ពិធីប្រកាសពានរង្វាន់បានផ្តល់ជូនសាលារៀនដែលប្តេជ្ញាក្នុងការអនុវត្តសុវត្ថិភាពចរាចរណ៍

ពិធីប្រកាសពានរង្វាន់បានផ្តល់ជូនសាលារៀនដែលប្តេជ្ញាក្នុងការអនុវត្តសុវត្ថិភាពចរាចរណ៍

រាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៦​អង្គការមូលនិធិបង្ការរបួសអាស៊ីសហការជាមួយមូលនិធិក្រុមហ៊ុនយូភីអេសបានរៀបចំពិធីប្រកាសពានរង្វាន់ដល់ សាលារៀនទាំង៣ក្នុងរាជធានីភ្នំពេញខេត្តកណ្តាលនិងខេត្តកំពង់ស្ពឺដែលមានសកម្មភាពលេចធ្លោ។

ជ័យលាភី​ដែលសាលារៀន​ទាំង​ ៣ ទទួលបាន ​​គឺសកម្មភាពចូលរួមក្នុងការលើក​កម្ពស់​ឥរិយាបថ​សុវត្ថិភាពចរាចរ​ណ៍​​​ក្នុង​​​ចំណោមសិស្សានុសិស្ស និងសហគមន៍ក្នុងឆ្នាំសិក្សាកន្លងមក​ដែលជាផ្នែកមួយនៃគម្រោង "​សហគមន៍​មានសុ​វត្ថិភាព ដងផ្លូវមានសុវត្ថិភាព"។

នៅក្នុងកម្មវិធីនេះមានអ្នកចូលរួមប្រមាណ ៦០ នាក់ និងមានការអញ្ជើញចូលរួមដោយលោកជំទាវ ឃុន រចនា​តំណាងដ៏ខ្ពង់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមនាយឧត្តមសេនីយ៍ យន់ ឈុន្នី តំណាង​អគ្គលេខា​ធិ​ការ​ដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក គឹម បញ្ញា នាយកអង្គការ​មូលនិធិបង្ការរបួស អាស៊ី ប្រចាំកម្ពុជា អ្នកសារព័ត៌មាន សាលារៀនគោលដៅទាំង ១៨ ព្រមទាំងដៃគូសុវត្ថិភាព​ចរាចរណ៍នានា។

សាលារៀនទាំង៣ដែលទទួលបានជ័យលាភី បានបង្ហាញពីការវិវឌ្ឍន៍រីកចំរើន និងការអនុវត្តល្អៗ​​ ​ក្នុងការ​លើក​កម្ពស់ឥរិយាបថសុវត្ថិភាពចរាចរណ៍ នៅក្នុងបរិវេណសាលា ដោយផ្តោតជាសំខាន់លើ​ ការពាក់មួកសុវត្ថិភាព​ក្នុង  ​​​ ​​ចំ​ណោ​មសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ។ ការខិតខំប្រឹងប្រែងទាំងនោះមានដូចជា ការអប់រំផ្សព្វផ្សាយ​នៅ​ក្នុង​សហគមន៍ ដោយបញ្ចូលខ្លឹមសារសុវត្ថិភាពចរាចរណ៍ ដូចជាការពាក់មួកសុវត្ថិភាពត្រឹមត្រូវបំផុស​ការចូលរួម​   និង​ពង្រឹង​សមត្ថភាព មាតាបិតា និងសេចក្តីណែនាំពីសុវត្ថិភាពចរាចរណ៍ក្នុងថ្នាក់។

សាលារៀនទាំងបី និងធ្វើទស្សនកិច្ចសិក្សានៅទីក្រុង ហូជីមិញ ប្រទេសវៀតណាម ដោយជួបប្រជុំជាមួយតំណាង​វិស័យអប់រំ និងការទស្សនាសាលារៀនគំរូលើការងារសុវត្ថិភាពចរាចរណ៍ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបញ្ហា​ប្រឈមនានា។ ផ្អែកទៅលើអ្វីដែលពួកគេបានរៀនសូត្រពីដំណើរទស្សនកិច្ចសិក្សានេះ សាលារៀនទាំងអស់ នឹង​ធ្វើការចែក រំលែកបទពិសោធន៍ជាមួយសាលារៀននៅក្នុងកំរងពួកគេ និងពិនិត្យលទ្ធភាពអនុវត្តសកម្មភាព​ទាំង​នោះ​ស្របតាម​​បរិបទប្រទេសកម្ពុជា។  

លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក្រសួង អប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា “កម្មវិធីនេះគឺជាការអប់រំដ៏ប្រសើរបំផុតដែលបានផ្តល់ជូនអោយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលា និងមាតាបិតា អាណាព្យាបាលសិស្សនូវអ្វីដែលបានរៀនសូត្រចំណេះ​ដឹង​ពី​ប្រភព​​នានា  និងភាពជោគជ័យ ក៏ដូចជាបញ្ហាប្រឈមដែលបានជួបប្រទះ។​ សាលារៀនគំរូទាំងនេះនឹង​បន្តផ្តោត​ការយកចិត្តទុកដាក់លើសុវត្ថិភាពចរាចរណ៍ ព្រម​ទាំង​ធ្វើការចែករំលែកបទពិសោធន៍ ជាមួយសាលារៀននានា​ដែល​​​ស្ថិត​នៅក្នុងកំរងតែមួយ”។

លោក គឹម បញ្ញា នាយក​អង្គការមូលនិធិបង្ការរបួស អាស៊ី បានមានប្រសាសន៍ថា ​"ប្រទេសកម្ពុជា​បាន​បង្ហាញ​ពី​សញ្ញា​វិជ្ជមានឆ្ពោះទៅគាំទ្រសុវត្ថិភាពចរាចរណ៍ក្នុងប៉ុន្មានខែនេះ តាមរយៈការចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍​ផ្លូវ​គោ​ក​ដោយធ្វើការពិន័យ​អ្នកបើកបរ និងអ្នករួមដំណើរដែលមិនពាក់មួកសុវត្ថិភាព។ ក៏ប៉ុន្តែយើងនៅតែត្រូវ​ការ​ពេល​​​វេលាយូរអង្វែង ដើម្បីធានាថាអ្នកបើរបរដែលជាយុវជនបានយល់ដឹង​អំពី​អត្ថប្រយោជន៍នៃ​ការពាក់មួក​សុវត្ថិ​ភាព​​​​​​បានត្រឹមត្រូវ និងសុវត្ថិភាពចរាចរណ៍ទូទៅ”។