លោក គ្រូ អ្នកគ្រូនៅវិទ្យាល័យចំនួនពីរក្នុងរាជធានីភ្នំពេញទទួលបានការបណ្តុះបណ្តាលអំពីសុវត្ថិភាពចរាចរណ៍ ក្រោមការគាំទ្រពីក្រុមហ៊ុនឈេហ្វរ៉ុន

លោក គ្រូ អ្នកគ្រូនៅវិទ្យាល័យចំនួនពីរក្នុងរាជធានីភ្នំពេញទទួលបានការបណ្តុះបណ្តាលអំពីសុវត្ថិភាពចរាចរណ៍ ក្រោមការគាំទ្រពីក្រុមហ៊ុនឈេហ្វរ៉ុន

កាលពីថ្ងៃទី១៨ និងថ្ងៃទី១៩ ខែធ្នូ លោកគ្រូ អ្នកគ្រូ​ប្រមាណ​១០០នាក់ មក​ពី​វិទ្យាល័យ​ បឹង​ត្របែក​ និង​វិទ្យា​ល័យ​ ហ៊ុន សែន ប៊ុនរ៉ានី វត្ត​ភ្នំ​បាន​ចូល​រួម​នៅ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ ដោយ​ឡែក​ពី​គ្នា​ជា​បន្ត​បន្ទាប់​ដោយ​ផ្តោត​លើ​សុវត្ថិ​ភាព​ចរាចរណ៍​ និង​សារៈ​សំ​ខាន់​នៃ​ការ​ពាក់​មួក​សុវត្ថិ​ភាព​។ វគ្គ​បណ្តុះ​បណ្តាល​នេះ​រៀប​ចំ​ឡើង​ដោយ​អង្គ​ការ​មូល​និធិ​បង្ការ​របួស​ អាស៊ី​ (AIP Foundation) និង​ទទួល​បាន​ការ​គាំ​ទ្រ​ថវិកា​ពី​ក្រុម​ហ៊ុន​ឈេហ្វរ៉ុន (Chevron)។

ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ខាង​លើ​ លោក​គ្រូ​ អ្នក​គ្រូ​ នៃ​វិទ្យា​ល័យ​ទំាង​ពីរ​បាន​ទទួល​ចំណេះ​ដឹង បន្ថែម​ជា​ច្រើន​ស្តី​ពី​បញ្ហា​ប្រឈម​បង្ក​ឡើង​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​វិធី​ការ​ពារ​ខ្លួន​ពី គ្រោះ​ថ្នាក់​ដ៏​មហន្ត​រាយ​នេះ​ ព្រម​ទាំង​អំពី​សារៈ​សំខាន់​នៃ​ការ​ពាក់​មួក​សុវត្ថិភាព​ តាម​រយៈ​ការ​ផ្តល់​ជា​ទិន្ន​ន័យ​ពី​របាយ​ការណ៍​នៃ​ប្រព័ន្ធ​ព័ត៌​មាន​ជន​រង​ គ្រោះ​ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ កម្ពុជា​បទ​បង្ហាញ​សំខាន់ៗ​ និង​ការ​ចែក​រំលែក​បទ​ពិសោធន៍​ផ្ទាល់​ទាក់​ទង​​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​ពី ​គ្រូ​ឧទេ្ទស​។ លោក​គ្រូ​ អ្នក​គ្រូ ក៏​បាន​រៀន​សូត្រ​បន្ថែម​ទៀត​អំពី​របៀប​ពាក់​មួក​ សុវត្ថិ​ភាព​បាន​ត្រឹម​ត្រូវ​ ពី​ព្រោះ​មួក​សុវត្ថិ​ភាព​អាច​ជួយ​ការ​ពារ​ការ​រង​របួស​ក្បាល​បាន​ដែល​អាច​ នាំ​ឲ្យ​ស្លាប់​ ឬ​ពិការ​ជា​អចិ​ន្ត្រៃយ៍​ នៅ​ពេល​ណា​ដែល​ការ​ពាក់​មួក​សុវត្ថិ​ភាព​នោះ​មាន​ ភាព​ត្រឹម​ត្រូវ​។ សំខាន់​ជាង​នេះ​ទៅ​ទៀត​ លោក​គ្រូ ​អ្នក​គ្រូ​ ក៏​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ថា​នឹង​ពាក់​មួក​សុវត្ថិ​ភាព​រាល់​វេលា​ ធ្វើ​ដំណើរ​តាម​ទោ​ចក្រ​យាន​យន្ត​ មិន​ថា​ទៅ​កាន់​ទី​កន្លែង​ជិត​ ឬ​ ធ្វើ​ដំណើរ​យឺត​ៗ ហើយ​លោក​គ្រូ អ្នក​គ្រូ បាន​ចុះ​ហត្ថ​លេ​ខា​ជា​បុគ្គល​លើ​ញ្ញត្តិ​គាំ​ទ្រ​ឲ្យ​មាន​បទ​បញ្ញត្តិ​ស្តី ​ពី​ការ​ពាក់​មួក​សុវត្ថិ​ភាព​សម្រាប់​អ្នក​រួម​ដំណើរ​តាម​ទោ​ចក្រ​យាន​យន្ត ​ គិត​ទាំង​កុមារ​ នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ (ថ្មី) ដែល​កំពុង​ពិនិត្យ​ និង​កែ​សម្រួល​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៤​ និង​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ ក្រុម​ហ៊ុន​ឈេហ្វ​រ៉ុន​ សហការ​ជា​មួយ​អង្គ​ការ​មូល​និធិ​បង្ការ​របួស​ អាស៊ី នឹង​ប្រារព្ធ​ពិធី​ផ្តល់​អំណោយ​មួក​សុវត្ថិ​ភាព​ នៅ​វិទ្យា​ល័យ​ ហ៊ុន​ សែន​ ប៊ុន​រ៉ានី​ វត្ត​ភ្នំ​ និង​វិទ្យា​ល័យ​ បឹង​ត្របែក​ ក្នុង​រាជធានី​ភ្នំពេញ​ដែល​ជា​ផ្នែក​មួយ​នៃ​កម្ម​វិធី​ “មួក​សុវត្ថិ​ភាព​សម្រាប់​យុវជន​”។ មួក​សុវត្ថិភាព​ចំនួន​ ៩០០​មួក​ នឹង​ ត្រូវ​បាន​ផ្តល់​ជូន​ដល់​សិស្សា​នុ​សិស្ស​ លោក​គ្រូ​ អ្នក​គ្រូ​ នៅ​ក្នុង​ពិធី​នោះ​ក្នុង​គោល​បំណង​បន្ត​រួម​ចំណែក​លើក​កម្ពស់​សុវត្ថិ​ភាព​ ចរាចរណ៍​ និង​ជម្រុញ​ការ​ពាក់​មួក​សុវត្ថិ​ភាព​ក្នុង​ចំណោម​ អ្នក​បើក​បរ​ទោ​ចក្រ​ និង​អ្នក​រួម​ដំណើរ​ជា​មួយ​បន្ថែម​ពី​លើ​សកម្ម​ភាព​អប់រំ​ផ្សព្វ​ផ្សាយ​ និង​តាម​ដាន​វាយ​តម្លៃ​ដែល​នឹង​អនុវត្ត​ជា​បន្ត​បន្ទាប់​ពេញ​មួយ​ឆ្នាំ​ សិក្សា​ (២០១៣-២០១៤)។