ដើម្បីគាំទ្រដល់ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ក្នុងគោលបំណងគាំទ្រដល់ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី សាលាបឋមសិក្សាចំនួន១៨ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ បានចូលរួមក្នុងគំនិតផ្តួចផ្តើមថ្មីមួយដើម្បីជំរុញការពាក់មួកសុវត្ថិភាពនៅសាលារៀន និងសហគមន៍ដែលស្ថិតនៅជុំវិញ។ ការប្រកាសផ្តើមអនុវត្តកម្មវិធីនៅថ្ងៃនេះគឺជាផ្នែកមួយនៃកម្មវិធី “សាលារៀនគំរូលើការជំរុញការពាក់មួកសុវត្ថិភាព” ដែលមានរយៈពេល២ឆ្នាំ។តាមរយៈកម្មវិធីនេះនឹងអនុញ្ញាតឲ្យសាលារៀនគោលដៅធ្វើការប្រឡងប្រណាំងគ្នាដើម្បីក្លាយជា “ជ័យលាភីលើការងារសុវត្ថិភាពចរាចរណ៍” ដោយបំពេញការងារឱ្យមានភាពលេចធ្លោលើការលើកកម្ពស់ការពាក់មួកសុវត្ថិភាព។ បន្ទាប់ពីការប្រឡងប្រណាំងចប់សព្វគ្រប់ សាលារៀនចំនួន៣ដែលមានភាពលេចធ្លោ នឹងទទួលបានរង្វាន់ជាដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសវៀតណាមដើម្បីដកស្រង់បទពិសោធន៍បន្ថែម និងពិភាក្សាពីភាពជោគជ័យលើការអនុវត្តគំនិតផ្តួចផ្តើមក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅតាមគ្រឹះស្ថានសិក្សា។
តាមរយៈការគាំទ្រពីមូលនិធិក្រុមហ៊ុន
យូភីអេស, អង្គការមូលនិធិបង្ការរបួសអាស៊ី កំពុងធ្វើការប្រកាសផ្តើមអនុវត្តការប្រឡងប្រណាំងក្នុងចំណោមសាលារៀនគោលដៅ១៨ សំដៅធ្វើការផ្សព្វផ្សាយអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី និងសេចក្តីណែនាំរបស់ក្រសួងអប់រំ
យុវជន និងកីឡាដែលបានជំរុញឱ្យសាលារៀននានាចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍។
តាមរយៈគំនិតផ្តួចផ្តើមថ្មីនេះ អង្គការមូលនិធិបង្ការរបួសអាស៊ីមានបំណងចង់ឃើញសាលារៀនទាំងឡាយបង្កើននូវកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សកម្មភាពសុវត្ថិភាពចរាចរណ៍ជាពិសេសលើការពាក់មួកសុវត្ថិភាព។
នៅចុងឆ្នាំសិក្សាទី២ (ឆ្នាំសិក្សា២០១៥-២០១៦) នៃការអនុវត្តកម្មវិធី, ការប្រកាសពីជ័យលាភីសាលារៀនគំរូនឹងត្រូវធ្វើឡើងដោយយោងលើលទ្ធភាពរបស់សាលារៀនលើចំណុចសំខាន់ៗមួយចំនួនដូចជា៖
• បង្កើនការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ ដោយផ្តោតទៅលើការពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នករួមដំណើរ តាមទោចក្រយានយន្តជាកុមារ
• បង្កើតនូវសកម្មភាពសុវត្ថិភាពចរាចរណ៍នៅក្នុងសាលារៀនដោយផ្សារភ្ជាប់រវាងសិស្សានុសិស្ស
និងមាតាបិតាសិស្ស
• លើកទឹកចិត្តដល់អ្នកចូលរួមជំរុញដែលបានបង្ហាញពីឥរិយាបថប្រកបដោយសុវត្ថិភាពនៅពេលធ្វើដំណើររួមទាំងការពាក់មួកសុវត្ថិភាពពេលរួមដំណើរតាមទោចក្រយានយន្ត
• បង្កើនការចូលរួមពីសិស្សានុសិស្ស
លោកគ្រូ-អ្នកគ្រូ អជ្ញាធរដែនដី និងពីសហគមន៍
• បង្កើនអត្រានៃការពាក់មួកសុវត្ថិភាពក្នុងចំណោមសិស្សានុសិស្ស
និងមាតាបិតាសិស្សនៅតាមសាលារៀនរបស់ខ្លួន។
ពិធីប្រកាសផ្តើមអនុវត្តកម្មវិធីនេះ បានប្រារព្ធធ្វើឡើងនៅឯសណ្ឋាគារកាំបូឌីយ៉ាណានៅថ្ងៃនេះដោយមានការចូលរួមពីតំណាងសាលារៀនគោលដៅទាំង១៨ និងចូលរួមជាអធិបតីដោយឯកឧត្តម តូច សារូ អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា, ឯកឧត្តមឧត្តមសេនីយ៍ទោ ទី ឡុង តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកស្រី
ម៉ែន ច័ន្ទសុកុល តំណាងជាន់ខ្ពស់នៃអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ជាងនេះទៅទៀត ក៏មានការចូលរួមពីតំណាងវិស័យឯកជន និងអង្គការអន្តរជាតិមួយចំនួន ដើម្បីបង្ហាញពីការគាំទ្រដល់សកម្មភាពអប់រំពាក់ព័ន្ធនឹងការពាក់មួកសុវត្ថិភាពសម្រាប់កុមារ។
លោក គឹម បញ្ញា
នាយកអង្គការមូលនិធិបង្ការរបួស អាស៊ីប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “កម្មវិធីសាលារៀនគំរូលើការជំរុញការពាក់មួកសុវត្ថិភាព គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយដើម្បីលើកទឹកចិត្តដល់សាលារៀនឲ្យចូលរួមកាន់តែសកម្មថែមទៀតលើសកម្មភាពសុវត្ថិភាពចរាចរណ៍”។ លោកបានបន្ថែមទៀតថា៖ “នេះគឺជាកម្មវិធីប្រឡងប្រណាំង ដែលមានលក្ខណៈវិជ្ជមានមួយដែលអាចធ្វើឲ្យមានការពង្រីកការពាក់មួកសុវត្ថិភាពនៅទូទាំងប្រទេសកម្ពុជា”។
ឯកឧត្តម តូច សារូ
អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា៖ “ក្រោមគំនិតផ្តួចផ្តើមនេះយើងសង្ឃឹមថា សាលារៀនទាំងឡាយនឹងប្រឹងប្រែងបំពេញកិច្ចការដើម្បីលើកកម្ពស់ការពាក់មួកសុវត្ថិភាព។ ខ្ញុំចង់ឃើញសិស្សានុសិស្សត្រូវបានរំលឹកឲ្យពាក់មួកសុវត្ថិភាពរបស់ពួកគេនៅក្នុងអំឡុងពេលនៃការប្រកាសផ្សព្វផ្សាយរបស់សាលារៀន, សកម្មភាពអំពីសុវត្ថិភាពចរាចរណ៍ផ្សេងៗ និងការអប់រំពេលគោរពទង់ជាតិ, មានធ្នើរសម្រាប់ដាក់មួកសុវត្ថិភាពរបស់សិស្សានុសិស្សនៅក្នុងបន្ទប់រៀនព្រមទាំងសកម្មភាពសំខាន់ផ្សេងៗទៀត។ លទ្ធភាពក្នុងការបំពេញកិច្ចការទាំងនេះគ្មានទីបញ្ចប់ទេ ហើយខ្ញុំទន្ទឹងរង់ចាំមើលនូវគំនិតច្នៃប្រឌិតរបស់សាលារៀននីមួយៗក្នុងការជំរុញការពាក់មួកសុវត្ថិភាពនេះ”។
លោកស្រី ម៉ែន ច័ន្ទសុកុល តំណាងជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានពន្យល់ថា៖ “ការប្រឡងប្រណាំងនេះគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយ ដើម្បីផ្សារភ្ជាប់ខ្លឹមសារអប់រំអំពីសុវត្ថិភាពចរាចរណ៍ទៅក្នុងសាលារៀន”។ លោកស្រីបានបន្ថែមទៀតថា៖ “ការប្រឡងប្រណាំងនេះនឹងលើកទឹកចិត្តដល់នាយក/នាយិកាសាលារៀន លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតា/អាណាព្យាបាលសិស្សឱ្យខិតខំចូលរួមទាំងអស់គ្នា ជាមួយសាលារៀន
និងរួមកម្លាំងគ្នាក្រោមគោលបំណងតែមួយ។ លទ្ធផលជាវិជ្ជមាននៃកំណើនការពាក់មួកសុវត្ថិភាព នឹងមានភាពយូរអង្វែងលើសពីអំឡុងពេលពីរឆ្នាំនៃការប្រឡងប្រណាំងនេះ”។
###
អំពីអង្គការមូលនិធិបង្ការរបួសអាស៊ី
អង្គការមូលនិធិបង្ការរបួស
អាស៊ី គឺជាអង្គការមិនមែនរដ្ឋាភិបាល
និងមិនស្វែងរកប្រាក់ចំណេញ ដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ការការរងរបួស និងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងបណ្តាប្រទេសដែល មានចំណូលទាប និងមធ្យម។ អស់រយៈពេល១៥ឆ្នាំមកហើយដែលអង្គការមូលនិធិបង្ការរបួស អាស៊ីបានអនុវត្តកម្មវិធី សុវត្ថិភាពចរាចរណ៍ដ៏មានប្រសិទ្ធភាពនៅបណ្តាប្រទេសជាច្រើនរួមមាននៅទ្វីបអាស៊ី
និងទ្វីបអាហ្វ្រិច។ ដើម្បីស្វែងយល់បន្ថែម សូមចូលទស្សនាគេហទំព័រ asiainjury.org ឬភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំនៅលើ Twitter @AIPFoundation ។
អំពីគម្រោង “មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់”
“គម្រោង “មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់” គឺជាគម្រោងមួយដែលមានរយៈពេល២ឆ្នាំ ហើយទទួលបានការគាំទ្រពីកម្មវិធី
Development
Innovation Ventures (DIV) នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ និងពីមូលនិធិសហព័ន្ធយានយន្តអន្តរជាតិ/មូលនិធិសុវត្ថិភាព ចរាចរណ៍, មូលនិធិក្រុមហ៊ុន យូភីអេស និងមជ្ឈមណ្ឌលសហរដ្ឋអាមេរិកសម្រាប់បង្ការ និងគ្រប់គ្រងជម្ងឺ។ គម្រោងនេះមានគោលដៅបង្កើនអត្រានៃការពាក់មួកសុវត្ថិភាពសំរាប់អ្នករួមដំណើរនៅក្នុងប្រទេសកម្ពុជា។ អង្គការមូលនិធិបង្ការរបួស
អាស៊ី មានបំណងធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងអំពីការពាក់មួកសុវត្ថិភាពនៅទូទាំងប្រទេសតាមរយៈ គម្រោងនេះដោយផ្តល់ដល់កុមារនៅតាមសាលាបឋមសិក្សា និងលោកគ្រូ អ្នកគ្រូនូវមួកសុវត្ថិភាពដែលមានគុណភាព និងការអប់រំអំពីសុវត្ថិភាពចរាចរណ៍, បង្កើតនូវយុទ្ធនាការអប់រំផ្សព្វផ្សាយជាសាធារណៈ និងទាក់ទាញមតិគាំទ្រសម្រាប់ការអនុវត្តច្បាប់ដែលកំណត់ឱ្យអ្នករួមដំណើរជាមួយតាមទោចក្រយានយន្តត្រូវតែពាក់មួកសុវត្ថិភាព។
សម្រាប់ព័ត៌មានបន្ថែម
សូមទំនាក់ទំនង
លោក គឹម បញ្ញា
នាយក អង្គការមូលនិធិបង្ការរបួស
អាស៊ី ប្រចាំប្រទេសកម្ពុជា
ផ្ទះលេខ ១៨បេអឺ០ ផ្លូវលេខ
៣៤៨ សង្កាត់ទូលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទលេខ៖ ៨៥៥ ១២
៤២៤ ២៣៤; អ៊ីម៉ែល៖ pagna.kim@aipf-cambodia.org៕
####