អង្គការមូលនិធិបង្ការរបួស អាស៊ី ចូលរួមអបអរសាទរទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីបង្កើនការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ
៖ នៅក្នុងឆ្នាំ២០១៤នេះ អង្គការមូលនិធិបង្ការរបួស អាស៊ី នឹងបន្តចូលរួមគាំទ្រទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ គោកនៅកម្ពុជាដែលតែងតែប្រារព្ធធ្វើចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែមេសាជារៀងរាល់ឆ្នាំ តាមរយៈការជម្រុញការពាក់មួកសុវត្ថិភាពក្នុងចំណោមសាធារណៈជន ដោយអនុវត្តនូវសកម្មភាពអប់រំផ្សព្វផ្សាយនៅតាមគ្រឹះស្ថានអប់រំ តាមប្រព័ន្ធទំនាក់ទំនងសង្គម និងគាំទ្រដល់គំនិតផ្តួចផ្តើមនានារបស់រាជរដ្ឋាភិបាលអំពី សុវត្ថិភាពចរាចរណ៍។
ការប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានបំណងជម្រុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជាចាត់វិធាន ការណ៍ឆ្លើយតបចំពោះបញ្ហាសុវត្ថិភាពចរាចរណ៍
និងផ្សព្វផ្សាយ សារអប់រំអំពីសុវត្ថិភាពដើម្បីជួយសង្គ្រោះជីវិតមនុស្សពីគ្រោះ ថ្នាក់ចរាចរណ៍។
ទិវានេះបានផ្តល់នូវឱកាសដ៏មានសារៈសំខាន់មួយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍សម្រាប់ពិ ធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលនឹងឈានចូលមកដល់នាថ្ងៃ ទី១៤ ដល់ថ្ងៃទី១៦ ខែមេសា
ខាងមុខនេះ ដែលជាពេលវេលាមួយសម្រាប់ការធ្វើដំណើរកំសាន្តដ៏មមាញឹក របស់ប្រជាពលរដ្ឋកម្ពុជាជាទូទៅ។
យោងតាមប្រព័ន្ធព័ត៌មានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោកនៅកម្ពុជាបានបង្ហាញថា កាលពីឆ្នាំ២០១១អ្នកស្លាប់ក្នុងឱកាសពិធីបុណ្យសំខាន់ៗដោយសារ គ្រោះថ្នាក់ចរាចរណ៍
មានចំនួន១២ភាគរយនៃចំនួនអ្នកស្លាប់សរុប និងមានចំនួន១០ភាគរយក្នុងឆ្នាំ២០១២។ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១២កន្លងទៅ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន
៧៥នាក់ ដែលនេះជាចំនួនដ៏ខ្ពស់បំផុត
បើប្រៀបធៀបទៅនឹងការស្លាប់ ក្នុងអំឡុងពេលពិធីបុណ្យសំខាន់ៗផ្សេងៗទៀតនៅក្នុងឆ្នាំដដែលនេះ។
ឯកឧត្តម ពៅ ម៉ាលី
អគ្គលេខាធិការ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ ថា៖ “តាមរបាយការណ៍ស្រាវជ្រាវបានបង្ហាញថាចំនួនអ្នកស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យជាតិនា នា
ដែលបង្កឡើងដោយការបើកបរហួសល្បឿនកំណត់ ការបើកបរក្នុងពេលស្រវឹង ការបើកបរមិនគោរពសិទ្ធិអាទិភាពនៅលើដងផ្លូវ និងការជែងក្នុងស្ថានភាពគ្រោះថ្នាក់
គឺមានចំនួនខ្ពស់ ច្រើនជាងនៅក្នុងអំឡុងពេលថ្ងៃធម្មតា”។ ឯកឧត្តមបានបន្ថែមទៀតថា៖ “ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងឈានចូល មកដល់នាពេលដ៏ខ្លីខាងមុខនេះ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកគឺជាពេលវេលាដ៏សម ស្របមួយសម្រាប់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធដែលធ្វើការលើសុវត្ថិភាពចរាចរណ៍ ដើម្បីចាត់វិធានការឆ្លើយតបចំពោះបញ្ហាដ៏គួរឲ្យព្រួយ បារម្ភនេះ និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងនៅ អំឡុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យខាងលើ”។
លោក គឹម បញ្ញា
នាយកអង្គការមូលនិធិបង្ការរបួស អាស៊ី ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖ “ដើម្បីគាំទ្រដល់យុទ្ធនាការរបស់រាជរដ្ឋាភិបាល និងក្នុងគោលបំណងជម្រុញការពាក់មួកសុវត្ថិភាព ដែលតាមការសង្កេតក្នុងរយៈពេលប៉ុន្មានខែកន្លងមកហាក់មានការ ធ្លាក់ចុះ
អង្គការមូលនិធិបង្ការរបូស អាស៊ី បាន និងកំពុងអនុវត្តកម្មវិធីផ្សេងៗទាំងមុនពេល និងក្នុងអំឡុងពេលនៃទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ គោក”។ លោកបានបន្ថែមទៀតថា៖ “ក្នុង អំឡុងពេលនៃទិវានេះ យើងខ្ញុំក៏សូមជំរុញដល់មន្រ្តីនគរបាលចរាចរណ៍កម្ពុជាឲ្យ បង្កើននូវការរឹតបន្តឹងការអនុវត្តន៍ច្បាប់ដើម្បីធ្វើឲ្យផ្លូវ ថ្នល់កាន់តែមានសុវត្ថិភាពទាំងក្នុងរយៈពេល និងក្រោយពេលនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ”។
ចាប់ពីថ្ងៃទី២៧ ខែមីនា
រហូតដល់ថ្ងៃទី១៧ ខែមេសា អង្គការមូលនិធិបង្ការរបួស អាស៊ី បាន និងកំពុងអនុវត្តសកម្មភាពមួយចំនួនដូចជា មិត្តអប់រំមិត្តលើប្រធានបទការពាក់មួកសុវត្ថិភាពសម្រាប់ អ្នកធ្វើដំណើរតាមទោចក្រយានយន្តវ័យក្មេងនៅវិទ្យាល័យចំនួន ពីរ
សកម្មភាពចុះអប់រំផ្សព្វផ្សាយនៅតាមសហគមន៍ សិក្ខាសាលាបណ្តុះបណ្តាលពីសុវត្ថិភាពចរាចរណ៍ និងសកម្មភាពអប់រំក្រៅថ្នាក់នៅតាមគ្រឹះស្ថានសិក្សាចំនួន៥ ផ្សេងគ្នា។ ក្នុងនាមជាដៃគូការងាររបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរា ចរណ៍ផ្លូវគោក ដែលបានប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ គោកកាលពីថ្ងៃទី៥
ខែមេសាកន្លងទៅនៅខេត្តព្រះវិហារ អង្គការមូលនិធិបង្ការរបួស អាស៊ី បានរួមចំណែកឧបត្ថម្ភមួកសុវត្ថិភាពចំនួន១៥០ជូនដល់គណៈកម្មា ធិការជាតិសម្រាប់ចែកជូនប្រជាពលរដ្ឋក្នុងពិធីនោះ សំដៅលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ និងបង្កើនការយកចិត្តទុកដាក់ពីសំណាក់សាធារណៈជនលើបញ្ហា សុវត្ថិភាពចរាចរណ៍។
ដើម្បីបង្កើននូវការយល់ដឹងជាសាធារណៈឲ្យបានកាន់តែទូលំទូលាយថែមទៀត
អង្គការមូលនិធិបង្ការរបួស អាស៊ី នឹងផ្សព្វផ្សាយអំពីទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅលើទំព័រហ្វេប៊ុករបស់ខ្លួនដែលមានអាស័យដ្ឋាន៖
www.facebook.com/aipfoundationcambodia ព្រមទាំងបង្កើតកម្មវិធីឆ្លើយសំណួរបង្កើនចំណេះដឹងរយៈពេល៤សប្តាហ៍នៅលើគេហទំព័រអប់រំ ដែលមានអាស័យដ្ឋាន៖
www.saferoads.org.kh។
ជារៀងរាល់សប្តាហ៍ មានការចាប់ឆ្នោតស្វែងរកអ្នកឈ្នះរង្វាន់លើកទឹកចិត្តជាមួក សុវត្ថិភាពចំនួន៥នាក់។
គួរបញ្ជាក់ថា
ចាប់តាំងពីឆ្នាំ២០១២មក អង្គការមូលនិធិបង្ការរបួស អាស៊ី បានចូលរួមគាំទ្រយ៉ាងសកម្មក្នុងការប្រារព្ធទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក
ដែលតាមរយៈទិវា ជាតិក៏បានផ្តល់លទ្ធភាពដល់អង្គការមូលនិធិបង្ការរបួស
អាស៊ី ធ្វើការអំពាវនាវដោយផ្ទាល់ដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យពិនិត្យ លទ្ធភាពពន្លឿនការពិភាក្សា និងអនុម័តគោលនយោបាយជាតិស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវ គោក
ផែនការសកម្មភាពជាតិរយៈពេល១០ឆ្នាំ ផែនការសកម្មភាពមួកសុវត្ថិភាពរយៈពេលបីឆ្នាំ ជាពិសេសការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (ថ្មី) ដែលក្នុងនោះក៏មានការកំណត់ឲ្យអ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារ ត្រូវតែពាក់មួកសុវត្ថិភាព។