អង្គការមូលនិធិបង្ការរបួសអាស៊ី និងទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិសហការគ្នាដើម្បីរួមចំណែកជួយប្រទេសកម្ពុជាពីការខាតបង់ថវិការាប់លានដុល្លា

អង្គការមូលនិធិបង្ការរបួសអាស៊ី និងទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិសហការគ្នាដើម្បីរួមចំណែកជួយប្រទេសកម្ពុជាពីការខាតបង់ថវិការាប់លានដុល្លា

រាជធានីភ្នំពេញ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤

      ៖ អង្គការមូលនិធិបង្ការរបួស អាស៊ី (AIP Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល និងមិនស្វែងរកប្រាក់ចំណេញ បានទទួលការគាំទ្រជាមួលនិធិចំនួន ៦៣៥ ៩៩៣ ដុល្លាសហរដ្ឋអាមេរិកពីកម្មវិធី Development Innovation Ventures (DIV) របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (USAID)។ ដោយមានការសហការគាំទ្រពីគណៈកម្មាការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក និងក្រសួងមហាផ្ទៃ ជំនួយនេះនឹងផ្តល់លទ្ធភាពដល់អង្គការមូលនិធិបង្ការរបួស អាស៊ី អនុវត្តគម្រោង “មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់” ដែលមានរយៈពេលពីរឆ្នាំក្នុងគោលបំណងបង្កើនការពាក់មួកសុវត្ថិភាព ក្នុងប្រទេសកម្ពុជា។ ថវិកាបដិភាគប្រមាណជាង ៦៥០ ០០០ ដុល្លាសហរដ្ឋអាមេរិកផ្សេងទៀត ក៏ត្រូវបានផ្តល់ដោយម្ចាស់ជំនួយជាច្រើនដូចជា៖ មូលនិធិសហព័ន្ធយានយន្តអន្តរជាតិ (FIA Foundation), មូលនិធិសុវត្ថិភាពចរាចរណ៍ (Road Safety Fund), មូលនិធិក្រុមហ៊ុន UPS, មជ្ឈមណ្ឌលសហរដ្ឋអាមេរិកដើម្បីបង្ការ និងគ្រប់គ្រងជម្ងឺ (US CDC) និងពីអង្គការមូលនិធិបង្ការរបួស អាស៊ី។ 

ថ្ងៃ​នេះ​អង្គ​ការ​មូល​និធិ​បង្ការ​ របួស​អាស៊ី បាន​បង្ហាញ​ជូន​ និង​ចែក​រំលែក​នូវ​ពត៌​មាន​ស្តី​ពី​សកម្ម​ភាព​ សំខាន់ៗ​របស់​គម្រោង​ “មួក​សុវត្ថិ​ភាព​មួយ​ ជួយ​ជីវិត​បាន​ម្នាក់”​ នៅ​ក្នុង​សិក្ខា​សា​លា​ដៃ​គូ​ថ្នាក់​ជាតិ​នៅ​រាជ​ធានី​ភ្នំពេញ។ សិក្ខា​សា​លា​នេះ​មាន​ការ​ចូល​រួម​ពី​ដៃ​គូ​ប្រមាណ​ ៥៥នាក់ ដែល​ជា​មន្រ្តី​មក​ពី​ស្ថាប័ន​រាជ​រដ្ឋា​ភិ​បាល​ពាក់​ព័ន្ធ​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ខេត្ត​ តំណាង​ដៃ​គូ​អភិ​វឌ្ឍន៍​អន្តរ​ជាតិ​សំខាន់ៗ​ និង​មាន​វត្ត​មាន​ ឯក​ឧត្តម​ ពៅ​ ម៉ាលី​ អគ្គ​លេ​ខា​ធិ​ការ​គណៈ​កម្មា​ធិ​ការ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​ និង​ ឯក​ឧត្តម ឧត្តម​សេនីយ៍​ទោ ហ៊ឹម យ៉ាន ប្រធាន​នា​យក​ដ្ឋាន​សណ្តាប់​ធ្នាប់​​នៃ​​ក្រសួង​​មហា​​ផ្ទៃ​​ អញ្ជើញ​ចូ​ល​រួម​ជា​អធិបតី។ 

ឯក​​ឧត្តម​ ឧត្តម​​សេនីយ៍​​ទោ​ ហ៊ឹម យ៉ាន ប្រធាន​​នាយក​​ដ្ឋាន​​សណ្តាប់​​ធ្នាប់​​នៃ​​ក្រសួង​​មហា​​ផ្ទៃ​​បាន​​មាន​​ ប្រសាសន៏​​ថា៖ “គ្រោះ​​ថ្នាក់​​ចរាចរណ៍​ គឺ​ជា​វិបត្តិ​ផ្នែក​សុខ​ភាព​សា​ធារណៈ​ជា​សកល​មួយ ជា​ពិសេស​សម្រាប់​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ដោយ​គ្រោះ​ថ្នាក់​នេះ​បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​ការ​ស្លាប់​ដែល​បណ្តាល​ មក​ពី​គ្រាប់​មីន ឬ​ដោយ​សារ​ជម្ងឺ​គ្រុន​ចាញ់​ទៅ​ទៀត​”​។​ ឯកឧត្តម បាន​មាន​ប្រ​សាសន៍​បន្ថែម​ទៀត​ថា​៖ “គ្រាន់​តែ​ក្នុង​ឆ្នាំ​២០១៣​ប៉ុណ្ណោះ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​បង្ក​ឱ្យ​មាន​អ្នក​រង​របួស​រហូត​ដល់​ទៅ ១៤,២២៧នាក់ និង​បាន​ផ្តាច់​ជីវិត​មនុស្ស​ចំនួន ១,៩៥០នាក់ ដែល​ភាគ​ច្រើន​គឺ​ជា​យុវជន ហើយ​ធ្វើ​អោយ​ប្រទេស​កម្ពុជា​ខាត​បង់​ថវិកា​អស់​ប្រមាណ ៣៣៧​លាន​ដុល្លា ស្មើ​នឹង ២.១​ភាគ​រយ​ផលិត​ផល​ក្នុង​ស្រុក​សរុប”​។

លោក​ស្រី មើរ៉ាម ស៊ីឌីគ ប្រធាន​នាយិកា​ប្រតិ​បតិ្ត​នៃ​អង្គ​ការ​មូល​និធិ​បង្ការ​របួស អាស៊ី មាន​ប្រសាសន៏​ថា៖ “នៅ​ប្រទេស​កម្ពុជា ទោច​ក្រ​យាន​យន្ត (ម៉ូតូ) ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​សំខាន់​។ អ្នក​បើក​បរ និង​អ្នក​រួម​ដំណើរ​តាម​ទោ​ចក្រ​យាន​យន្ត គឺ​ជា​ប្រភេទ​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ដែល​មាន​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ ខ្ពស់​បំផុត​។ នៅ​ក្នុង​ឆ្នាំ​២០១៣ ប្រ​មាណ ៦២ ភាគ​រយ​នៃ​ជន​​រង​គ្រោះ​ដល់​ស្លាប់ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ទទួល​រង​ការ​រង​របួស​ក្បាល។ ជន​រង​គ្រោះ​ដែល​នៅ​មាន​ជីវិត​ប្រឈម​មុខ​នឹង​ស្ថាន​ភាព​អាក្រក់​បំផុត”​។​ លោក​ស្រី​បាន​បន្ថែម​ទៀត​ថា​ ការ​​រង​របួស​ភាគ​ច្រើន​បាន​បណ្តាល អោយ​មាន​ពិការ​ភាព​យូរ​អង្វែង ដែល​តំរូវ​អោយ​មាន​ការ​ថែ​ទាំ និង​ព្យា​បាល​ជា​ប្រចាំ។​ បន្ថែមពីលើការឈឺចាប់ និង​ទុក្ខ​លំបាក​ដែល​កើត​មាន​សម្រាប់​ខ្លួន​ឯង​ផ្ទាល់ បញ្ហា​នេះ​វា​បាន​ធ្វើ​មាន​ផល​ប៉ះ​ពាល់​ជា​អវិជ្ជ​មាន​ដល់​គ្រួសារ ប្រព័ន្ធ​សុខ​ភាព​សា​ធារណ និង​សង្គម​ទាំង​មូល​ផង។​

យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់ Cochrane Database of Systematic Reviews បាន​បង្ហាញ​ថា ការ​ពាក់​មួក​សុវត្ថិភាព​គឺ​ជា​មធ្យោ​បាយ​ដ៏​សំខាន់ និង​មាន​ប្រសិទ្ធ​ភាព​មួយ​ក្នុង​ការ​បង្កើន​ការ​នៅ​រស់​រាន​មាន​ជីវិត​ដោយ​ វា​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​រហូត​ដល់ ៤២ភាគរយ និង​ការ​រង​របួស​ក្បាល​រហូតដល់ ៦៩ភាគរយ។ នៅប្រទេសកម្ពុជា អ្នក​បើក​បរ​ទោ​ចក្រ​យាន​យន្ត​ត្រូវ​បាន​ច្បាប់​កំណត់​ឱ្យ​ពាក់​មួក​ សុវត្ថិភាព ប៉ុន្តែ​អ្នក​រួម​ដំណើរ​ជាមួយ គិត​ទាំង​កុមារ​ផង​មិន​ទាន់​ត្រូវ​បានតម្រូវឱ្យពាក់មួកសុវត្ថិភាពនៅឡើយទេ។ ជាអកុសល មាន​អ្នក​រួម​ដំណើរ​ប្រមាណ​តែ ៩ភាគរយ​ប៉ុណ្ណោះ ដែល​បាន​ពាក់​មួក​សុវត្ថិភាព​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ទោច​ក្រ​យាន​យន្ត។

លោក គឹម បញ្ញា នាយក​អង្គ​ការ​មូល​និធី​បង្ការ​របួស​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍ ថា៖ គម្រោង “មួក​សុវត្ថិភាព​មួយ ជួយ​ជីវិត​បាន​ម្នាក់” មាន​គោល​បំណង​ធ្វើ​អោយ​អត្រា​ការ​ពាក់​មួក​សុវត្ថិភាព​សំរាប់​អ្នក​រួម​ ដំណើរ​នៅតាមឃុំគោលដៅមួយចំនួននៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺកើនឡើងរហូតដល់៣០ភាគរយ ក្នុងឆ្នាំទី១ និង​ឈាន​ដល់​កម្រិត ៨០ភាគរយ​នៅ​ចុង​ឆ្នាំ​ទី២ ដែល​ជា​លទ្ធ​ផល​វា​អាច​ជួយ​បង្ការ​នូវ​ការ​រង​របួស និង​ការ​ស្លាប់​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍ជាច្រើនពាន់នាក់ ហើយ​នឹង​រួម​ចំណែក​ជួយ​ដល់​ប្រទេស​កម្ពុជា​ពី​ការ​ខាត​បង់​ថវិកា​បាន​ជា​ ច្រើន​លាន​ដុល្លា​សហ​រដ្ឋ​អា​មេ​រិច។

គោល​ដៅ​នៃ​គម្រោង នឹង​សម្រេច​បាន​តាម​រយៈ​សមាសភាព​សំខាន់​ៗ​ចំនួន​៣​ដែល​បំពេញ​បន្ថែម​ ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ រួម​មាន​៖

១. កម្ម​វិធី​អប់រំ​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា ដែល​នឹង​រួម​ចំណែក​បង្កើត​ឱ្យ​មាន​អ្នក​ប្រើប្រាស់​ផ្លូវ​ដែល​មាន​ សុវត្ថិភាព​នៅ​ក្នុង​ជំ​នាន់​ថ្មី​មួយ​
២. យុទ្ធ​នា​ការ​អប់រំ​ផ្សព្វ​ផ្សាយសាធារណៈ  ដែលនឹងប្រើប្រាស់នូវប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដើម្បី​ផ្លាស់​ប្តូរ​ឥរិយាបទ និង
៣. យុទ្ធ​នា​ការ​ទាក់​ទាញ​មតិ​គាំទ្រ ដែល​នឹង​គាំ​ទ្រ​ដល់​ដំណើរ​ពន្លឿន​ការ​កែ​សម្រួល​ច្បាប់ និងបទ​បញ្ញត្តិ​នានា និង​ការ​អនុវត្ត​ច្បាប់​ឱ្យ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​។

ឯក​ឧត្តម ពៅ ម៉ាលី អគ្គ​លេខា​ធិ​ការគណៈ​កម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ ចរាចរណ៍ផ្លូវគោកនៅកម្ពុជាបានមានប្រសាសន៏ថា៖ “ការបង្កើតឱ្យមាននិងការអនុវត្តគម្រោងដ៏សំខាន់នេះនៅ ប្រទេស កម្ពុជា​គឺ​ធ្វើ​​ឡើង​​ក្នុង​ពេល​វេលា​ដ៏​សម​ស្រប​មួយ ដោយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​កំពុង​តែ​បង្កើន​នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ​ក្នុង​ការ​ឈាន​ទៅ​អនុ​ម័ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ ហើយ​​ដែល​អាច​នឹង​អនុម័ត​ចប់​រួច​រាល់​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។​ ច្បាប់​ថ្មី​នេះ​នឹង​អនុវត្ត​ចំពោះ​ការ​ពាក់​មួក​សុវត្ថិ​ភាព​សំរាប់​អ្នក​ ជិះ​ទោ​ចក្រ​យាន​យន្ត​ទាំង​អស់ រួម​ទាំង​កុមារ​ផង”​។

គម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ ផ្អែក​លើ​គំរូ​នៃ​អន្ត​រាគមន៍​ការ​ងារ​របស់​អង្គ​ការ​មូល​និ​ធិ​បង្ការ​របួស អាស៊ី នៅ​ក្នុង​ប្រទេស​វៀត​ណាម​ដែល​បាន​ជម្រុញ​ឲ្យ​មាន​ច្បាប់​ស្តី​ពី​ការ​ពាក់​ មួក​សុវត្ថិភាព​ក្នុង​ឆ្នាំ​២០០៧។ ជា​លទ្ធ​ផល​ការ​អនុវត្ត​ច្បាប់​នេះ​បានជួយសង្គ្រោះជីវិតមនុស្សប្រមាណ ១ ៥៥៧នាក់ ការពារការរងរបួសបាន ២ ៤៩៥នាក់ និង​កាត់​បន្ថយ​ការ​ខាត​បង់​ថវិកា​របស់​ប្រជាពលរដ្ឋ និង រដ្ឋាភិបាលវៀតណាមបាន ៥២លានដុល្លា ដែលត្រូវចំណាយលើការខាតបង់ការងារ ថ្លៃព្យាបាល និង​តម្លៃ​នៃ​ផល​ប្រយោជន៍​ចំពោះ​ការ​រួម​ចំណែក​អភិវឌ្ឍ​សង្គម​នៅ​ក្នុង​ ឆ្នាំ​ដំបូង។

គម្រោង “មួក​សុវត្ថិភាព​មួយ ជួយ​ជីវិតបានម្នាក់” នឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ទៅដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ​ជាង ២២២ ៤៤៥នាក់ តាម​រយៈ​ការ​ផ្តល់​មួក​សុវត្ថិភាព (ដោយ​ឥត​គិត​ថ្លៃ និង​ក្នុង​តម្លៃ​ឧបត្ថម្ភ) និង​ការ​អប់រំ​អំពី​សុវត្ថិភាព​ចរាចរណ៍ ហើយ​ប្រជា​ពល​រដ្ឋ​ប្រមាណ ១ ៦៣៤ ៥៥៥ នាក់​ផ្សេង​ទៀត នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ដោយ​ប្រយោល​នៅ​ក្នុង​អំឡុង​ពេល​អនុវត្ត​គម្រោង​ នេះ។ កម្មវិធី Development innovation Ventures (DIV) នៃ​ទី​ភ្នាក់​ងារ​សហរដ្ឋ​អា​មេ​រិក​ដើម្បី​ការ​អភិ​វឌ្ឍន៍​អន្តរ​ជាតិ​បាន​ ផ្តល់​ថវិកា​ចំនួន ៦៣៥ ៩៩៣ ដុល្លា​សហ​រដ្ឋ​អា​មេ​រិក​ក្នុង​គោល​បំណង​ជួយ​ការ​ពារ​ការ​ខាត​បង់​ថវិកា​ សំរាប់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ចំនួន​ប្រមាណ ១,៧លាន​ដុល្លា​សហ​រដ្ឋ​អា​មេ​រិក។ ប្រសិន​បើ​ថវិកា​គាំ​ទ្រ​ទាំង​នេះ មាន​និរន្ត​ភាព​ក្នុង​រយៈ​ពេល ១០ឆ្នាំ មាន​ការ​ប៉ាន់​ប្រមាណ​ថា​ការ​វិ​និ​យោគ​ត្រលប់​មក​វិញ​នឹង​កើន​ឡើង​ពី ២,៨ដុល្លា​សហ​រដ្ឋ​អា​មេរិច ទៅ​ដល់ ១៤,៩ដុល្លា​សហ​រដ្ឋ​អា​មេ​រិក។ បើ​និយាយ​តាម​មួយ​បែប​ទៀត​ គឺ​រាល់​ការ​ចំណាយ​១ដុល្លា​សហ​រដ្ឋ​អា​មេ​រិច​របស់​គម្រោង​នឹង​ជួយ​ការ​ពារ​ ការ​ខាត​បង់​ថវិកា​រហូត​ដល់ ១៤,៩ដុល្លា​សហ​រដ្ឋ​អា​មេ​រិក។

ការបង្កើត​ឡើង​នូវ​សមាសភាព​សំ​ខាន់​ៗ​ នៃ​គម្រោង នឹង​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​រក​ឃើញ​ពី​ការ​ប៉ាន់​ប្រមាណ​ដែល​ នឹង​ធ្វើ​ឡើង​នៅ​ពេល​ចាប់​ផ្តើម​ដំបូង​នៃ​គម្រោង​នេះ​។​ ការ​តាម​ដាន​ត្រួត​ពិនិត្យ​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ តាម​រយៈ​ការ​អនុវត្តន៍វិ​ធី​សាស្ត្រ​ការ​អង្កេត​ការ ពាក់​មួក​សុវត្ថិភាព​រៀង​រាល់​ត្រី​មាស​ ដោយ​ប្រើ​ប្រាស់​វិ​ធី​សាស្រ្ត​ថត​យក​រូប​ភាព​ជា​វី​ដេ​អូ និង​ការ​វាយ​តំ​លៃ​នៅ​ពាក់​កណ្តាល​គម្រោង រហូត​ដល់​ចប់​ការ​អនុវត្តន៍​គម្រោង​។ ​សកម្មភាព​ទាំង​នេះ​នឹង​ជួយ​ចង្អុល​បង្ហាញ​ពី​ការ​វិវឌ្ឍន៍​រីក​ចម្រើន បញ្ហា​ប្រឈម​នានា​ និង​ផ្តល់​លទ្ធភាព​ក្នុង​ការ​កែ​សម្រួល​គម្រោង ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​អនុវត្តន៍​គម្រោង​បាន​កាន់​តែ​ប្រសើរ​ឡើង ហើយ​នឹង​រួម​ចំណែក​ដល់​ការ​ពង្រីក​គម្រោង​នៅ​ពេល​អនាគត។ 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
លោក គឹម បញ្ញា
នាយក អង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំប្រទេសកម្ពុជា
ផ្ទះលេខ ១៨បេអឺ០ ផ្លូវលេខ ៣៤៨ សង្កាត់ទូលស្វាយព្រៃទី១ ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំ​ពេញ
ទូរស័ព្ទលេខ៖ ៨៥៥ ១២ ៤២៤ ២៣៤; អ៊ីម៉ែល៖ pagna.kim@aipf-cambodia.org៕