បុគ្គលិកអាកាសយានដ្ឋានអន្តរជាតិ កម្ពុជាប្រមាណជាង២២០នាក់បានទទួលចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ប្រទេសកម្ពុជា ថ្ងៃទី២១ – ៣០ ខែមីនា ឆ្នាំ២០១៧៖
អង្គការមូលនិធិបង្ការរបួសអាស៊ីបានបើកវគ្គបណ្តុះបណ្តាលអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់បុគ្គលិកអាកាសយានដ្ឋានអន្តរជាតិកម្ពុជាប្រមាណជាង២២០នាក់នាឯអាកាសយានដ្ឋានទាំង៣ទីតាំង។ វគ្គបណ្តុះបណ្តាលដែលបានប្រព្រឹត្តទៅតាមទីតាំងផ្សេងៗគ្នាក្នុងចន្លោះពីថ្ងៃទី២១ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ បានបង្ហាញពីទិដ្ឋភាពទូទៅនៃស្ថានភាពចរាចរណ៍សំខាន់ៗនៅលើដងផ្លូវក្នុងប្រទេសកម្ពុជាក៏ដូចជាបច្ចេកទេសនៃការបើកបរប្រកបដោយសុវត្ថិភាព។
នៅក្រៅបន្ទប់បណ្តុះបណ្តាលសិក្ខាកាមបានចូលរួមអនុវត្តសកម្មភាពជាក់ស្តែងមួយចំនួនយ៉ាងសកម្មដែលបង្ហាញអំពីគ្រោះថ្នាក់នៃការបើកបរមិនយកចិត្តទុកដាក់ និងរបៀបគេចចេញពីដែនងងឹតនៃរថយន្តដែលប្រកបដោយគ្រោះថ្នាក់នៅពេលបើកបរ។ វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងនៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសៀមរាប។
វគ្គបណ្តុះបណ្តាលនេះបានផ្តោតជាសំខាន់ទៅលើការផ្តល់ឱកាសដល់សិក្ខាកាមឱ្យធ្វើការឆ្លុះបញ្ចាំងពីឥរិយាបថជាក់ស្តែងរបស់ពួកគេក្នុងការបើកបរកន្លងមក និងពិភាក្សាពីបទពិសោធន៍នៃគ្រោះថ្នាក់ចរាចរណ៍ដែលពួកគេបានដឹង និងបានទទួលរងគ្រោះដោយផ្ទាល់ខ្លួន។ ប្រហែល៤០%នៃសិក្ខាកាមបាននិយាយថាពួកគេធ្លាប់បានទទួលរងគ្រោះថ្នាក់ចរាចរណ៍ ក្នុងខណៈពេលដែលពួកគេប្រមាណជាង៥០%បាននិយាយថា មានមិត្តភក្តិ និងសាច់ញាតិធ្លាប់ទទួលរងគ្រោះថ្នាក់ចរាចរណ៍។
នៅចុងបញ្ចប់នៃគ្រប់វគ្គបណ្តុះបណ្តាល សិក្ខាកាមទាំងអស់បានធ្វើការប្តេជ្ញាចិត្តក្នុងការប្រកាន់យកឥរិយាបថក្នុងការបើកបរប្រកបដោយសុវត្ថិភាពមួយចំនួនដូចជា៖ ការពាក់មួកសុវត្ថិភាព ការបន្ថយល្បឿន ការបើកបរដោយយកចិត្តទុកដាក់ និងការផ្តោតអារម្មណ៍នៅលើដងផ្លូវ ព្រមទាំងចែករំលែកចំណេះដឹងដែលទទួលបានទៅកាន់មិត្តភក្តិ និងសាច់ញាតិរបស់ខ្លួនទៀតផង។
តាមរយៈការថ្លែងចំណាប់អារម្មណ៍ខ្លីមួយនៅពេលចាប់ផ្តើមវគ្គបណ្តុះបណ្តាល លោក Éric Delobel ប្រធាននាយកប្រត្តិបត្តិនៃអាកាសយានដ្ឋានអន្តរជាតិកម្ពុជាបានបញ្ជាក់ថា សុវត្ថិភាពគឺជាអាទិភាពទីមួយរបស់ស្ថាប័នលោក។ ហេតុនេះ ការសហការជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ីដែលជា ស្ថាប័ននាំមុខគេក្នុងការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍វាពិតជាមានភាពសមស្រប និងចំពេលវេលា ព្រមទាំងរួមចំណែកក្នុងការឈានទៅសម្រេចបាននូវគោលដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមបុគ្គលិករបស់លោកឱ្យដល់កំរិតសូន្យ។