កម្មវិធីមួកសុវត្ថិភាពសម្រាប់គ្រួសារផ្ដល់ជូននូវមួកសុវត្ថិភាពដែលមានគុណភាព ដល់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាមួយ ក្នុងខេត្តបាត់ដំបង
បានផ្ដល់មួកសុវត្ថិភាពចំនួន ១,២៣៨មួក ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតា សិស្សនៅសាលា បឋមសិក្សា អន្លង់វិល ដែលស្ថិតក្នុងឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ពិធីនេះមានការចូលរួមពីតំណាងថ្នាក់ខេត្ត និងថ្នាក់ជាតិ ព្រមទាំងមន្រ្តីពាក់ព័ន្ធក្នុងខេត្តបាត់ដំបង ក៏ដូចជាអ្នកពាក់ព័ន្ធលើការងារសុវត្ថិភាពចរា ចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ-បុគ្គលិកក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងអង្គការមូលនិធិបង្ការរបួសអាស៊ីផងដែរ។
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជា អគ្គលេខាធិការគណៈកម្មាធិ ការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញចូលរួមជាអធិបតីបើកកម្មវិធីជាមួយនឹងការថ្លែងសុន្ទរកថាអំពីសារៈសំខាន់នៃការពាក់មួកសុវត្ថិភាពដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតាសិស្ស។ លោកជំទាវបានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានឃើញការអនុវត្តកម្មវិធីនេះនៅក្នុងខេត្តបាត់ដំបង ព្រោះថាខេត្តនេះក៏មានអាត្រានៃអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ណាស់ដែរនៅក្នុងចំ ណោមបណ្តាខេត្តរាជធានីទាំងអស់នៃប្រទេសកម្ពុជា។ ដូច្នេះ យើងត្រូវផ្តល់ការការពារសមស្របដល់កុមារដើម្បីបណ្តះស្មារតីលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើដំណើរទៅមកសាលារៀន។ ខ្ញុំសូមអំពាវនាវឱ្យកុមារទាំងអស់ពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរដោយកង់ ឬម៉ូតូ ទោះជិះជិតក្ដី ឆ្ងាយក្ដី និងជួយក្រើនរំលឹកដល់មាតាបិតា អាណាព្យាបាលដើម្បីការពារអាយុជីវិត និងកាយសម្បទា និងទ្រព្យសម្បត្តិពីគ្រោះថ្នាក់ចរាចរណ៍»។
បើទោះបីជាមានការដាក់ឱ្យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដែលក្នុងនោះបានកំណត់ឱ្យអ្នកជិះម៉ូតូទាំងអស់នៅកម្ពុជា ត្រូវតែពាក់មួកសុវត្ថិភាពកាលពីដើមឆ្នាំ២០១៥ក៏ដោយ ក៏ការពាក់មួកសុវត្ថិភាពក្នុងចំណោមសិស្សានុសិស្សនៅសាលាបឋមសិក្សាអន្លង់វិលមានអត្រាទាបជាង ៥%។ មានសិស្សានុសិស្សប្រមាណ ៨០% ទៅ៩៥% ធ្វើដំណើរដោយម៉ូតូ ឬកង់ទៅមកសាលាបឋមសិក្សាអន្លង់វិល ហើយប្រមាណ៨០%នៃសិស្សានុសិស្សទាំងនេះមកពីក្រុមគ្រួសារដែលមានចំណូលទាបដែលជាហេតុធ្វើឱ្យមាតាបិតាអាណាព្យាបាលអាចប្រឈមនឹងការលំបាកក្នុងការទិញមួកសុវត្ថិភាពសម្រាប់ផ្តល់ជូនកូនៗរបស់ខ្លួន។
ឯកឧត្ដម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជា ប្រធានអនុគណៈកម្មការសុវត្ថិភាពចរា ចរណ៍ផ្លូវគោកខេត្តបាត់ដំបងបានមានប្រសាសន៍ថា៖ «សាលាបឋមសិក្សាអន្លង់វិលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដែលជាតំបន់ដែលមានចរាចរណ៍មមាញឹកខ្ពស់ក្នុងខេត្តបាត់ដំបង។ ហេតុដូច្នេះហើយសិស្សានុ សិស្ស និងលោកគ្រូ អ្នកគ្រូ គឺជាអ្នកដែលងាយនឹងប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្លាំងណាស់ ជាពិសេសក្នុងអំឡុងពេលធ្វើដំណើរទៅ និងមកពីសាលារៀន។ យើងជឿជាក់ថាការជំរុញឱ្យមានការពាក់មួកសុវត្ថិភាពគឺជាឱកាសមួយនៃការកាត់បន្ថយការររងរបួសក្បាលរបស់ពួកគេរាល់ពេលដែលធ្វើដំណើរ»។
កម្មវិធី មួកសុវត្ថិភាពសម្រាប់គ្រួសារ ដែលបានចាប់ផ្ដើមដំណើរការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១២ មានគោលបំណងផ្តល់ជូននូវមួកសុវត្ថិភាពដែលមានគុណភាពដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងឪពុកម្តាយ ក៏ដូចជាការលើកកម្ពស់ការពាក់មួកសុវត្ថិភាពតាមរយៈការចូលរួមរបស់ឪពុកម្តាយជាគំរូទៅដល់កូនៗ និងផ្តល់នូវឱកាស ឱ្យមានជាវគ្គបណ្តុះបណ្តាលដែលផ្តោតសំខាន់ទៅលើម្តាយ ក៏ដូចជាឥរិយាបថសុវត្ថិភាពចរាចរណ៍របស់កូនៗពួកគាត់។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ «ចាប់តាំងពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៩ សាលារៀនគោលដៅដែលបានចូលរួមក្នុងកម្មវិធី មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ បានបង្ហាញនូវលទ្ធផលជាវិជ្ជមានជាច្រើនដូចជា អត្រានៃការពាក់មួកសុវត្ថិភាពរបស់កុមារបានកើនឡើងពី ៣% ទៅ ៩៧% ក្រោយពីការអនុវត្តកម្មវិធី។ យើងមានកិត្តិយស និងក្ដីសោមនស្សរីករាយដែលបានបន្តគាំទ្រដល់កម្មវិធីនេះដល់សហគមន៍ដែលត្រូវការវាចាំបាច់បំផុត ហើយយើងសូមលើកទឹកចិត្តដល់សិស្សានុសិស្ស ក៏ដូចជាឪពុកម្តាយរបស់ពួកគេឱ្យពាក់មួកសុវត្ថិភាពគ្រប់ពេលធ្វើដំណើរដើម្បីចៀសឱ្យផុតពីការរងរបួសក្បាលដោយសារគ្រោះថ្នាក់ចរាចរណ៍»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួស អាស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖ «កុមារមើលឃើញមាតាបិតាជាគំរូ និងជាអ្នកសំរេចចិត្ត។ ប៉ុន្តែមានមាតាបិតាប្រមាណ ៧៨%ប៉ុណ្ណោះដែលរំលឹកកូនៗឱ្យពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ។ យើងជឿជាក់ថាតាមរយៈកម្មវិធីទាំងនេះ មាតាបិតាអាណាព្យាបាលកាន់តែច្រើននឹងយល់ដឹងអំពីសារៈសំខាន់នៃការជំរុញឱ្យកូនៗរបស់ខ្លួនត្រូវពាក់មួកសុវត្ថិភាព» ។
ចាប់តាំងពីឆ្នាំ២០១២មក ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងអង្គការមូលនិធិបង្ការរបួសអាស៊ីបានផ្ដល់ការអប់រំ និងចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកទៅដល់សិស្សានុសិស្សចំនួន ៥,០០២នាក់ គ្រូបង្រៀនចំនួន ២៦១នាក់ និងមាតាបិតា អាណាព្យាបាលចំនួន ៩,១២៩នាក់នៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីមួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារនេះផងដែរ ហើយមួកសុវត្ថិភាពរបស់មេនូឡាយហ្វ៍ ខេមបូឌា បានជួយសង្រ្គោះកុមារប្រមាណជាង ១០០នាក់ពីការរងរបួសក្បាលធ្ងន់ធ្ងរ។
###
អំពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១២ និង ជាទីផ្សារថ្មីចុងក្រោយរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងពិភពលោក។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាគហ៊ុនបរទេស ១០០% ដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា បានប្តេជ្ញាចិត្តផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មផ្នែកការពារហិរញ្ញវត្ថុដែលជាតម្រូវការចាំបាច់របស់ពួកគាត់។
អំពីអង្គការមូលនិធិបង្ការរបួសអាស៊ី
អង្គការមូលនិធិបង្ការរបួសអាស៊ី គឺជាអង្គការមិនមែនរដ្ឋាភិបាល និងមិនស្វែងរកប្រាក់ចំណេញដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ការការរងរបួស និងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងបណ្តាប្រទេសដែលមានចំណូលទាប និងមធ្យម។ អស់រយៈពេលជាង២០ឆ្នាំមកហើយដែលអង្គការមូលនិធិបង្ការរបួសអាស៊ី បានអនុវត្តកម្មវិធីសុវត្ថិភាពចរាចរណ៍ដ៏មានប្រសិទ្ធភាពនៅបណ្តាប្រទេសជាច្រើនរួមមាននៅទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក។ ដើម្បីស្វែងយល់បន្ថែមសូមចូលទស្សនាគេហទំព័រ www.aip-foundation.org ឬភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំនៅលើ Twitter @AIPFoundation។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា
លោក តារា សៅយុទ្ធនា
ប្រធានជាន់ខ្ពស់ផ្នែកទំនាក់ទំនង
ទូរស័ព្ទលេខ៖ ៨៥៥ ១១ ៧៥៩ ៩៦៤; អីម៉ែល៖ Saoyuthnea_Dara@manulife.com
អង្គការមូលនិធិបង្ការរបួសអាស៊ី
លោក គឹម បញ្ញា
នាយកប្រចាំព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទលេខ៖ ៨៥៥ ១២ ៤២ ៤២ ៣៤; អីម៉ែល៖ pagna.kim@aipf-cambodia.org៕
###