាំង​ទី​កន្លែង​ដែល​អាច​រក​ទិញ​មួក​សុវត្ថិភាព​ដែល​មាន​គុណ ភាព​ខ្ពស់​សម្រាប់​កូន​ៗ​ពួក​គាត់​ផ​ង។​

សហគមន៍

ស្នើសុំឲ្យ​មាន​ការ​ធ្វើ​បទ​បង្ហាញ​មួយ​នៅ​ពេល​មាន​កិច្ចប្រជុំ​នានា  ​ក្នុង​សហគមន៍​របស់​អ្នក ដើម្បី​ពង្រីក​នូវសារអប់រំ​ទៅ​ដល់ឪពុកម្តាយ​ឲ្យ​បាន​ច្រើន  ​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​។ សារ​អប់រំ​អំពី​សុវត្ថិភាព​ចរាចរណ៍ និង ការពាក់​មួក​សុវត្ថិភាព​អាច​ធ្វើការ​ចាក់​ផ្សាយ​តាមម​ធ្យោបាយ​បំពង​សម្លេង​នានា​ដែល​មាន​នៅ​ក្នុង​សហគមន៍។

គន្លឹះសម្រាប់គ្រឹះស្ថានអប់រំ
ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
31 នាក់

Importance Of Properly Helmet Using