អង្គការមូលនិធិបង្ការរបួសអាស៊ីសហការជាមួយសមាគមយានយន្តកម្ពុជា ក្នុងការចាប់ផ្តើមអនុវត្តគម្រោងមួកសុវត្ថិភាពសម្រាប់កុមារ
ខេត្តកំពង់ចាម, ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦៖
ពិធីផ្តល់អំណោយមួកសុវត្ថិភាពមួយត្រូវបានប្រារព្ធធ្វើឡើងកាលពី ថ្ងៃទី២៦ ខែមីនា នៅសាលាបឋមសិក្សាត្រពាំងកក់ដែលស្ថិតក្នុងខេត្្្្្្តកំពង់ចាម។ នេះគឺជាកិច្ចសហប្រតិបត្តិការលើកដំបូងរវាងអង្គការមូលនិធិបង្ការរបួសអាស៊ី និងសមាគមយានយន្តកម្ពុជាដែលជាស្ថាប័នមិនមែនរដ្ឋាភិបាលមួយបង្កើតឡើងក្នុងឆ្នាំ២០១០និងជាសមាជិករបស់សហព័ន្ធយានយន្តអន្តរជាតិ (FIA)។ ពិធីនេះមានគោលបំណងលើកកម្ពស់សុវត្ថិភាពចរាចរណ៍តាមរយៈការផ្តល់អំណោយមួកសុវត្ថិភាពចំនួន ៤០៤មួក និងការអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូក្នុងសាលារៀន។អញ្ជើញចូលរួមក្នុងពិធីនោះរួមមានតំណាងមកពីសមាគមយានយន្តកម្ពុជា អង្គការមូលនិធិបង្ការរបួសអាស៊ី ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ា ឈឿន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាគមយានយន្តប្រទេសសឹង្ហបុរី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស អជ្ញាធរដែនដី និងប្រជាពលរដ្នក្នុងសហគមន៍។ គោលគំនិតសំខាន់នៃពិធីនេះគឺដើម្បីលើកកម្ពស់ការពាក់មួកសុវត្ថិភាពក្នុងចំណោមសិស្សានុសិស្សនិងជំរុញឲ្យពួកគេក្លាយជាអ្នករួមដំណើរតាមទោចក្រយានយន្ត និងជាអ្នកបើកបរនាពេលអនាគតប្រកបដោយការទទួលខុសត្រូវ។ កិច្ចខិតខំប្រឹងប្រែងនេះកើតមានចំពេលវេលាដ៍មានសារៈសំខាន់សម្រាប់ការងារសុវត្ថិភាពចរាចរណ៍នៅក្នុងប្រទេសកម្ពុជា គឺការប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលនឹងត្រូវធ្វើឡើងនៅក្នុងសប្តាហ៍ទី២នៃខែមេសា។
សាលាបឋមសិក្សា ត្រពាំងកក់ ត្រូវបានជ្រើសរើសសម្រាប់ការផ្តល់អំណោយមួកសុវត្ថិភាពដោយសាលារៀនមួយនេះមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ៦គឺជាផ្លូវជាតិមួយក្នុងចំណោមបណ្តាផ្លូវជាតិដទៃទៀតដែលមានចំនួនគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ក្នុងមួយឆ្នាំៗ។
លោក មើ បូរ៉ា ប្រធានសមាគមយានយន្តកម្ពុជាបានមានប្រសាសន៍ថា៖ “សម្រាប់សមាគមយានយន្តកម្ពុជាគឺយើងពិតជាស្រឡាញ់រថយន្ត និងការបើកបរ ប៉ុន្តែយើងខ្ញុំក៏យល់ និងគោរពដែរចំពោះគ្រោះថ្នាក់ជាច្រើនដែលពាក់ព័ន្ធការធ្វើដំណើរតាមទោចក្រយានយន្ត។ យើងជឿជាក់ថា ដើម្បីឲ្យយើងទាំងអស់គ្នាអាចធ្វើដំណើរប្រកបដោយក្តីរីករាយនៅលើដងផ្លូវកុមារតូចៗរបស់យើងត្រូវតែយល់អំពីអត្ថន័យនៃការធ្វើដំណើរដោយសុវត្ថិភាព។ ហេតុដូច្នេះហើយបានជាយើងផ្តល់នូវការគាំទ្ររបស់យើងតាមរយៈពិធីនេះ”។
ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ា ឈឿន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា៖ “កុមារតូចៗរបស់យើង គឺជាអ្នកដែលមានសក្តានុពលក្នុងការបន្តតួនាទីរួមចំណែកដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដ៏ល្អប្រសើរមួយ។ ក្នុងនាមជាអាណាព្យាបាលរបស់ពួកគេ គឺជាភារកិច្ចរបស់យើងក្នុងការធានាឲ្យបានថាពួកគេមានក្តីរីករាយ មានសុខភាពល្អ ហើយអ្វីដែលសំខាន់ជាងគេនោះ គឺសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើដងផ្លូវ។ អង្គពិធីនាថ្ងៃនេះ នឹងជួយដល់កុមារនៅក្នុងសាលារៀននេះក៏ដូចជាក្នុងសហគមន៏ក្នុងការធំធាត់ និងលូតលាស់ឆ្ពោះទៅមុខ”។ ទាំងការផ្តល់អំណោយជាមួកសុវត្ថិភាព និងការប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺជាចំនុចដ៏សំខាន់ក្នុងការជួយដល់កិច្ចខិតខំដើម្បីទប់ស្កាត់ និងកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ហើយដែលកំពុងត្រូវបានគាំទ្រដោយការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មីចំពោះអ្នករួមដំណើរតាមទោចក្រយានយន្តដែលមិនពាក់មួកសុវត្ថិភាព។ ខណៈពេលដែលកិច្ចខិតខំនេះគឺជាជំហានឆ្ពោះទៅមុខក្នុងការបង្កើនសុវត្ថិភាពចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែអ្នកបើកបរម៉ូតូនៅតែមិនទាន់ត្រូវបានពិន័យនៅពេលដែលកុមារដែលជាអ្នករួមដំណើរជាមួយមិនពាក់មួកសុវត្ថិភាព ហើយនេះគឺជាការបណ្តោយឲ្យពួកគេបន្តប្រឈមយ៉ាងខ្លាំងទៅនឹងគ្រោះថ្នាក់ចរាចរណ៍។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា៖ “មានមនុស្ស ប្រមាណ៦នាក់បានស្លាប់នៅលើដងផ្លូវក្នុងមួយថ្ងៃៗក្នុងប្រទេសកម្ពុជា ហើយក្រុមដែលងាយរងគ្រោះដោយសារគ្រោះថ្នាក់មួយនេះគឺជាយុវជនវ័យក្មេងដែលធ្វើដំណើរតាមទោចក្រយានយន្ត។ដូចេ្នះហើយវាគឺជារឿងចាំបាច់ណាស់ក្នុងការជួយដល់ក្រុមដែលងាយរងគ្រោះទាំងនេះឲ្យទទួលបាននូវឧបករណ៍នានាដើម្បីឲ្យពួកគេមានសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើដងផ្លូវ។ សូមរួមគ្នាការពារកុមារតូចៗរបស់យើងពីគ្រោះថ្នាក់ចរាចរណ៍”។