អង្គការមូលនិធិបង្ការរបួសអាស៊ីផ្តល់អំណោយមួកសុវត្ថិភាពដល់សិស្សានុសិស្ស ដែលស្ថិតតាមបណ្តោយផ្លូវជាតិ ប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់

អង្គការមូលនិធិបង្ការរបួសអាស៊ីផ្តល់អំណោយមួកសុវត្ថិភាពដល់សិស្សានុសិស្ស ដែលស្ថិតតាមបណ្តោយផ្លូវជាតិ ប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់

ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩

ខេត្តសៀមរាប– កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ អង្គការមូលនិធិបង្ការ​របួសអាស៊ីបាន​ប្រារព្ធ​​ពិធី​ប្រគល់មួកសុវត្ថិភាពដល់សិស្សា​នុសិស្ស​ប្រមាណ ៩៦នាក់ នៅសាលាបឋមសិក្សា​ភូមិ​អូរ​ស្ថិត​ក្នុង​ឃុំសង្វើយ ស្រុកជីក្រែង។

នៅក្នុងពិធីនេះ ក៏មានការបង្រៀនដល់សិស្សានុសិស្ស និងការពិភាក្សាជាមួយមាតាបិតា អាណាព្យាបាលសិស្សពីសារៈសំខាន់នៃការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិធានសុវត្ថិភាពចរាចរណ៍នៅរាល់ពេលធ្វើដំណើរ។ កិច្ចខិតខំប្រឹងប្រែងនេះកើតមានឡើងចំពេលវេលាដ៏មានសារៈសំខាន់សម្រាប់ការងារសុវត្ថិភាពចរាចរណ៍នៅក្នុងប្រទសកម្ពុជាគឺការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលនឹងចូលមកដល់នាពេលខាងមុខ ហើយដែលជាទូទៅគ្រោះថ្នាក់ចរាចរណ៍តែងកើតមានក្នុងតួលេខខ្ពស់។

អញ្ជើញចូលរួមក្នុងពិធីនោះរួមមាន៖ តំណាងក្រុមអ្នកជិះម៉ូតូធុនធំ Siem Reap Bike Meet ក្នុង ខេត្តសៀមរាប លោកប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំសង្វើយ តំណាងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ អង្គការមូលនិធិបង្ការរបួសអាស៊ី សិស្សានុសិស្ស គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស។

ក្រៅពីថ្លែងអំណរគុណដល់ក្រុមអ្នកជិះម៉ូតូធុនធំ Siem Reap Bike Meet ដែលបានផ្តល់ការគាំទ្រដល់កម្មវិធីផ្តល់អំណោយមួកសុវត្ថិភាព និងការអប់រំអំពីសុវត្ថិភាពចរាចរណ៍នាថ្ងៃនេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជាបានពន្យល់អំពីវិធានការឆ្លើយតបនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដោយឈរលើទស្សនៈ (ប្រភព)ទឹកដែលនៅជិតពន្លត់ភ្លើងបានរហ័ស និងមានប្រសិទ្ធិភាពខ្ពស់ជាង។ លោកបានធ្វើការប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធនឹងអ្នកជិះម៉ូតូ (រួមទាំងកុមារ) ដែលមិនពាក់មួកសុវត្ថិភាពទៅនឹងភ្លើង (អគ្គីភ័យ) ដែលកំពុង ឬអាចឆក់យកជីវិតមនុស្សនៅលើដងផ្លូវ ជាពិសេសកុមារដែលជាទ្រព្យដ៏មានតម្លៃរបស់គ្រួសារនីមួយៗ និងជាអនាគតទំពាំងស្នងឬស្សី ហើយដែលគ្រោះថ្នាក់ទាំងនេះកើតឡើងដោយសារតែការធ្វេសប្រហែស ឬមិនយកចិត្តទុកដាក់របស់ខ្លួនយើងចំពោះវិធានសុវត្ថិភាពនានា។ ដូច្នេះដើម្បីការពារទ្រព្យដ៏មានតម្លៃរបស់សង្គមជាតិ និងគ្រួសារកម្ពុជា លោកបានស្នើដល់គណៈគ្រប់គ្រងសាលា មាតាបិតា ឬអាណាព្យាបាលសិស្ស និងអាជ្ញាធរដែនដីឱ្យប្រើប្រាស់នូវ (ប្រភព) ទឹកដែលនៅជិត(វិធានសុវត្ថិភាពចរាចរណ៍នានា) ដើម្បីពន្លត់ភ្លើងដ៏មហន្តរាយនេះប្រកបដោយប្រសិទ្ធិភាព និងបានឆាប់រហ័ស ដោយមិនត្រូវរំពឹងលើតែវិធានការដែលនឹងអនុវត្តដោយអាជ្ញាធរ ឬអង្គការសង្គមស៊ីវិល/វិស័យឯកជននៅថ្នាក់ជាតិ ឬថ្នាក់ខេត្ត។ ក្នុងន័យនេះ លោកបានស្នើឱ្យមាតាបិតា ឬអាណាព្យាបាលសិស្សត្រូវធ្វើជាគំរូល្អ និងក្រើនរំលឹកឱ្យបានជាប់ជាប្រចាំដល់កូនៗរបស់ខ្លួន ឱ្យប្រកាន់យកឥរិយាបទសុវត្ថិភាពរាល់ពេលធ្វើដំណើរ ជាពិសេសនៅពេលទៅមកសាលារៀន និងត្រូវទិញ/ផ្តល់មួកសុវត្ថិភាពឱ្យកូនៗរបស់ខ្លួនពាក់រាល់ពេលធ្វើដំណើរតាមម៉ូតូ ទោះទៅទីជិត ឬឆ្ងាយ។ ដោយឡែក គណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូត្រូវធ្វើការអប់រំ និងផ្សព្វផ្សាយដល់សិស្សានុសិស្សតាមកម្មវិធីសិក្សា និងឱ្យបានញឹកញាប់ ព្រមទាំងពិនិត្យលទ្ធភាពកៀរគរពីវិស័យឯកជនក្នុងឃុំ និងស្រុករបស់ខ្លួនឱ្យផ្តល់ការគាំទ្រដល់សកម្មភាពសុវត្ថិភាពចរាចរណ៍ ជាពិសេសការផ្តល់់ជាមួកសុវត្ថិភាពសម្រាប់សិស្សានុសិស្សដែលធ្វើដំណើរតាមម៉ូតូ និងកង់។ ក្នុងករណីចាំបាច់ សាលាអាចពិភាក្សាជាមួយអាជ្ញាធរឃុំ ដើម្បីស្នើសុំការគាំទ្រពីក្រុមការងារចុះជួយមូលដ្ឋានក្នុងឃុំរបស់ខ្លួនឱ្យពិនិត្យលទ្ធភាពក្នុងការកៀងគរធនធានសម្រាប់គាំទ្រដល់សកម្មភាពសុវត្ថិភាពចរាចរណ៍ ជាពិសេសការផ្តល់់ជាមួកសុវត្ថិភាពសម្រាប់សិស្សានុសិស្សឱ្យបានគ្រប់ៗគ្នាដើម្បីការពារធនធានដ៏សំខាន់ក្នុងគ្រួសាររបស់ពលរដ្ឋ និងសហគមន៍ដែលក្រុមការងារនេះទទួលបន្ទុកជួយគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន។

លោក Dean McLachlan អ្នកនាំពាក្យសម្រាប់ក្រុមអ្នកជិះម៉ូតូធុនធំដែលផ្តួចផ្តើមឱ្យមានកម្មវិធី Siem Reap Bike Meet ដើម្បីរៃអង្គាសថវិកាសម្រាប់ការផ្តល់អំណោយមួកសុវត្ថិភាព និងចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍បានឱ្យដឹងថា៖ “ក្រៅពីការជិះម៉ូតូ យើងបានយកចិត្តទុកដាក់លើការអប់រំអំពីសុវត្ថិភាពចរាចរណ៍ សុវត្ថិភាពរបស់អ្នកបើកបរ និងការជំរុញឱ្យមានសហគមន៍អ្នកជិះម៉ូតូ ធុនធំប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការរួមចំណែក្នុងសង្គម”។ លោកបានបញ្ជាក់បន្ថែមថា៖ “យើងមានមោទនភាពដែលអាចចែករំលែកនូវសារនេះ និងប្រកាសផ្តើមសកម្មភាព "មួកសុវត្ថិភាពសម្រាប់កុមារ"។ “ព្រឹត្តិការណ៍នេះអាចប្រព្រឹត្តិទៅបានដោយសារតែការចូលរួមប្រកបដោយទឹកចិត្តសប្បុរសធម៌របស់សហគមន៍អ្នកជិះម៉ូតូធុនធំក្នុងស្រុក និងភាពជាដៃគូរបស់យើងជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ី"។

លោក សាយ សែត នាយកសាលាបឋមសិក្សា ភូមិអូរបានមានប្រសាសន៍ថា៖ “ការផ្តល់អំណោយមួកសុវត្ថិភាព និងការអប់រំអំពីសុវត្ថិភាពចរាចរណ៍ដល់សិស្សានុសិស្សនាពេលនេះពិតជាមានសារៈសំខាន់ក្រៃលែងសម្រាប់ការពារដល់សិស្សានុសិស្សពីការរងរបួសក្បាលធ្ងន់ធ្ងរដែលអាចនាំឱ្យស្លាប់នៅពេលជួបគ្រោះថ្នាក់ចរាចរណ៍”។ លោកបានបន្ថែមទៀតថា៖ “យើងប្តេជ្ញាចិត្តក្នុងការបំពេញការងារជាមួយមាតាបិតា អាណាព្យាបាលសិស្ស និងដៃគូពាក់ព័ន្ធដើម្បីជំរុញឱ្យការពាក់មួកសុវត្ថិភាពក្លាយជាការចាំបាច់មួយរបស់សិស្សានុសិស្សនៅពេលដែលពួកគេធ្វើដំណើរទៅមកសាលារៀន”។

សូមបញ្ជាក់ថាសាលាបឋមសិក្សាភូមិអូរ ត្រូវបានជ្រើសរើសសម្រាប់ការផ្តល់អំណោយមួកសុវត្ថិភាពដោយសាលារៀនមួយនេះមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ៦ គឺជាផ្លូវជាតិមួយក្នុងចំណោមបណ្តាផ្លូវជាតិដទៃទៀតដែលមានចំនួនគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ក្នុងមួយឆ្នាំៗ។ ក្នុងឆ្នាំសិក្សាកន្លងទៅមានករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងហោចណាស់ ៣ករណីដែលបានកើតឡើងចំពោះសិស្សានុសិស្សនៅសាលាបឋមសិក្សាមួយនេះ។

Make a Pledge
I support the immediate enforcement for child helmet use
1019 pledges made