សិស្សានុសិស្សចំនួន៩៦នាក់ បានទទួលអំណោយមួកសុវត្ថិភាព និងការអប់រំសុវត្ថិភាពចរាចរណ៍
រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥ ៖
ក្នុងសប្តាហ៍នេះ ចាប់ពីថ្ងៃទី០៤ ដល់ទី១០ ខែឧសភា គឺជាទិវាសប្តាហ៍សុវត្ថិភាពចរាចរណ៍សាកលរបស់អង្គការសហប្រជាជាតិលើកទី៣។ យុទ្ធនាការសម្រាប់ទិវាសប្តាហ៍សុវត្ថិភាពចរាចរណ៍សាកលរបស់អង្គការសហប្រជាជាតិនាឆ្នាំនេះគឺ មានឈ្មោះថាជួយសង្គ្រោះជីវិតកុមារ (យោងទៅតាមប្រធានបទកុមារ និងសុវត្ថិភាពចរាចរណ៍។ យុទ្ធនាការអនុវត្តដើម្បីរំលេចពីស្ថានភាពដ៏ប្រឈមនឹងគ្រោះថ្នាក់របស់កុមារនៅលើដងផ្លូវក្នុងពិភពលោកនិងដើម្បីអំពាវនាវដល់មេដឹកនាំទាំងឡាយឲ្យចាត់វិធានការទៅលើសុវត្ថិភាពចរាចរណ៍ដល់កុមារ និងដាក់បញ្ចូលបញ្ហានេះជារបៀបវារៈនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាពក្រោយឆ្នាំ២០១៥។
ក្នុងន័យគាំទ្រដល់ទិវាសប្តាហ៍សុវត្ថិភាពចរាចរណ៍សាកលរបស់អង្គការសហប្រជាជាតិ
ថ្ងៃនេះសិស្សានុសិស្សចូលថ្មីចំនួន ៩៦នាក់ បានទទួលអំណោយមួកសុវត្ថិភាពដែលជាផ្នែកមួយនៃអង្គពិធីដែលរៀបចំឡើងដោយអង្គការមូលនិធិបង្ការរបួសអាស៊ី ដោយមានការគាំទ្រពី
ក្រុមហ៊ុនមេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី។ អង្គពិធីដែលអនុវត្តនៅសាលាបឋមសិក្សាសំពៅមាស គឺជាការផ្តោតលើការលើកកម្ពស់ការយល់ដឹងដល់សិស្សានុសិស្សអំពីឥរិយាបថសុវត្ថិភាពចរាចរណ៍ ខណៈពេលដែលមានការអំពាវនាវឱ្យអាជ្ញាធរប្តេជ្ញាចិត្តធ្វើឲ្យផ្លូវថ្នល់កាន់តែមានសុវត្ថិភាពសម្រាប់កុមារ។
តំណាងមកពីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក, អគ្គស្នងការដ្ឋាននគរបាលជាតិ មន្ទីរអប់រំ យុវជននិងកីឡា រាជធានីភ្នំពេញ និង ក្រុមហ៊ុនមេនូឡាយហ្វ៍ បានចូលរួមជាអធិបតីក្នុងអង្គពិធីនេះរួមជាមួយនឹងគណៈគ្រប់គ្រងសាលា
តំណាងសិស្សានុសិស្ស និងមាតាបិតា អាណាព្យាលបាលសិស្ស។
លោក ព្រំ វន្ថា តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា៖ ”បើយោងតាមប្រព័ន្ធព័ត៌មានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ បានបង្ហាញថារាជធានីភ្នំពេញមានចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ជាងគេបំផុតនៅទូទាំងប្រទេសដែលចំនួននេះមាន ប្រហែល១៥ភាគរយនៃគ្រោះថ្នាក់សរុប”។ លោកបានបន្ថែមទៀតថា៖ “កុមារ
និងយុវជនគឺជា ក្រុមអ្នកប្រើប្រាស់ផ្លូវដែលងាយរងគ្រោះបំផុតដោយសារគ្រោះថ្នាក់ចរាចរណ៍។ យើងសូមផ្តល់ជាអនុសាសន៍ឲ្យមានការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ហើយចំណេះដឹងសុវត្ថិភាពចរាចរណ៍គួរតែត្រូវបានផ្សព្្វផ្សាយតាមរយៈយុទ្ធនាការលើកកំពស់ការយល់ដឹងជាសាធារណៈ និងសកម្មភាពអប់រំនានា” ។
លោក Robert Elliott ប្រធាននាយកប្រតិបត្តិ និងជាអគ្គនាយកក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ “គោលដៅរបស់យើងគឺដើម្បីជួយផ្តល់នូវអនាគតកាន់តែប្រសើរ សម្រាប់កុមារកម្ពុជា
និងក្រុមគ្រួសារ។ ការអប់រំអំពីសុវត្ថិភាពចរាចរណ៍គឺមានសារសំខាន់ណាស់សម្រាប់ការពារកុមារ និងក្រុមគ្រួសាររបស់ពួកគេ។ ខ្ញុំជឿថាការផ្តល់អំណោយមួកសុវត្ថិភាពរួមជាមួយនឹងសកម្មភាព សុវត្ថិភាពចរាចរណ៍នឹងផ្តល់នូវលទ្ធផលឲ្យសហគមន៍កាន់តែមានសុវត្ថិភាព និងមានអ្នកប្រើប្រាស់ផ្លូវកាន់តែឈ្លាសវៃ”។
នៅឆ្នាំសិក្សានេះសិស្សថ្នាក់ទី៤ម្នាក់នៃសាលាបឋមសិក្សាសំពៅមាសបានទទួលរងគ្រោះថ្នាក់ដោយសារម៉ូតូប៉ះទង្គិច។
ដៃ និងជើងរបស់គេបានទទួលរងនូវការរងរបួសតែទោះជាយ៉ាងណាក៏ដោយ ក្បាលរបស់គេមិនបានរងរបួសនោះទេ។ ព្រោះគេបានទទួលនូវការអប់រំអំពីសុវត្ថិភាពចរាចរណ៍ពីអង្គការមូលនិធិបង្ការរបួស អាស៊ី
ហើយគេបានពាក់មួកសុវត្ថិភាព។
លោក ហែម ចលនា តំណាងនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា៖ “យើងទាំងអស់គ្នាសុទ្ធតែបានយល់ដឹងអំពីសារៈប្រយោជន៍នៃការពាក់មួកសុវត្ថិភាពគឺដើម្បីការពារការរងរបួសក្បាលពេលមានគ្រោះថ្នាក់កើតឡើង”។ លោកបានបន្ថែមទៀតថា៖ “ពិធីផ្តល់អំណោយមួកសុវត្ថិភាព និងការអប់រំអំពីសុវត្ថិភាពចរាចរណ៍នាថ្ងៃនេះ គឺជាការឆ្លើយតបដ៏ត្រឹមត្រូវមួយទៅនឹងទិវាសប្តាហ៍សុវត្ថិភាពចរាចរណ៍សាកល។ យើងនឹងបន្តខិតខំបំពេញកិច្ចការដើម្បីរក្សាសុវត្ថិភាពកុមារពេលធ្វើដំណើរទៅ និងមកសាលារៀន”។
អង្គការមូលនិធិបង្ការរបួសអាស៊ីបានប្រមូលហត្ថលេខាគាំទ្រដល់សេចក្តីប្រកាសរបស់កុមារស្តីពី សុវត្ថិភាពចរាចរណ៍។ អង្គការមូលនិធិបង្ការរបួសអាស៊ី បានប្រគល់សេចក្តីប្រកាសក្នុងការការពារកុមារជូនអ្នកកសាង និងអនុវត្តគោលនយោបាយ និងបានអំពាវនាវឱ្យគាត់ចាត់វិធានការឲ្យបានតឹងរ៉ឹងក្នុងការឆ្លើយតបទៅនឹងគ្រោះថ្នាក់ដែលកំពុងតែកើនឡើង។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ “ អង្គការមូលនិធិបង្ការរបួសអាស៊ីបានបំពេញកិច្ចការក្នុងការជំរុញឥរិយាបថប្រកបដោយសុវត្ថិភាពនៅពេលធ្វើដំណើរនៅលើដងផ្លូវជាច្រើនឆ្នាំមកហើយ ប៉ុន្តែសប្តាហ៍នេះគឺជាទិវាពិសេសដ៏មានសារៈសំខាន់មួយដោយសារតែយើងបានចូលរួមជាមួយបុគ្គល និងអង្គការនានានៅទូទាំងពិភពលោកដើម្បីធ្វើការអំពាវនាវឱ្យអ្នកដឹកនាំចាត់វិធានការសមស្របដើម្បី សង្គ្រោះជីវិត កុមារនៅលើដងផ្លូវ”។ លោកបានបន្ថែមទៀតថា៖ “យើងបានស្នើសុំឱ្យអ្នកដឹកនាំធ្វើការពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក រួមទាំងបទបញ្ញត្តិដែលកំណត់ឲ្យអ្នករួមដំណើរតាមទោចក្រយានយន្ត ព្រមទាំងកុមារនៅក្នុងប្រទេសកម្ពុជាត្រូវតែពាក់មួកសុវត្ថិភាពដែលកិច្ចខិតខំទាំងនេះគឺដើម្បីការពារកុមារ។ យើងទាំងអស់គ្នាអាចចាត់វិធានការនានាសំដៅជួយសង្គ្រោះជីវិតមនុស្សនៅទូទាំងប្រទេសកម្ពុជា
ក៏ដូចជានៅទូទាំងពិភពលោក”។
សូមចុចលើ link៖ www.savekidslives2015.org
ដើម្បីអាន និងចុះហត្ថលេខាគាំទ្រសេចក្តីប្រកាសរបស់កុមារសម្រាប់ សុវត្ថិភាពចរាចរណ៍។
###
អំពីអង្គការមូលនិធិបង្ការរបួសអាស៊ី
អង្គការមូលនិធិបង្ការរបួស
អាស៊ី គឺជាអង្គការមិនមែនរដ្ឋាភិបាល
និងមិនស្វែងរកប្រាក់ចំណេញ ដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ការការរងរបួស និងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងបណ្តាប្រទេស ដែលមានចំណូលទាប និងមធ្យម។ អស់រយៈពេល១៥ឆ្នាំមកហើយដែលអង្គការមូលនិធិបង្ការរបួស
អាស៊ី បានអនុវត្តកម្មវិធីសុវត្ថិភាពចរាចរណ៍ដ៏មានប្រសិទ្ធភាពនៅបណ្តាប្រទេសជាច្រើនរួមមាននៅទ្វីបអាស៊ី
និងទ្វីបអាហ្វ្រិច។ ដើម្បីស្វែងយល់បន្ថែម សូមចូលទស្សនាគេហទំព័រ asiainjury.org ឬភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំនៅលើ Twitter @AIPFoundation ។
សម្រាប់ព័ត៌មានបន្ថែម
សូមទំនាក់ទំនង៖
លោក គឹម បញ្ញា
នាយក អង្គការមូលនិធិបង្ការរបួស
អាស៊ី ប្រចាំប្រទេសកម្ពុជា
ផ្ទះលេខ ១៨បេអឺ០ ផ្លូវលេខ
៣៤៨ សង្កាត់ទូលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទលេខ៖ ៨៥៥ ១២
៤២៤ ២៣៤; អ៊ីម៉ែល៖ pagna.kim@aipf-cambodia.org៕
###