ក្រុមហ៊ុនមេនូឡាយហ្វ៍ ផ្តល់មួកសុវត្ថិភាពចំនួន ៨០៤មួក ដើម្បីជាការចូលរួមគាំទ្រដល់ការអនុវត្តច្បាប់ចំពោះការពាក់មួកសុវត្ថិភាពសម្រាប់អ្នករួមដំណើរតាមម៉ូតូដែលនឹងអនុវត្តនាពេលដ៏ខ្លីខាងមុខនេះ
រាជធានីភ្នំពេញ-ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥
ដើម្បីអបអរសាទរដល់ការអនុវត្តច្បាប់ចំពោះការពាក់មួកសុវត្ថិភាពសម្រាប់អ្នករួមដំណើរតាមម៉ូតូ ដែលនឹងត្រូវធ្វើឡើងនាពេលខាងមុខ អង្គការមូលនិធិបង្ការរបួសអាស៊ីបានផ្តល់អំណោយមួកសុវត្ថិភាព និងបង្កើនការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាសុធារស។ សកម្មភាពទាំងនេះជាផ្នែកមួយនៃ “គម្រោងមួកសុវត្ថិភាពសម្រាប់គ្រួសារ”ដោយមានការគាំទ្រពីក្រុមហ៊ុន មេនូឡាយហ្វ៍។
ចូលរួមក្នុងពិធីនោះមានដៃគូពាក់ព័ន្ធលើការងារសុវត្ថិភាពចរាចរណ៍
សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ឪពុកម្តាយ អាជ្ញាធរដែនដី និងតំណាងប្រព័ន្ធផ្សព្វផ្សាយជាតិ
និងអន្តរជាតិ និងមានការអញ្ជើញជាអធិបតីដោយ ឯកឧត្តម ហួ ឈុនគ្រី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា
និងលោក ឈួន វ៉ន់ អគ្គនាយករង ដឹកជញ្ជូន
និងជាអគ្គលេខាធិការរងអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ នៅឯពិធីនោះ មានការផ្តល់មួកសុវត្ថិភាពចំនួន៨០៤មួកជូនដល់សិស្សានុសិស្ស
លោកគ្រូ អ្នកគ្រូ និងមាតាបិតាសិស្សសាលាបឋមសិក្សាសុធារស
ព្រមទាំងសកម្មភាពនានាដើម្បីបង្កើនការយល់ដឹង និងឥរិយាបថសុវត្ថិភាពចរាចរណ៍នៅលើដងផ្លូវ
និងសារៈសំខាន់នៃការពាក់មួកសុវត្ថិភាពដែលមានគុណភាព។ សកម្មភាពទាំងនោះមានដូចជា៖ ការអនុវត្តនូវសកម្មភាពក្រៅថ្នាក់ដូចជាកម្មវិធីសំណួរ-ចម្លើយលើប្រធានបទសុវត្ថិភាពចរាចរណ៍ ការបង្ហាញពីរបៀបឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព
និងអំពីការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជាបានលើកឡើងថា៖ “នេះគឺជាឆ្នាំទីបួនដែលក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា បានគាំទ្រដល់ការអនុវត្ដកម្មវិធីមួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ”។ ជាមួយនឹងគោលដៅក្នុងការការពារការរងរបួសក្បាល និងសង្គ្រោះជីវិតមនុស្សនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការ ប្តេជ្ញាចិត្តរបស់ខ្លួនលើបញ្ហានេះតាមរយៈការឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់របស់ខ្លួន”។
ពិធីនេះ ក៏បានស្វាគមន៍ចំពោះការអនុវត្តច្បាប់ចំពោះការពាក់មួកសុវត្ថិភាពសម្រាប់អ្នករួមដំណើរតាមម៉ូតូនាពេលខាងមុខ
ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ដោយនគរបាលចរាចរណ៍នឹងធ្វើការពិន័យជនណាដែលបើកបរ
និងអ្នករួមដំណើរជាមួយតាមម៉ូតូដោយមិនពាក់មួកសុវត្ថិភាព។ ខណៈពេលដែលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករួមបញ្ចូលទាំងអ្នករួមដំណើរ
ប៉ុន្ដែអនុក្រឹត្យស្តីពីការពិន័យអន្តរកាណ៍ដែលបានអនុម័តនាពេលកន្លងទៅ មិនបានរួមបញ្ចូលអ្នករួមដំណើរតាមម៉ូតូជាកុមារទៅក្នុងការពិន័យទេ។
ការដែលមិនបានដាក់បញ្ចូលកុមារទៅក្នុងការអនុវត្តច្បាប់នេះ មានន័យថាយើងនៅតែបណ្តោយឲ្យកុមារងាយរងគ្រោះទៅនឹងការរងរបួស
ឬស្លាប់នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
លោក រូបឺត អេលៀត ប្រធាននាយកប្រតិបត្តិ និងជាអគ្គនាយក ក្រុមហ៊ុនមេនូឡាយហ្វ ខេមបូឌា មានប្រសាសន៍បន្ថែមថា ”ក្រុមហ៊ុន មេនូឡាយហ្វ បានគាំទ្រដល់សកម្មភាពការងាររបស់អង្គការមូលនិធិបង្ការរបួសអាស៊ី ចាប់តាំងពីពេលដែលក្រុមហ៊ុនបានផ្តើមធ្វើប្រតិបត្តិការការងារក្នុងប្រទេស កម្ពុជាកាលពីខែមិថុនា ឆ្នាំ២០១២មកម្ល៉េះ ហើយយើងមានមោទនភាពក្នុងការបន្តគាំទ្រដល់ការងារសង្រ្គោះជីវិតនេះ”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា៖ “គិតមកដល់ពេលនេះ យើងបានផ្តល់អំណោយជាមួកសុវត្ថិភាពប្រមាណជាង ២៧០០មួក និងបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៣៨០០នាក់។ យើងមានការប្តេជ្ញាចិត្តចូលរួមជួយដល់ក្រុមគ្រួសារក្នុងប្រទេសកម្ពុជា ក្នុងការកសាងអនាគតឲ្យកាន់តែប្រសើរឡើងហើយយើងពិតជាមានភាពរំភើបចិត្ត ដែលបានឃើញថាការផ្តល់អំណោយមួកសុវត្ថិភាពក្នុងថ្ងៃនេះនឹងបន្តជួយធ្វើអោយជីវិតរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
លោក ឈួន វ៉ន់ អគ្គនាយករងដឹកជញ្ជូន និងជាអគ្គលេខាធិការរងអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា៖ “យើងសង្ឃឹមថាពិធីផ្តល់អំណោយមួកសុវត្ថិភាពនាពេលនេះពិតជាអាចលើកទឹកចិត្តដល់សិស្សានុសិស្ស ដើម្បីឲ្យមានការពាក់មួកសុវត្ថិភាពរបស់គេខណៈនៅពេលដែលពួកគេបានរួមដំណើរនៅលើម៉ូតូ។ ការការពារដល់កុមារពីគ្រោះថ្នាក់ចរាចរណ៍ ពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារពួកគេ។ យើងមិនចង់ឲ្យមានការបាត់បង់ជីវិតក្មេងៗ ជាពិសេសនៅពេលដែលការរងរបួសនោះគឺអាចការពារបាន។ ការផ្តល់មួកសុវត្ថិភាពដល់កុមារ គឺជាជំហានដ៍សំខាន់មួយក្នុងការការពារជីវិតរបស់ពួកគេ”។
ឯកឧត្តម ហួ ឈុនគ្រី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា “សាធារណៈជនដែលទទួលបានការផ្សព្វផ្សាយ និងមានការយល់ដឹងជាមុន គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអនុវត្តច្បាប់ចរាចរណ៍ឲ្យទទួលបានជោគជ័យ។ គម្រោងមួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ បានផ្តល់នូវបរិយាកាសដ៏ល្អប្រសើរសម្រាប់ការផ្លាស់ប្តូរព័ត៌មានដើម្បីអប់រំដល់ប្រជាពលរដ្ឋអំពីការពាក់មួកសុវត្ថិភាព និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ យើងសង្ឃឹមថា ពិធីនេះនឹងលើកទឹកចិត្តឲ្យសហគមន៍ត្រូវតែពាក់មួកសុវត្ថិភាព និងធានាថាកុមារត្រូវតែពាក់មួកសុវត្ថិភាពរបស់ពួកគេដែរ»។