អង្គការមូលនិធិបង្ការរបួសអាស៊ីប្រកាសផ្តើមយុទ្ធនាការគាំទ្រការអនុវត្តច្បាប់ការពាក់មួកសុវត្ថិភាពសម្រាប់អ្នករួមដំណើរតាមម៉ូតូ ព្រមទាំងកុមារ
ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនឹងត្រូវអនុវត្តក្នុងឆ្នាំថ្មីខាងមុខនេះ។ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ តទៅ នគរបាលចរាចរណ៍នឹងធ្វើការពិន័យចំពោះជនណាដែលមិនពាក់មួកសុវត្ថិភាព ទាំងអ្នករួមដំណើរតាមម៉ូតូ និងអ្នកបើកបរ។ ដូច្នេះនៅតាមបណ្តាទូរទស្សន៍នានាក្នុងប្រទេសកម្ពុជា មានការចាក់បញ្ចាំងរឿងអប់រំខ្លីពីព្រលឹងចិត្តល្អចូលរួមធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យពាក់មួកសុវត្ថិភាពគ្រប់ពេលវេលា ដែលរឿងអប់រំនេះផលិតដោយអង្គការមូលនិធិបង្ការរបួសអាស៊ី។
ព្រលឹងចិត្តល្អទាំងនោះគឺជាជនរងគ្រោះដោយការរងរបួសក្បាលក្នុងគ្រោះថ្នាក់ចរាចរណ៍។ ពួកគេមិនមែនចេញមកបន្លាចមនុស្សទេ ប៉ុន្តែគឺដើម្បីជំរុញការការពារដល់សាធារណៈជនទៅវិញ។ ព្រលឹងនោះបានបញ្ឈប់គ្រួសារមួយដែលកំពុងតែជិះម៉ូតូដើម្បីប្រាប់ពួកគេថា ការមិនពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរធ្វើឲ្យមានការគំរាមកំហែងដល់អាយុជីវិត។ រឿងអប់រំនេះបានរំលឹកប្រជាពលរដ្ឋកម្ពុជាទាំងអ្នកបើកបរម៉ូតូ ឬអ្នករួមដំណើរជាមួយ ព្រមទាំងកុមារឲ្យពាក់មួកសុវត្ថិភាព ទោះបីជាពួកគេធ្វើដំណើរទៅកាន់ទីជិត ឬទីឆ្ងាយក៏ដោយតាមរយៈសារអប់រំដែលមានអត្ថន័យថា “ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ នគរបាលចរាចរណ៍នឹងធ្វើការពិន័យ ១៥០០០រៀល ចំពោះជនណាដែលមិនពាក់មួកសុវត្ថិភាព”។ ការពិន័យនេះមានចំនួន ៥ដងកើនឡើងលើសពីតម្លៃពិន័យនាពេលកន្លងមក ដែលមានត្រឹមតែ៣០០០រៀលប៉ុណ្ណោះសម្រាប់អ្នកបើកបរម៉ូតូដែលមិនពាក់មួកសុវត្ថិភាព។
រឿងអប់រំនេះជាចំណែកមួយនៃយុទ្ធនាការគាំទ្រការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី។ យុទ្ធនាការនេះបានអនុវត្តឡើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ការអប់រំផ្សព្វផ្សាយតាមដងផ្លូវ និងសហគមន៍សំដៅលើកកម្ពស់ការពាក់មួកសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា។ យុទ្ធនាការនេះជាផ្នែកមួយនៃគម្រោង “មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់” របស់អង្គការមូលនិធិបង្ការរបួសអាស៊ីដែលមានរយៈពេល២ឆ្នាំ ហើយទទួលបានជំនួយឧបត្ថម្ភពីកម្មវិធី Development Innovation Ventures នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID-DIV) និងម្ចាស់ជំនួយមួយចំនួនទៀត។ គោលបំណងរបស់យុទ្ធនាការគឺដើម្បីបង្កើនអត្រាពាក់មួកសុវត្ថិភាពសម្រាប់អ្នករួមដំណើរតាមម៉ូតូក្នុងប្រទេសកម្ពុជា។
តំណាងស្ថាប័នពាក់ព័ន្ធរបស់គម្រោង “មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់” បានជួបជុំគ្នា ដើម្បីធ្វើការជូនដំណឹងដល់សាធារណៈជន អំពីច្បាប់កំណត់ឲ្យអ្នករួមដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពដែលនឹងត្រូវអនុវត្តក្នុងពេលដ៏ឆាប់ខាងមុខនេះ ព្រមទាំងក្នុងបំណងប្រកាសអនុវត្តសកម្មភាពទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសម្រាប់ឆ្នាំទី២នៃគម្រោង “មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់”។
អង្គពិធីមានការចូលរួមពីតំណាងម្ចាស់ជំនួយ ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ វិស័យឯកជន អ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍ ជាសរុបប្រមាណ៣០០នាក់។ ក្នុងនោះ លោកឈួន វ៉ន់ អគ្គលេខាធិការរងអចិន្រ្តៃយ៍នៃគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងឯកឧត្តម ឧត្តមសេនីយ៍ទោ ឡាយ ប៊ុនថន តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិក៏បានអញ្ជើញចូលរួមជាអធិបតីដែរ។ នៅក្នុងពិធីនេះ អង្គការមូលនិធិបង្ការរបួសអាស៊ី បានធ្វើបទបង្ហាញអំពីលទ្ធផលនៃការវាយតម្លៃពាក់កណ្តាលគម្រោង ដំណើរការនៃការបង្កើតយុទ្ធនាការគាំទ្រការអនុវត្តច្បាប់ការពាក់មួកសុវត្ថិភាព និងសកម្មភាពរបស់គម្រោងនាពេលបន្ទាប់។
លោក គឹម បញ្ញា នាយកប្រចាំប្រទេសកម្ពុជានៃអង្គការមូលនិធិបង្ការរបួសអាស៊ីបានមានប្រសាសន៍ថា៖ “ជំហានទី២នៃគម្រោង “មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់” នឹងបន្តអនុវត្តដោយផ្អែកលើលទ្ធផលនៃការរីកចម្រើនដែលយើងសម្រេចបានកាលពីពេលកន្លងមក។ យើងខ្ញុំកំពុងបង្កើនការប្តេជ្ញាចិត្តក្នុងការផ្លាស់ប្តូរឥរិយាបថរបស់សហគមន៍តាមរយៈយុទ្ធនាការតាមប្រព័ន្ធផ្សព្វផ្សាយ និងសកម្មភាពតាមសហគមន៍”។
លទ្ធផលនៃការវាយតម្លៃពាក់កណ្តាលគម្រោង បានបង្ហាញថា ប្រមាណ៩៤%នៃប្រជាពលរដ្ឋនៅទូទាំងប្រទេសបានទស្សនារឿងអប់រំខ្នាតខ្លីដែលចាក់ផ្សាយតាមទូរទស្សន៍ ហើយ៨៨%នៃប្រជាពលរដ្ឋក្នុងឃុំ-សង្កាត់គោលដៅបានចងចាំសារអប់រំ។ លទ្ធផលការវាយតម្លៃក៏បានបង្ហាញពីភាពរីកចម្រើននៃអាកប្បកិរិយារបស់អ្នកតបសម្ភាសន៍ចំពោះការពាក់មួកសុវត្ថិភាព។ ចាប់ពីខែសីហា ឆ្នាំ២០១៤ រហូតដល់ខែសីហា ឆ្នាំ២០១៥ អ្នកតបសម្ភាសន៍ដែលបាននិយាយថាពួកគេមានបំណងពាក់មួកសុវត្ថិភាពពេលរួមដំណើរបានកើនឡើងពី ៨៦% ទៅ៩៨% ក្នុងឃុំ-សង្កាត់គោលដៅ និងកើនពី៩០% ទៅ៩៦%ក្នុងឃុំ-សង្កាត់ដែលត្រូវបានជ្រើសរើសសម្រាប់ជាតំបន់ត្រួតពិនិត្យ។ តាមរយៈការសង្កេត អង្គការមូលនិធិបង្ការរបួសអាស៊ីបានរកឃើញថា អត្រានៃការពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នករួមដំណើរតាមម៉ូតូបានកើនឡើង ពី៩,៩% ទៅ ១៤,២% ហើយអត្រាពាក់មួកសុវត្ថិភាពក្នុងចំណោមកុមារជាអ្នករួមដំណើរបានកើនឡើងពី ៦% ទៅ ១៧% ក្នុងចន្លោះពីខែសីហាឆ្នាំ២០១៤ដល់ខែឧសភាឆ្នាំ២០១៥។ អង្គការមូលនិធិបង្ការរបួសអាស៊ីនឹងបន្តពង្រឹង និងធ្វើឲ្យមាននិរន្តរភាពសមត្ថភាពថ្នាក់មូលដ្ឋានតាមរយៈការធ្វើការជាមួយក្រុមការងារសុវត្ថិ ភាពចរាចរណ៍ថ្នាក់ឃុំ-សង្កាត់ ដែលជាលទ្ធផលនឹងជួយឲ្យយន្តការនេះមានលទ្ធភាពដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍ ជាពិសេសចំពោះការពាក់មួកសុវត្ថិភាពសម្រាប់អ្នករួមដំណើរតាមម៉ូតូ ព្រមទាំងកុមារ។ ហើយសកម្មភាពទាំងអស់ ជាពិសេសពាក់ព័ន្ធនឹងការអប់រំផ្សព្វផ្សាយ នឹងមានការចូលរួមគាំទ្រយ៉ាងសកម្មពីនគរបាលចរាចរណ៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡាយ ប៊ុនថន តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិបានមានប្រសាសន៍ថា៖ “ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦នេះតទៅ នគរបាលចរាចរណ៍នឹងធ្វើការអនុវត្តច្បាប់ដោយប្រើប្រាស់អនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍លេខ៨៥អនក្រ.បក ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥។ ដើម្បីឲ្យការអនុវត្តច្បាប់ចំពោះការពាក់មួកសុវត្ថិភាពប្រកបដោយប្រសិទ្ធភាពប្រជាពលរដ្ឋត្រូវតែយល់ដឹងពីច្បាប់។ គម្រោងនេះបានជួយផ្សព្វផ្សាយដល់សាធារណៈជន និងកំពុងបន្តសកម្មភាពសម្រាប់ឆ្នាំថ្មីទៀត។ ដូច្នេះយើងសង្ឃឹមថាអ្នកប្រើប្រាស់ផ្លូវនឹងទទួលបានសារទាំងនេះ។” ឯកឧត្តម ឧត្តមសេនីយ៍ទោបានបន្ថែមទៀតថា៖ “ក្រៅពីការពាក់មួកសុវត្ថិភាព ការគោរពតាមបទបញ្ញត្តិលើបញ្ហាចាំបាច់មួយចំនួនផ្សេងទៀត ដូចជាការបើកបរតាមល្បឿនកំណត់ ការបើកបរដោយមិនស្ថិតក្រោមឥទ្ធិពលនៃជាតិស្រវឹង។ល។ គឺជាកត្តាចាំបាច់ដែលអ្នកប្រើប្រាស់ផ្លូវគ្រប់រូបត្រូវអនុវត្តគ្រប់ពេល និងគ្រប់ទីកន្លែងដើម្បីបញ្ជៀសឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ និងការពិន័យ”។
លោក ឈួន វ៉ន់ អគ្គនាយករងដឹកជញ្ជូន និងជាអគ្គលេខាធិការរងអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោកបានមានប្រសាសន៍ថា៖ “ខ្ញុំមានសេចក្តីរំភើបនឹងលទ្ធផលជាវិជ្ជមាននៃគម្រោង “មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់” សម្រាប់ឆ្នាំទី១ ដែលបានអនុវត្តកន្លងមក។ ការពង្រឹង និងបន្តអនុវត្តសកម្មភាពនៃគម្រោងនេះមានគោលបំណងដើម្បីផ្លាស់ប្តូរឥរិយាបថពីអវិជ្ជមានទៅជាវិជ្ជមាន និងដើម្បីបង្ការការរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទំាងសង្គ្រោះជីវិតមនុស្សបានកាន់តែច្រើន”។
សម្រាប់ជំហានបន្ទាប់នៃគម្រោង “មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់” អង្គការមូលនិធិបង្ការរបួសអាស៊ីនឹងបន្តបំពេញការងារជាមួយសាលារៀនគោលដៅ តាមរយៈការបណ្តុះបណ្តាល គ្រូ សិស្សានុសិស្ស និងឪពុកម្តាយអំពីសារៈសំខាន់នៃការពាក់មួកសុវត្ថិភាពសម្រាប់អ្នករួមដំណើរតាមម៉ូតូ។ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនេះ មួកសុវត្ថិភាពចំនួន៤២៤២មួកនឹងត្រូវផ្តល់ជូនដល់សិស្សានុសិស្សដែលទើបនឹងចូលរៀនថ្មីនៅសាលាបឋមសិក្សាគោលដៅទាំង១៨។
ក្នុងពិធីនេះ ភ្ញៀវកិត្តិយសបានចូលរួមក្នុងសកម្មភាព និងលេងល្បែងកំសាន្តដែលមានខ្លឹមសារសុវត្ថិភាពចរាចរណ៍ សំណួរ-ចម្លើយ និងវេទិកាដែលសម្របសម្រួលដោយមន្ត្រីជាន់ខ្ពស់មកពីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយធ្វើការពិភាក្សាអំពីការអនុវត្តច្បាប់ដើម្បីជាការបង្កើនការយល់ដឹងបន្ថែមទៀតដល់អ្នកចូលរួម ជាពិសេសពាក់ព័ន្ធនឹងការអនុវត្តច្បាប់ចំពោះការពាក់មួកសុវត្ថិភាពដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ។