អំពីយើង

អំពីគេហ​ទំ​ព័រ​អប់​រំ​ www.saferoads.org.kh

ទំព័រ​អប់​រំ  www.saferoads.org.kh     គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​នាការ​អប់រំ​ផ្សព្វ​ផ្សាយ​ជា​សា​ធា​រណៈ​នៃ​“គម្រោង​មួក​សុវត្ថិ​ភាព​មួយ​ជួយ​ជីវិត​បាន​ម្នាក់” ​ដែល​មាន​គោល​បំ​ណង​​ជំរុញ​ការ​ពាក់​មួក​សុវត្ថិ​ភាព​ក្នុង​ចំណោម​អ្នក​រួម​ដំណើរ​តាម​ទោ​ចក្រ​យាន​យន្ត​ព្រម​ទាំង​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា

“គម្រោង​មួក​សុវត្ថិ​ភាព​មួយ​ជួយ​ជីវិត​បាន​ម្នាក់”​ ត្រូវ​បាន​បង្កើត​និង​ដឹក​នាំ​អនុវត្ត​ដោយ​អង្គ​ការ​មូល​និធិ​បង្ការ​របួស​អាស៊ី​ដោយ​បាន​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​ និង​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ហើយ​បាន​ទទួល​ការ​គាំទ្រ​ថវិកា​ពី​ទី​ភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរ​ជាតិ​​(USAID) ​និង​ម្ចាស់​ជំនួយ​ជា​ច្រើន​ទៀត។

អំពីអង្គការមូលនិធិបង្ការរបួស អាស៊ី​  

បេសក​កម្ម​របស់​អង្គ​​ការ​មូល​និធិ​បង្ការ​របួស​ អាស៊ី គឺ​ផ្តល់​ចំណេះ​ដឹង​និង​ជំនាញ​អំពី​សុវត្ថិ​ភាព​ចរា​ចរណ៍​ដើម្បី​សង្គ្រោះ​ជីវិត​ ដល់​បណ្តា​​ប្រទេស​​កំពុង​អភិ​វឌ្ឍន៍​ក្នុង​គោល​ដៅ​បង្ការ​ការ​ស្លាប់  ​    និង​ការ​រង​របួស​ក្បាល​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍។

អង្គការ​មូល​និធិ​បង្ការ​របួស​ អាស៊ី​ ធ្វើ​ការ​ក្នុង​ភាព​ជា​ដៃ​គូ​ជា​មួយ​រដ្ឋា​ភិ​បាល​និង​សហ​គមន៍​នៃ​បណ្តា​ប្រទេស​នានា​ក្នុង​​ពិភព​លោក​តាម​រយៈ​វិធី​សាស្ត្រ​ចំបង​ចំនួន​ប្រាំ​ ដែល​រួម​មាន៖​​ ការ​អប់រំ​សិក្សា​ ការ​ផ្សព្វ​ផ្សាយ​ដើម្បី​ការ​ផ្លាស់​ប្តូរ ​ការ​ទាក់​ទាញ​មតិ​ដើម្បី​ការ​គាំទ្រ​ ការ​ឧបត្ថម្ភ​មួក​សុវត្ថិ​ភាព​  និង​ការ​ស្រាវ​ជ្រាវ​និង​វាយ​តម្លៃ។

ទស្សនវិស័យ

ពិភពលោកមួយដែល៖

  • ផ្លូវ​មាន​សុវត្ថិ​ភាព ​មាន​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ដ៏​ឆ្លាត​វៃ ​និង​បរិស្ថាន​សុវត្ថិ​ភាព​ចរា​ចរណ៍​បំរើ​ដល់​ប្រជា​ពល​រដ្ឋ​និង​សេដ្ឋ​កិច្ច​ដែល​កំពុង​អភិវឌ្ឍន៍។
  • វិស័យ​ឯក​ជន​ រដ្ឋាភិ​បាល​ និង​ស្ថាប័ន​សាធារណៈ​មាន​ការ​សហ​ការ​គ្នា​ដើម្បី​ផ្លាស់​ប្តូរ​វិស័យ​សុវត្ថិ​ភាព​ចរា​ចរណ៍​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង​និរន្តរ​ភាព។
  • ផ្តល់​អំណាច​និង​ការ​អប់រំ​ដល់​ប្រជា​ពល​រដ្ឋ​ម្នាក់ៗ​ដើម្បី​អាច​ឲ្យ​ពួក​គេ​ធ្វើការ​សម្រេច​ចិត្ត​ប្រកប​ដោយ​បញ្ញា​ញាណ​អំពី​សុវត្ថិ​ភាព​ចរា​ចរណ៍​និង​សន្តិ​សុខ​ពេល​ធ្វើ​ដំណើរ​ ទាំង​ក្នុង​នាម​ពួក​គេ​ជា​អ្នក​បើក​បរ​ឬ​អ្នក​រួម​ដំណើរ។

ឧបសគ្គ

ក្នុង​ឆ្នាំ​២០១៣ ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បាន​បណ្តាល​ឲ្យ​មនុស្ស​១៩៦០​នាក់​ស្លាប់​ និង​១៤២២៧​រង​របួស​ដែល​ធ្វើ​ឲ្យ​ខាត​បង់​ថវិកា​ប្រហែល​៣៣៧​លាន​ដុល្លា​សហ​រដ្ឋ​អាមេរិក​គឺ​ស្មើ​នឹង​២,១​ភាគ​រយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប។

ក្នុង​ឆ្នាំ​ដដែល​នេះ ​ស្ទើរ​តែ​៩០​ភាគ​រយ​នៃ​យាន​យន្ត​ដែល​បាន​ចុះ​បញ្ជី​ជា​ទោ​ចក្រ​យាន​​យន្ត​ ប៉ុន្តែ​ការ​ប្រើ​ប្រាស់​មួក​សុវត្ថិ​ភាព​នៅ​តែ​មាន​កំរិត​ទាប។ របាយ​ការណ៍​របស់​អង្គការ​សុខ​ភាព​​ពិភព​​លោក​បាន​បង្ហាញ​ថា​មាន​ត្រឹម​តែ​៦៥​ភាគ​រយ​នៃ​អ្នក​បើក​បរ  និង​៩​ភាគ​រយ​នៃ​អ្នក​រួម​ដំណើរ​តាម​ទោចក្រ​យាន​យន្ត​ប៉ុណ្ណោះ​ដែល​ពាក់​មួក​សុវត្ថិ​ភាព​នៅ​លើ​ដង​ផ្លូវ​ក្នុង​ប្រទេស​កម្ពុជា។​​ ក្នុង​ឆ្នាំ​ដដែល​នេះ​ដែរ​ ៦៩​ភាគ​រយ​នៃ​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​គឺ​ជា​អ្នក​ប្រើ​ប្រាស់​ទោ​ចក្រ​យាន​យន្ត​ ហើយ​៦២​ភា​គ​រយ​នៃ​អ្នក​ស្លាប់​ទាំង​នោះ​បាន​រង​ការ​ប៉ះ​ទង្គិច​ក្បាល។

ទោះ​បី​ជា​ច្បាប់​បាន​កំណត់​ឲ្យ​អ្នក​បើក​បរ​ទោចក្រ​យាន​យន្ត​ពាក់​មួក​សុវត្ថិ​ភាព​ជា​យូរ​ឆ្នាំ​ហើយ​ក៏​ដោយ​ ក៏​ទើប​តែ​ដើម​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក​ថ្មី​បាន​កំណត់​ការ​ពាក់​មួក​សុវត្ថិ​ភាព​សម្រាប់​អ្នក​រួម​ដំណើរ​ព្រម​ទាំង​កុមារ។

គោលបំណង

ដើម្បី​បង្កើន​អត្រា​ពាក់​មួក​សុវត្ថិ​ភាព​ក្នុង​ចំណោម​អ្នក​រួម​ដំណើរ​តាម​ទោ​ចក្រ​យាន​យន្ត​​​ ក្នុង​រាជ​ធានី​ភ្នំពេញ ​ខេត្ត​កណ្តាល ​និង​​ខេត្ត​កំពង់​ស្ពឺ​ ​ឲ្យ​​បាន​​ ៨០%​នៅ​ឆ្នាំ​២០១៦។

កម្ម​វិធី​ការ​ងារ​របស់​អង្គ​ការ​មូល​និធិ​បង្ការ​របួស ​អាស៊ី ប្រចាំ​ប្រទេស​កម្ពុជា

អង្គ​ការ​មូល​និធិ​បង្កា​រ​​របួស​ អាស៊ី​ រដ្ឋា​ភិបាល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ដៃ​គូ​ផ្នែក​ឯក​ជន​ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​បាន​ចាប់​ផ្តើម​​​អនុ​វត្ត​​​កម្ម​​វិធី​​មួក​​សុវត្ថិ​​ភាព​​ជា​​ថ្នាំ​​បង្ការ​​ជីវិត​សាកCHVI)នៅឆ្នាំ២០១០​ ដោយ​មាន​កម្ម​វិធី​ការងារ​ដូច​ខាង​ក្រោម៖

  • កម្ម​វិធី​អប់រំ​តាម​គ្រឹះ​ស្ថាន​អប់រំ​សិក្សា៖  បង្កើន​កំរិត​ពាក់​មួក​សុវត្ថិ​ភាព​នៅ​តាម​សាលា​រៀន​គោល​ដៅ​ដោយ​ផ្តល់​មួក​សុវត្ថិ​ភាព​ដោយ​ឥត​គិត​ថ្លៃ​  និង​ការ​បណ្តុះ​​​​​បណ្តាល​អំពី​សុវត្ថិ​ភាព​ចរា​ចរណ៍ ​និង​ការ​ពាក់​មួក​សុវត្ថិ​ភាព​
  • កម្ម​វិធី​ផ្លាស់​ប្តូរ​ឥរិយាបថ៖ ផ្លាស់​ប្តូរ​ឥរិយាបថ​នៃ​ការ​ពាក់​មួក​សុវត្ថិ​ភាព​ក្នុង​ចំណោម​អ្នក​រួម​ដំណើរ​​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​  យុទ្ធនា​ការ​អប់​រំ​តាម​ដង​ផ្លូវ​   និង​​យុទ្ធនា​ការ​អប់រំ​តាម​សហគមន៍
  • កម្ម​វិធី​លើក​កម្ពស់​បរិយា​កាស​អំណោយ​ផល៖​ គាំ​ទ្រ​​ការ​​អនុ​​ម័ត​​និង​​ការ​​​អនុវត្តន៍​​ច្បាប់​​ដែល​កំណត់​ឲ្យ​អ្នក​រួម​ដំណើរ​តាម​ទោ​ចក្រ​យាន​យន្ត​ព្រម​ទាំង​កុមារ​ត្រូវ​តែ​ពាក់​មួក​សុវត្ថិ​ភាព​តាម​រយៈ​ការ​ធ្វើការ​រួមគ្នា​ជាមួយ​ដៃគូ។