និស្សិតសាកលវិទ្យាល័យនៅកម្ពុជាអំពាវនាវឱ្យសហគមន៍ និងស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធចូលរួមគាំទ្រ និងជំរុញយុទ្ធនាការបន្ថយល្បឿនដើម្បីសង្រ្គោះជីវិត
ដោយមានការគាំទ្រពីអង្គការមូលនិធិបង្ការរបួសអាស៊ី និស្សិតដែលជាយុវជនគំរូបានធ្វើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមមួយស្តីពី "បន្ថយល្បឿន ដើម្បីសង្រ្គោះជីវិត" ដែលស្នើសុំឱ្យមានវិធានការបន្ថែមទៀតពីស្ថាប័នរដ្ឋាភិបាល និងសហគមន៍ទាំងឡាយក្នុងការគាំទ្រ និងជំរុញសកម្មភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ដែលនឹងអាចកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ហើយបង្កឡើងដោយការបើកបរក្នុងល្បឿនលឿន។ ដៃគូពាក់ព័ន្ធសំខាន់ៗដែលបានចូលរួមគាំទ្រដល់សេចក្តីថ្លែងការណ៍រួមនេះរួមមាន៖ អង្គការ 20’s Plenty for Us ក្រុមប្រឹក្សាស្រាវជ្រាវផ្លូវថ្នល់នៃប្រទេសអូស្ត្រាលី និងអង្គការនៅកម្ពុជាមួយចំនួនទៀតដែលកំពុងបំពេញការងារសុវត្ថិភាពចរាចរណ៍។
ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែឧសភា តំណាងក្រុមយុវជនគំរូបានប្រគល់ជូនសេចក្តីថ្លែងការណ៍រួមដល់តំណាងជាន់ខ្ពស់របស់ស្ថាប័នរាជរដ្ឋាភិបាលរួមមានលោកជំទាវអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា ឯកឧត្តមឧត្តមសេនីយ៍ឯកអគ្គស្នងការរងនគរបាលជាតិ តំណាងអង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាប និងតំណាងក្រុមហ៊ុនដឹកជញ្ជូននានាក្នុងបំណងស្នើសុំការគាំទ្រសម្រាប់យុទ្ធនាការបន្ថយល្បឿន ដើម្បីសង្រ្គោះជីវិត និងជំរុញឱ្យមានវិធានការខ្លាំងឡើងចំពោះបញ្ហាការបើកបរក្នុងល្បឿនលឿន ជាពិសេសពាក់ព័ន្ធនឹងការអប់រំ ការពង្រឹងការអនុវត្តច្បាប់ ការបំពាក់សញ្ញាចរាចរណ៍...."។ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែឧសភា ក្រុមយុវជនគំរូក៏បានចុះអនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយដល់សិស្ស និស្សិតក្នុងខេត្តសៀមរាបដូចជានៅសាលាបឋមសិក្សា គ្រួស វត្តពោធិ៍លង្កា និងភូមិថ្នល់ និងសាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាកលវិទ្យាល័យបញ្ញាសាស្រ្ត និងសាកលវិទ្យាល័យសៅអៀសយ៍អេស៊ា និងដល់អ្នកបើកបរយានយន្ត និងប្រជាពលរដ្ឋនៅតាមទីសាធារណៈ។ ការអនុវត្តសកម្មភាពខាងលើរបស់ក្រុមយុវជនគំរូដើម្បីសុវត្ថិភាពចរាចរណ៍ទទួលបានការគាំទ្រពីអង្គការដើម្បីសុវត្ថិភាពកុមារទូទាំងពិភពលោក (Safe Kids Worldwide) និងកម្មវិធីជំនួយដោយផ្ទាល់របស់ស្ថានទូតអូស្រ្តាលីតាមរយៈអង្គការមូលនិធិបង្ការរបួសអាស៊ី។