អ្នកពាក់ព័ន្ធប្រមាណ ៣៥០ នាក់ជួបជុំគ្នាក្នុងសន្និសីទប្រចាំឆ្នាំលើកទី ២ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា

អ្នកពាក់ព័ន្ធប្រមាណ ៣៥០ នាក់ជួបជុំគ្នាក្នុងសន្និសីទប្រចាំឆ្នាំលើកទី ២ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី ៤-៥ ខែកញ្ញាឆ្នាំ ២០១៩ 

សន្និសីទប្រចាំឆ្នាំលើកទី២ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជាបានប្រមូលផ្តុំរួមគ្នានូវអ្នកបង្កើត គោលនយោបាយ ស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកតស៊ូមតិលើការងារសុវត្ថិភាពចរាចរណ៍ 

ដើម្បីគាំទ្រដល់សកម្មភាពទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់អង្គការសហប្រជាជាតិ (ឆ្នាំ២០១១-២០២០) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ អ្នកចូលរួមប្រមាណជាង ៣៥០នាក់បានជួបប្រជុំគ្នានៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញនាថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រជាក់ស្តែង និងការផ្លាស់ប្តូរ ព័ត៌មាន ក៏ដូចជាចូលរួមក្នុងការត្រួតឡើងវិញនូវផែនការសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងទសវត្សរ៍បច្ចុប្បន្ន និងការចែករំលែកនូវអនុសាសន៍របស់ពួកគេសម្រាប់ការបង្ការគ្រោះថ្នាក់ចរាចរណ៍នាពេលអនាគត។ សន្និសីទនេះត្រូវបានរៀបចំឡើងដោយអង្គការមូលនិធិបង្ការរបួសអាស៊ី និងអង្គការសម្ព័ន្ធភាពដើម្បីសុវត្ថិភាពចរា ចរណ៍ផ្លូវគោក (CRY) ដោយមានការសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (NRSC)។

ប្រធានបទសំខាន់ៗ និងការផ្តោតការយកចិត្តទុកដែលលើកយកមកពិភាក្សាគឺប្រមូលផ្តុំទៅលើការឆ្លើយតបនឹង “សកម្មភាពជាអាទិភាពទាំងប្រាំបី” នៃសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ប្រទេសកម្ពុជារួមមាន៖អាកប្បកិរិយាប្រកបដោយសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផ្លូវថ្នល់, សុវត្ថិភាពហេដ្ឋារចនាសម័្ពន្ធផ្លូវថ្នល់, ការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍, សុវត្ថិភាពយានយន្ត, ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសង្គ្រោះបន្ទាន់វេជ្ជសាស្រ្ត, វិសោធនកម្មច្បាប់ និងការពង្រឹងការអនុវត្តច្បាប់, បណ្ណបើកបរ និងការគ្រប់គ្រង និងវាយតម្លៃទៅលើសុវត្ថិភាពដឹកជញ្ជូនអ្នកដំណើរនិងទំនិញ។

កិច្ចពិភាក្សាបានគ្របដណ្ដប់លើបញ្ហាប្រឈម និងការខាតបងទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាអន្តរាគមន៍ដ៏សំខាន់ៗ ដែលត្រូវអនុវត្តសំដៅជួយពន្លឿនវឌ្ឍនភាពឆ្ពោះទៅកាន់គោលដៅសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ប្រទេសកម្ពុជាក្នុងទសវត្សរ៍នេះ។ សន្និសីទបានពិភាក្សាពីភាពជោគជ័យរបស់ប្រទេសកម្ពុជាក្នុងវិស័យផ្សេងទៀត និងពីវិធីដែលអាចប្រើប្រាស់នូវបទពិសោធន៍ប្រកបដោយជោគជ័យទាំងនេះចំពោះបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាការចូលរួមពីប្រព័ន្ធផ្សព្វផ្សាយ តួនាទីរបស់ក្រុមហ៊ុនដឹកជញ្ជូន, វិស័យឯកជន និងតួនាទីរបស់សង្គមស៊ីវិលក្នុងការធ្វើឱ្យសុវត្ថិភាពចរាចរណ៍ផ្លូវគោកមានភាពល្អប្រសើរឡើង។

លោកគឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា និងជាអ្នករៀបចំឱ្យមានកិច្ចពិភាក្សាជាច្រើននៅក្នុងសន្និសីទរួមមានអំពីការពាក់មួកសុវត្ថិភាព ការបើកបរហួសល្បឿនកំណត់ និងការបើកបរដោយមិនយកចិត្តទុកដាក់។ល។ បានមានប្រសាសន៍ថា៖“ ដោយសារស្ថានភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជាឈានដល់ចំណុចមួយដែលមានមនុស្សយ៉ាងតិចណាស់ ៥នាក់បានស្លាប់បាត់បង់ជីវិត និង ១៣នាក់ផ្សេងទៀតទទួលរងរបួសធ្ងន់ធ្ងរជាមធ្យមដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ យើងពិតជាមានតម្រូវការនូវវិធានការឆ្លើយតបដែលមានប្រសិទ្ធភាពខ្ពស់ជាចាំបាច់។ អនុសាសន៍ដែលបានលើកឡើងនៅក្នុងសន្និសិទនេះ នឹងជួយបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការបង្ការគ្រោះថ្នាក់ចរាចរណ៍ដ៏មានប្រសិទ្ធភាពនាពេលអនាគត។

រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តជាផ្លូវការនូវផែនការសកម្មភាពទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ អង្គការសហប្រជាជាតិនាឆ្នាំ២០០៩ និងបានប្រកាសជាផ្លូវការនូវការប្តេជ្ញាចិត្តរបស់ខ្លួននៅខែឧសភា ឆ្នាំ ២០១១។ នៅឆ្នាំ២០១៥ រដ្ឋាភិបាលកម្ពុជាបានគាំទ្រដោយផ្ទាល់នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

នៅក្នុងសន្និសីទឆ្នាំនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា៖   “ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំសូមគាំទ្រ និងទទួលយកនូវលទ្ធផលនៃការពិភាក្សា និងទិសដៅដែលកើតចេញពីការពិភាក្សារយៈពេល២ថ្ងៃកន្លងទៅនេះ និងត្រៀមបន្តសហការជាមួយដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជនដើម្បីយកបទពិសោធន៍មកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍”។ ទន្ទឹមនឹងការកោតសរសើរ និងថ្លែងអំណរគុណដល់បណ្តាក្រុមហុនដែលចូលរួមគាំទ្រដល់សន្និសីទប្រចាំឆ្នាំលើកទី២ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានធ្វើការអំពាវនាវឱ្យដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការដៃគូពាក់ព័ន្ធឱ្យបន្តឧបត្ថម្ភគាំទ្របន្ថែមទៀតដើម្បីឱ្យគណៈកម្មាធិការជាតិមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តសកម្មភាពដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។


ដៃគូពាក់ព័ន្ធ អ្នកតស៊ូមតិ និងតំណាងស្ថាប័នផ្សេងៗមានឱកាសដើម្បីកសាងបណ្តាញទំនាក់ទំនងជាមួយមន្រ្តីរដ្ឋាភិបាលដើម្បីបង្កើតភាពជាដៃគូ និងចូលរួមពាក់ព័ន្ធក្នុងសកម្មភាពទាក់ទាញមតិផ្នែកច្បាប់ដោយផ្ទាល់ ក៏ដូចជារួមចំណែកក្នុងការកសាងផែនការសកម្មភាពទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្មី (ឆ្នាំ២០២១-២០៣០)។
អ្នកឧបត្ថម្ភគាំទ្រសំខាន់ៗក្នុងសន្និសីទរួមមាន៖ មូលនិធិយូក្រុមហ៊ុនយូភីអេស ក្រុមហ៊ុនមេនូឡាយហ្វ៍    ខេមបូឌា ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងក្រុមហ៊ុន Cambodia Airports។ អ្នកចូលរួមឧបត្ថម្ភគាំទ្របន្ថែមផ្សេងទៀតរួមមានក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ក្រុមហ៊ុនអ៊ីហ្ស៊ីខម, ក្រុមហ៊ុនរ៉ូយ៉ាល់ខេមបូឌាលីម៉ូ ស៊ីនសឺវីស, ក្រុមហ៊ុនជីពម៉ុង ក្រុមហ៊ុនតូតាល់កម្ពុជា ក្រុមហ៊ុន ឡារីតា អិចប្រេស និងក្រុមហ៊ុន Giant Ibis Transport។

លោក Eduardo Martinez ប្រធានមូលនិធិក្រុមហ៊ុនយូភីអេស (The UPS Foundation) បានឱ្យដឹងថា៖ “យើងមានក្តីរំភើបចិត្តយ៉ាងខ្លាំងដែលបានឃើញអ្នកពាក់ព័ន្ធមកពីរដ្ឋាភិបាល, វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាលមកជួបជុំគ្នានៅក្នុងសន្និសីទ ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា។ ក្នុងនាមជាមូលនិធិរបស់ក្រុមហ៊ុនឯកជនដំបូងគេមួយដែលចូលរួមគាំទ្រដល់ផែនការសកម្មភាពទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់អង្គការសហប្រជាជាតិចាប់តាំងឆ្នាំ២០១១ មូលនិធិក្រុមហ៊ុនយូភីអេស មានការប្តេជ្ញាចិត្តចូលរួមធ្វើឱ្យដងផ្លូវ និងអ្នកបើកបរកាន់តែមានសុវត្ថិភាពនៅគ្រប់ទីកន្លែង។ លើសពីសន្និសីទនេះ យើងបានធ្វើការជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ីដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានអនុវត្តសកម្មភាពនៅក្នុងប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ាផងដែរ។ ជាសរុប ប្រជាពលរដ្ឋប្រមាណជាង ៤១លាននាក់ បានទទួលផលពីសកម្មភាពការងារដែលអនុវត្តនៅតាមប្រទេសទាំងនេះពាក់ព័ន្ធការពាក់មួកសុវត្ថិភាព ហើយយើងបានផ្តល់មួកសុវត្ថិភាពប្រមាណជាង ៥១.០០០មួកគិតក្នុងឆ្នាំ២០១៨ ដើម្បីលើកកម្ពស់ការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព។”

ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា លោកជំទាវ Angela Corcoran ថ្លែងថា៖ “រដ្ឋាភិបាលអូស្រ្តាលីមានមោទនភាពជួយគាំទ្រឧបត្ថម្ភទៅដល់គម្រោងដ៏សំខាន់នេះដើម្បីជួយលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ ដែលជាកត្តាចំបងបង្កឲ្យមានការស្លាប់ ពិការភាព និង ការរងរបួសធ្ងន់ធ្ងរនៅកម្ពុជា”។ ឯកអគ្គរាជទូតអូស្រ្តាលី បន្ថែមថា “រៀងរាល់ថ្ងៃ ពលរដ្ឋកម្ពុជាចំនួនប្រាំរូប បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលគ្រោះថ្នាក់នោះយើងអាចទប់ស្កាត់បាន”។

ឯកអគ្គរាជទូតអូស្ត្រាលីបានលើកឡើងថា “រដ្ឋាភិបាលអូស្រ្តាលីគឺជាអ្នកគាំទ្រឧបត្ថម្ភគោលសម្រាប់កម្មវិធី យុវជនគំរូដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០១៦-២០១៧ របស់ AIP Foundation ដែលបានផ្តល់ជូនមួកសុវត្ថិភាពចំនួន ៧០០មួក និងការពង្រឹងចំណេះដឹងអំពីសុវត្ថិភាពក្នុងការធ្វើដំណើរលើផ្លូគោកទៅដល់ប្រជាពលរដ្ឋចំនួនជាង១៤៥០០នាក់”។ ឯកអគ្គរាជទូតបន្តទៀតថា “រដ្ឋាភិបាលអូស្ត្រាលីក៏បានចូលរួមផ្តល់ជំនួយទៅដល់សកម្មភាពពិគ្រោះផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងកិច្ចពិភាក្សាជាមួយសហគមន៍នៅតាមផ្លូវជនបទប្រវែង ១២០០គម ដែលកំពុងតែត្រូវបានសាងសង់ក្រោម គម្រោងកែលម្អផ្លូវជនបទជំហានទី២ ដឹកនាំដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងអភិវឌ្ឍន៍ជនបទ”។

លោក Robert Elliott អគ្គនាយក និងជានាយកចាត់ចែងទូទៅក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា បានលើកឡើងថា៖  “យើងមានសេចក្តីសោមនស្សរីករាយណាស់ក្នុងការបំពេញការងារជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ី និងរាជរដ្ឋាភិបាលកម្ពុជាដើម្បីផ្តល់នូវអនាគតល្អប្រសើរ និងសុវត្ថិភាពសម្រាប់ក្រុមគ្រួសារនៅក្នុងសហគមន៍នានាដែលយើងអនុវត្តការងារ។ ចាប់តាំងពីឆ្នាំ២០១២ យើងបានគាំទ្រ និងផ្តល់ការអប់រំ និងជំនាញអំពីសុវត្ថិភាពចរាចរណ៍ដល់សិស្សានុសិស្សច្រើនជាង ៦០០០នាក់ លោកគ្រូអ្នក អ្នកគ្រូ និងអាណាព្យាបាលសិស្សជាង ១០ ០០០នាក់។”លោកបានបន្ថែមទៀតថា៖  “ខ្ញុំមានមោទនភាពណាស់ដែលមានឱកាសចូលរួមចំណែក និងគាំទ្រដល់សន្និសីទប្រចាំឆ្នាំជាលើកទី២។ ខ្ញុំពិតជាមានសុទិដ្ឋិនិយមខ្លាំងថា សន្និសីទនេះនឹងក្លាយជាការរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យសាធារណៈជនមានការយល់ដឹងកាន់តែប្រសើរឡើងអំពីសុវត្ថិភាពចរាចរណ៍ និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់តាម       រយៈការសហការគ្នាពីអ្នកដែលពាក់ព័ន្ធទាំងអស់។”

លោក Alain BRUN អគ្គនាយកក្រុមហ៊ុន Cambodia Airports បានមានប្រសាសន៍ “ភាគច្រើននៃការរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ យើងអាចបង្ការបាន។ ការអនុវត្តនូវអន្តរាគមន៍ដ៏មានប្រសិទ្ធិភាពអាចជួយកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករងរបួសធ្ងន់ធ្ងរបាន”។ លោកបានបន្ថែមថា ក្រុមហ៊ុន Cambodia Airports គឺជាកន្លែងយុទ្ធសាស្ត្រសម្រាប់បញ្ជូនសារអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកពីព្រោះយើងជាកន្លែងនៃផ្លូវប្រសព្វគ្នារវាង អ្នកបើកបរតាក់ស៊ី អ្នកបើកបរត្រីចក្រយានយន្ត (Tuk Tuk) និងអ្នកដំណើរ។ លើសពីនេះទៅទៀត យើងបានមើលឃើញយ៉ាងច្បាស់ពីភាពស្របគ្នារវាងគោលបំណងនៃអង្គសន្និសីទដើម្បីត្រៀមសម្រាប់ទសវត្សរ៍ថ្មីនេះ ទៅនិងការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្ការការរងរបួសក្នុងពេលធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា រួមទាំងក្នុងចំណោមនិយោជិតរបស់យើងផងដែរ”។

នៅក្នុងសន្និសីទឆ្នាំនេះ លោកជំទាវ មឺន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា៖ “គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកគាំទ្រយុទ្ធសាស្ត្រ និងសកម្មភាពដែលបានពិភាក្សានៅថ្ងៃនេះដោយបានធ្វើការអំពាវនាវដល់ស្ថាប័នរដ្ឋាភិបាល, អង្គការសង្គមស៊ីវិល, វិស័យឯកជន, យុវជន និងសាធារណជន ឱ្យមានវិធានការ និងសហប្រតិបត្តិការដើម្បីកាត់បន្ថយ និងបង្ការការស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍”។

About AIP Foundation

AIP Foundation is a nonprofit organization dedicated to preventing road injuries and fatalities in low- and middle-income countries. For more than 18 years, AIP Foundation has been delivering effective road safety programs in locations across Asia and Africa. To find out more, visit www.aip-foundation.org or connect with us on Twitter @AIPFoundation.

For media contact:

Gabby Cohen, Communications Coordinator, AIP Foundation
74 Mac Dinh Chi Street, Da Kao Ward, District 1, Ho Chi Minh City, Vietnam
Tel: (+84-28) 6299-1409 Ext. 128
Email: gabby.cohen@aipf-vietnam.org   
 

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
1013 នាក់