ឃុំ-សង្កាត់នៅក្នុងប្រទេសកម្ពុជាត្រូវបានផ្តល់ពានរង្វាន់សម្រាប់ការរួមចំណែកឆ្លើយតបទៅនឹងអត្រានៃការពាក់មួកសុវត្ថិភាពដែលមានកំរិតទាប
រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦៖
មានអ្នកចូលរួមក្នុងពិធីនេះប្រមាណ៧០នាក់ដែលក្នុងនោះមានវត្តមានលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំង១៨ឃុំ-សង្កាត់ តំណាងសាលារាជធានីភ្នំពេញ សាលាខេត្តកណ្តាល សាលាខេត្តកំពង់ស្ពឺ សាលាក្រុង/ស្រុក/ខណ្ឌគោលដៅក្រុមការងារវាយតម្លៃការប្រឡងប្រណាំង និងអ្នកសារពត៌មាន។
ឃុំ-សង្កាត់ជាជ័យលាភីដែលបានជ្រើសរើសមានលក្ខណៈសម្បត្តិមួយចំនួនដូចជា៖ មានភាពសកម្មក្នុងសកម្មភាពអប់រំផ្សព្វផ្សាយ និងបានដំណើរការក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ខ្លួនបានល្អ មានផែនការសកម្មភាពលើកកម្ពស់ការពាក់មួកសុវត្ថិភាព បានអនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយដោយមានភាពម្ចាស់ការ និងឆ្លើយតបនឹងគោលបំណង មានឯកសារ និងរូបភាពច្បាស់លាស់ជាសក្ខីភាពនៃការអនុវត្តសកម្មភាពអប់រំផ្សព្វផ្សាយ មានគម្រោងបង្កើនសមត្ថភាពក្រុមការងារ នៅតែបន្តដំណើរការក្រុមការងារ និងគ្រោងរំលែកថវិកាមូលនិធិឃុំសង្កាត់សម្រាប់បន្តដំណើរការគម្រោងជាដើម។ល។
លោកជំទាវ មឹន មាណវី បានមានប្រសាសន៍ថា៖ “ភាពរីកចំរើនក្នុងការពាក់មួកសុវត្ថិភាពនៅមានកំរិតនៅឡើយ ទោះបីជាមានការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាំងពីដើមឆ្នាំ២០១៦ ក៏ចំនួនប្រជាពលរដ្ឋ ជាពិសេសកុមារជាច្រើននៅតែស្លាប់នៅលើដងផ្លូវដែលទាមទារឲ្យយើងទាំងអស់គ្នាសហការខ្លាំងបន្ថែមទៀតដើម្បីធ្វើឲ្យការពាក់មួកសុវត្ថិភាពគឺជាកាតព្វកិច្ចនៅទូទាំងប្រទេស”។
ឯកឧត្តម លេង វី បានមានប្រសាសន៍ថា៖ “ដើម្បីផ្លាស់ប្តូរវប្បធម៌ការបើកបរទោចក្រយាននៅលើដងផ្លូវ ដោយធានាថាប្រជាពលរដ្ឋយល់ដឹងពីគ្រោះថ្នាក់ដែលកើតមានឡើងដោយសារការធ្វេសប្រហែស រដ្ឋបាលគ្រប់លំដាប់ថ្នាក់ត្រូវតែមានវិធានការជាចាំបាច់ដើម្បីដោះស្រាយបញ្ហានេះ។ ការប្រឡងប្រណាំងនេះបានរួមចំណែកសម្រេចគោលដៅខាងលើ ដោយមានការគាំទ្រមន្ត្រីថ្នាក់ឃុំ-សង្កាត់ក្នុងការធ្វើឲ្យស្ថានភាពសុវត្ថិភាពចរាចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួនបានប្រសើរឡើង”។
លោកគឹម បញ្ញា បានលើកឡើងថា ”ឃុំ-សង្កាត់ជាជ័យលាភីទាំងនោះមានសកម្មភាពលេចធ្លោជាងគេក្នុង រយៈពេលចុងក្រោយនេះ នេះគឺជាអ្វីដែលយើងចង់ឃើញសម្រាប់ការប្រឡងប្រណាំង។ នៅមានដំណើរដ៏វែងឆ្ងាយតទៅមុខទៀតក្នុងការផ្លាស់ប្តូរឥរិយាបថនៃការប្រើប្រាស់ផ្លូវ ប៉ុន្តែការខិតខំរបស់ឃុំ-សង្កាត់នាពេលកន្លងមកពិតជាកិច្ចការគួរឲ្យកោតសរសើរ” ។