ព្រលឹងចិត្តល្អធ្វើដំណើរក្នុងរាជធានីភ្នំពេញ ដើម្បីក្រើនរំលឹកដល់អ្នករួមដំណើរតាមម៉ូតូឲ្យពាក់មួកសុវត្ថិភាព
៖ គេបានប្រទះភ្នែកឃើញព្រលឹងនៅតាមដងផ្លូវនៅរាជធានីភ្នំពេញនាថ្ងៃនេះដោយ ពួកគេបាននិយាយផ្សព្វផ្សាយសារអប់រំអំពីសុវត្ថិភាពចរាចរណ៍ទៅកាន់ សាធារណៈជន។ ពួកគេមកសួរសុខទុក្ខមិនមែនមកក្នុងបំណងធ្វើឲ្យភ័យខ្លាចនោះទេ ហើយព្រមទាំងមកដើម្បីការពារជីវិតសាធារណៈជនទៀតផង។ ដោយសារធ្លាប់ទទួលរងរបួសក្បាលដោយសារគ្រោះថ្នាក់ចរាចរណ៍ព្រលឹង ដែលមានបំណងល្អទាំងនេះកំពុងក្រើនរំលឹកដល់អ្នកបើកបរម៉ូតូឲ្យ ការពារជីវិតរបស់ខ្លួន និងជីវិតរបស់អ្នករួមដំណើរ ដោយការពាក់មួកសុវត្ថិភាពគ្រប់វេលាធ្វើដំណើរតាមម៉ូតូ។
ព្រលឹងចិត្តល្អមិនត្រឹមតែមកជួបពិភាក្សាជាមួយអ្នកធ្វើដំណើរនៅតាមដងផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្សព្វផ្សាយសារអប់រំនៅតាមស្ថានីយ៍ទូរទស្សន៍នានានៅទូទាំងប្រទេសកម្ពុជា។ ការមកសួរសុខទុក្ខនេះគឺជាផ្នែកមួយនៃពិធីប្រកាសផ្តើមអនុវត្តយុទ្ធនាការថ្មីដើម្បីគាំទ្រដល់ការផ្សព្វផ្សាយនិងការអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី។ យុទ្ធនាការនេះរួមមានសកម្មភាពអប់រំផ្សព្វផ្សាយតាមសហគមន៍នៅតាមដងផ្លូវ និងតាមប្រព័ន្ធផ្សព្វផ្សាយដើម្បីបង្កើនការពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នករួមដំណើរតាមទោចក្រយានយន្ត ព្រមទាំងកុមារនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងរឿងអប់រំខ្លីសម្រាប់ផ្សព្វផ្សាយតាមទូរទស្សន៍ ព្រលឹងចិត្តល្អបានប្រាប់ដល់អ្នកបើកបរម៉ូតួឲ្យពាក់មួកសុវត្ថិភាពឲ្យប្រពន្ធ និងកូនប្រុសរបស់គាត់។ សារអប់រំនៃរឿងខ្លីនេះគឺ “ការពារជីវិតអ្នករួមដំណើរតាមម៉ូតូ ត្រូវតែឲ្យពួកគេពាក់មួកសុវត្ថិភាព”។
យុទ្ធនាការនេះជាផ្នែកមួយនៃគម្រោង “មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់” របស់អង្គការមូលនិធិបង្ការរបួសអាស៊ី ដែលបានទទួលការគាំទ្រថវិកាពីកម្មវិធី Development Innovation Ventures នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ និងម្ចាស់ជំនួយសំខាន់ៗមួយចំនួនទៀត ហើយវានឹងរួមចំណែកធ្វើឲ្យសម្រេចគោលដៅបង្កើនអត្រានៃការពាក់មួកសុវត្ថិភាពរហូតដល់ ៨០ភាគរយនៅក្នុងឃុំ/សង្កាត់គោលដៅក្នុងឆ្នាំ២០១៦។ អ្នកចូលរួមប្រមាណជាង ១២០នាក់ ដែលរួមមានមន្រ្តីរដ្ឋាភិបាលមកពីថ្នាក់ជាតិ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ បានចូលរួមក្នុងពិធីនេះនៅរាជធានីភ្នំពេញ ជាទីដែលពួកគេបានទស្សនារឿងអប់រំខ្នាតខ្លីជាលើកដំបូង មុនពេលចុះទៅតាមដងផ្លូវដើម្បីពិនិត្យមើលសកម្មភាពរបស់ព្រលឹងចិត្តល្អនិយាយទៅកាន់អ្នកធ្វើដំណើរតាមម៉ូតូដែលមិនពាក់មួកសុវត្ថិភាព។ បន្ទាប់មកព្រលឹងបានផ្តល់បណ្ណបញ្ចុះតម្លៃដើម្បីទិញមួកសុវត្ថិភាពក្នុងតម្លៃឧបត្ថម្ភ ។
ឯកឧត្តមឧត្តមសេនីយ៍ទោ ឡាយ ប៊ុនថន តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិបានមានប្រសាសន៍ថា៖ “ការពាក់មួកសុវត្ថិភាពឲ្យបានជាប់ជាប្រចាំគឺជាសារអប់រំដ៏សំខាន់មួយដែលចាំបាច់ត្រូវផ្សព្វផ្សាយឲ្យបានដល់អ្នកធ្វើដំណើរតាមម៉ូតូទាំងអស់ហើយការប្រើប្រាស់តួអង្គជាព្រលឹងដែលមានបំណងល្អចូលរួមក្នុងការផ្សព្វផ្សាយនៅតាមដងផ្លូវ នឹងធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងឡើង និងមានភាពយូរអង្វែងក្នុងចំណោមអ្នកធ្វើដំណើរតាមម៉ូតូ។ យើងខ្ញុំសង្ឃឹមថារូបភាពនៃការផ្សព្វផ្សាយ និងសារអប់រំប្រហាក់ប្រហែលគ្នានេះនឹងកើតមានតាមរយៈការផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ និងផ្ទាំងប៉ាណូ។ បន្ថែមពីលើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ យុទ្ធនាការដែលមានឥទ្ធិពលលើអាកប្បកិរិយានេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញឲ្យអ្នករួមដំណើរតាមម៉ូតូពាក់មួកសុវត្ថិភាព។ បើយើងធ្វើការទំនាក់ទំនងបែបជាយុទ្ធសាស្ត្រកាន់តែខ្លាំងកាលណា អាកប្បកិរិយានៃអ្នកប្រើប្រាស់ផ្លូវនឹងកាន់តែមានការផ្លាស់ប្តូរ”។
អ្នកស្រី Mirjam Sidik ប្រធាននាយិកាប្រតិបត្តិរបស់អង្គការមូលនិធិបង្ការរបួស អាស៊ី បានពន្យល់ថា យុទ្ធនាការនេះកំពុងអនុវត្តនៅពេលវេលាមួយដ៏សំខាន់។ អ្នកស្រីបានមានប្រសាសន៍ថា “យើងកំពុងបំពេញការងារជាបន្តបន្ទាប់ ស្របពេលដែលមានច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីដើម្បីជំរុញឲ្យមានឥទ្ធិពលកាន់តែខ្លាំងបន្ថែមទៀតលើការពាក់មួកសុវត្ថិភាពនៅក្នុងចំណោមអ្នករួមដំណើរតាមម៉ូតូ។ យុទ្ធនាការនេះនឹងប្រាប់ដល់សាធារណៈជនអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីខណៈពេលដែលយើងកំពុងខិតខំយ៉ាងខ្លាំង ដើម្បីផ្លាស់ប្តូរឥរិយាបទរបស់ពួកគេនាពេលបច្ចុប្បន្នពាក់ព័ន្ធនឹងការពាក់មួកសុវត្ថិភាព”។
ជាផ្នែកមួយនៃយុទ្ធនាការអប់រំផ្សព្វផ្សាយតាមសហគមន៍ និងតាមដងផ្លូវអង្គការមូលនិធិបង្ការរបួសអាស៊ី នឹងសម្របសម្រួលជាមួយនគរបាល សមាជិកក្រុមប្រឹក្សាឃុំ និងអ្នកស្ម័គ្រចិត្តដើម្បីអប់រំដល់អ្នករួមដំណើរតាមម៉ូតូឲ្យបានច្រើន។ អ្នករួមដំណើរតាមម៉ូតូ និងកុមារដែលមិនពាក់មួកសុវត្ថិភាពនឹងត្រូវបានឃាត់មួយរយៈពេលខ្លីនៅប៉ុស្តិ៍ត្រួតពិនិត្យរបស់នគរបាលចរាចរណ៍ហើយទទួលបានការអប់រំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ព្រមទាំងបានបណ្ណបញ្ចុះតម្លៃដើម្បីទិញមួកសុវត្ថិភាពនៅក្នុងតម្លៃឧបត្ថម្ភដែលផ្តល់ជូនដោយអង្គការមូលនិធិបង្ការរបួសអាស៊ី។ បន្ថែមពីលើនេះ អ្នកស្ម័គ្រចិត្តនឹងធ្វើការអប់រំដោយផ្ទាល់ដល់សមាជិកសហគមន៍នីមួយៗអំពីច្បាប់ដែលកំណត់ពីការមួកសុវត្ថិភាពសម្រាប់អ្នករួមដំណើរតាមម៉ូតូ។
ឯកឧត្តម ពៅ ម៉ាលី អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា៖ ”ក្នុងមួយឆ្នាំៗ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាសម្លាប់ប្រជាជនច្រើនជាងការស្លាប់ដោយសារជម្ងឺគ្រុនចាញ់ ជម្ងឺគ្រុនឈាម និងដោយសារគ្រាប់មីនបូកបញ្ចូលគ្នាទៅទៀត”។ ឯកឧត្តមអគ្គលេខាធិការបានបន្ថែមទៀតថា៖ ”យើងជឿជាក់ថាយុទ្ធនាការមួយដ៏មានប្រសិទ្ធិភាពនឹងជ្រួតជ្រាបដល់សាធារណៈជនជាច្រើនហើយមានឥទ្ធិពលជាវិជ្ជមានលើប្រជាជនកម្ពុជាក្នុងការសម្រេចចិត្តកាន់តែមានសុវត្ថិភាព និងកាន់តែវៃឆ្លាត ខណៈពេលពួកគេកំពុងធ្វើដំណើរនៅលើដងផ្លូវ”។
សូមទស្សនារឿងអប់រំខ្លី ដោយចុចនៅទីនេះ។
អំពីអង្គការមូលនិធិបង្ការរបួសអាស៊ី
អង្គការមូលនិធិបង្ការរបួស អាស៊ី គឺជាអង្គការមិនមែនរដ្ឋាភិបាល និងមិនស្វែងរកប្រាក់ចំណេញដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ការការរងរបួស និងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងបណ្តាប្រទេសដែលមានចំណូលទាប និងមធ្យម។ អស់រយៈពេល១៥ឆ្នាំមកហើយដែលអង្គការមូលនិធិបង្ការរបួសអាស៊ី បានអនុវត្តកម្មវិធីសុវត្ថិភាពចរាចរណ៍ដ៏មានប្រសិទ្ធភាពនៅបណ្តាប្រទេសជាច្រើនរួមមាននៅទ្វីបអាស៊ី និងទ្វីបអាហ្វ្រិច។ ដើម្បីស្វែងយល់បន្ថែមសូមចូលទស្សនាគេហទំព័រ asiainjury.org ឬភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំនៅលើ Twitter @AIPFoundation។
អំពីគម្រោង “មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់”
“គម្រោង “មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់” គឺជាគម្រោងមួយដែលមានរយៈពេល២ឆ្នាំ ហើយទទួលបានការគាំទ្រពីកម្មវិធី Development Innovation Ventures (DIV) នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ និងពីមូលនិធិសហព័ន្ធយានយន្តអន្តរជាតិ/មូលនិធិសុវត្ថិភាពចរាចរណ៍, មូលនិធិក្រុមហ៊ុន យូភីអេស និងមជ្ឈមណ្ឌលសហរដ្ឋអាមេរិកសម្រាប់បង្ការ និងគ្រប់គ្រងជម្ងឺ។ គម្រោងនេះមានគោលដៅបង្កើនអត្រានៃការពាក់មួកសុវត្ថិភាពសំរាប់អ្នករួមដំណើរនៅក្នុងប្រទេសកម្ពុជា។ អង្គការមូលនិធិបង្ការរបួសអាស៊ីមានបំណងធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងអំពីការពាក់មួកសុវត្ថិភាពនៅទូទាំងប្រទេសតាមរយៈគម្រោងនេះដោយផ្តល់ដល់កុមារនៅតាមសាលាបឋមសិក្សា និងលោកគ្រូ អ្នកគ្រូនូវមួកសុវត្ថិភាពដែលមានគុណភាព និងការអប់រំអំពីសុវត្ថិភាពចរាចរណ៍ បង្កើតនូវយុទ្ធនាការអប់រំផ្សព្វផ្សាយជាសាធារណៈ និងទាក់ទាញមតិគាំទ្រសម្រាប់ការអនុវត្តច្បាប់ដែលកំណត់ឲ្យអ្នករួមដំណើរជាមួយតាមម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
លោក គឹម បញ្ញា
នាយក អង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំប្រទេសកម្ពុជា
ផ្ទះលេខ ១៨បេអឺ០ ផ្លូវលេខ ៣៤៨ សង្កាត់ទូលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទលេខ៖ ៨៥៥ ១២ ៤២៤ ២៣៤; អ៊ីម៉ែល៖ pagna.kim@aipf-cambodia.org៕