មួកសុវត្ថិភាពប្រមាណជាង៩០០មួក ត្រូវបានផ្តល់ជូនដល់សិស្សានុសិស្សនៅសាលារៀនដែលស្ថិតតាមបណ្តោយផ្លូវជាតិប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់
គម្រោង "មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ" ដែលទទួលការគាំទ្រពីក្រុមហ៊ុនមេនូឡាយហ្វ៍នេះ បានប្រារព្ធពិធីប្រកាសផ្តើមអនុវត្តសកម្មភាពសម្រាប់ឆ្នាំទី៥របស់ខ្លួន ក្នុងសាលាបឋមសិក្សាកេសរារាមដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ហើយដែលប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្លាំង និងស្ថិតក្នុងតំបន់ដែលមានចរាចរណ៍មមាញឹកនៃខេត្តដែលមានអ្នករួមដំណើរតាមម៉ូតូ ព្រមទាំងកុមារត្រឹមតែ២២%ប៉ុណ្ណោះដែលពាក់មួកសុវត្ថិភាព។ ក្រៅពីការឧបត្ថម្ភមួកសុវត្ថិភាព គម្រោងនេះបានផ្តល់ការអប់រំ និងអនុវត្តសកម្មភាពបង្កើនការយល់ដឹងមួយចំនួនសម្រាប់កុមារ ដូចជាការបណ្តុះបណ្តាល និងបង្ហាញអំពីសុវត្ថិភាពចរាចរណ៍ និងរបៀបធ្វើដំណើរនៅលើដងផ្លូវ។
អ្នកចូលរួមប្រមាណជាង១.០០០នាក់ដែលជាសិស្សានុសិស្ស មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងសហគមន៍បានចូលរួមក្នុងពិធីនេះ។ កម្មវិធីនេះក៏ទទួលបានការចូលរួមពីលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម បណ្ឌិត គីម ឆៃហៀង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក Roy Gori, ប្រធាន និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនមេនូឡាយហ្វ៍ប្រចាំតំបន់អាស៊ី លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា និងលោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជា។
ឯកឧត្តម បណ្ឌិត គីម ឆៃហៀង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា "ក្នុងឆ្នាំ២០១៥មានមនុស្សជិត១០០នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប។ យើងមិនអាចទទួលយកបានទេ យើងសង្ឃឹមថាគម្រោងមួកសុវត្ថិភាពសម្រាប់គ្រួសារនឹងនាំមកនូវសុវត្ថិភាពចរាចរណ៍ល្អប្រសើរសម្រាប់សហគមន៍របស់យើង"។
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា៖ "នេះជាពេលវេលាដ៏សមស្របសម្រាប់ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ក្នុងប្រទេសរបស់យើង ពីព្រោះឆ្នាំនេះយើងបានចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍នៅទូទាំងប្រទេស ដែលកំណត់ឲ្យអ្នករួមដំណើរតាមម៉ូតូពាក់មួកសុវត្ថិភាព"។ លោកជំទាវបន្ថែមទៀតថា៖ “កិច្ចសហការជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ី និងក្រុមហ៊ុនមេនូឡាយហ្វ៍ចំពោះគម្រោងនេះគឺជាជំហ៊ានដ៏មានសារៈសំខាន់ដែលនឹងរួមចំណែកឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសំដៅកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឲ្យបានពាក់កណ្តាលនាឆ្នាំ២០២០ និងសង្រ្គោះជីវិតមនុស្សឲ្យបាន៧៣៥០នាក់នៅក្នុងប្រទេសកម្ពុជា"។
សិស្សានុសិស្សនៃសាលាបឋមសិក្សាកេសរារាមប្រមាណ៨០%បានធ្វើដំណើរទៅមកសាលារៀនដោយម៉ូតូ និងកង់។ ក្នុងឆ្នាំ២០១៤ មានសិស្សសាលានេះម្នាក់បានស្លាប់ ហើយកាលពី២ឆ្នាំមុនមានសិស្ស៤នាក់ផ្សេងទៀតបានរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។
លោក Roy Gori ប្រធាន និងជា អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនមេនូឡាយហ្វ៍ប្រចាំតំបន់អាស៊ីមានប្រសាសន៍ថា៖ ក្រុមហ៊ុនរបស់លោកមានមោទនភាពដែលបានរួមចំណែកក្នុងគម្រោងបម្រើដល់សហគមន៍ដ៏សំខាន់មួយនេះ។
លោកប្រធានបានមានប្រសាសន៍ទៀតថា៖ “យើងមានមោទនភាពដែលបានគាំទ្រគម្រោងមួកសុវត្ថិភាពសម្រាប់គ្រួសារតាំងពីឆ្នាំ២០១២មក ហើយក្នុងរយៈពេលនេះគម្រោងនេះបានផ្តល់មួកសុវត្ថិភាពជិត៤.០០០ដល់សហគមន៍ក្នុងប្រទេសកម្ពុជា”។ លោកបន្ថែមថា "នេះជាគម្រោងដ៏សំខាន់មួយដែលបានរួមចំណែកយ៉ាងច្រើនក្នុងកិច្ចការពារកុមារនៅតាមមូលដ្ឋាន។ ក្នុងនាមក្រុមហ៊ុនមេនូឡាយហ្វ៍ និងក្នុងនាមជាឳពុកម្នាក់ យើងមានកិត្តិយសណាស់ក្នុងការគាំទ្រ គម្រោងមួកសុវត្ថិភាពសម្រាប់គ្រួសារ នេះ”។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ "ទោះបីជាច្បាប់ចរាចរណ៍របស់ប្រទេសកម្ពុជាដែលបានកំណត់ការពាក់មួកសុវត្ថិភាពសម្រាប់អ្នករួមដំណើរតាមម៉ូតូបានចាប់ផ្តើមអនុវត្តកាលពីដើមឆ្នាំនេះក្តី ក៏ប៉ុន្តែមិនទាន់មានការអនុវត្តច្បាប់ចំពោះករណីកុមារមិនពាក់មួកសុវត្ថិភាពនៅឡើយទេ"។ លោកបន្ថែមទៀតថា "នៅមានការងារជាច្រើនផ្សេងទៀតដែលយើងត្រូវធ្វើ ប៉ុន្តែការផ្តល់ការអប់រំអំពីសុវត្ថិភាពចរាចរណ៍ និងការផ្តល់មួកសុវត្ថិភាពដែលមានគុណភាពដល់សិស្សានុសិស្សទាំងនេះនឹងជួយកាត់បន្ថយការស្លាប់ និងរងរបួសធ្ងន់ធ្ងរក្នុងករណីបើមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង”។
ជារៀងរាល់ឆ្នាំមានមនុស្សប្រមាណជាង ២០០០នាក់បានស្លាប់ក្នុងប្រទេសកម្ពុជា។ ប្រមាណ៨៣%នៃយានយន្តនៅលើដងផ្លូវក្នុងប្រទេសកម្ពុជា គឺទោចក្រយានយន្ត និងត្រីចក្រយានយន្ត។