សិក្ខាសាលាបង្កើនកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ ត្រូវបានប្រារព្ធ ធ្វើដើម្បីធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍របស់កម្មករនិយោជិតនៅទូទាំងប្រទេសកម្ពុជា

សិក្ខាសាលាបង្កើនកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ ត្រូវបានប្រារព្ធ ធ្វើដើម្បីធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍របស់កម្មករនិយោជិតនៅទូទាំងប្រទេសកម្ពុជា

នៅជុំវិញពិភពលោក ជំងឺរាតត្បាតកូវីដ-១៩ បានកំណត់ឡើងវិញយ៉ាងគំហុកអំពីរបៀបបំពញការងារនៅគ្រប់វិស័យសម្រាប់យើងម្នាក់ៗ។ មនុស្សយើងជាច្រើនមានកន្លែងទំនើប និងមានផាសុកភាពក្នុងការធ្វើការងារពីផ្ទះរបស់ខ្លួន អ្នកខ្លះទៀតអាចធ្វើដំណើរតាមមធ្យាបាយដឹកជញ្ជូនសាធារណៈដោយសុវត្ថិភាពទៅកាន់ការិយាល័យ ហើយមួយចំនួនទៀតអាចសូម្បីតែដើរ ឬជិះកង់ទៅធ្វើការ។

យ៉ាងណាមិញ ហេតុការណ៍ពិតសម្រាប់កម្មករនិយោជិតរោងចក្រនៅកម្ពុជាគឺមានភាពខុសគ្នាខ្លាំងណាស់។ កម្មករនិយោជិតរាប់ពាន់នាក់កំពុងបន្តប្រឈមនឹងហានិភ័យដល់ជីវិត ដើម្បីរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសាររបស់ពួកគេ។ យានយន្តជាច្រើនដែលពួកគេពឹងផ្អែកសម្រាប់ការធ្វើដំណើរមិនបានថែទាំត្រឹមត្រូវ មិនមានសុវត្ថិភាព និងផ្ទុកមនុស្សយ៉ាងច្រើនណែនណាន់តាន់តាប់។ ចំណែកឯកម្មករនិយោជិតដែលមិន ឬមិនអាចប្រើប្រាស់មធ្យោបាយធ្វើដំណើររួម ក៏មានបញ្ហាដែលបង្កជាគ្រោះថ្នាក់ ដោយសារការមិនគោរពគោលការណ៍សុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន អ្នកបើកបរមានឥរិយាបទគ្រោះថ្នាក់ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មិនទាន់ប្រសើរជាដើម។

កាលពីឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមកម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀក        បំពាក់ និងផលិតស្បែកជើងមានប្រមាណជាង ៥៥% នៃចំនួនកម្មករនិយោជិតដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍សរុបពេលទៅមកបំពេញការងារ។ ហានិភ័យខ្ពស់នៃគ្រោះថ្នាក់ចរាចរណ៍ដែលជួបប្រទះនៅលើដងផ្លូវមិនត្រឹមតែប៉ះពាល់ដល់អាយុជីវិតរបស់កម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ជីវិតរស់នៅរបស់សមាជិកគ្រួសារចំនួន ២លាននាក់ដែលកម្មករនយោជិតទាំងនោះទំនុកបម្រុងផងដែរ។

ហានិភ័យនៃការធ្វើដំណើរទាំងនេះគឺអាចបង្ការបាន។ ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ទាំងនេះ និងដើម្បីធ្វើការរួមគ្នាសំដៅស្វែងរកដំណោះស្រាយនានា អង្គការមូលនិធិបង្ការរបួសអាស៊ីបានរៀបចំសិក្ខាសាលាប្រចាំឆ្នាំដើម្បីចែករំលែកការអនុវត្តល្អ និងបទពិសោធន៍អំពីរបៀបដែលយើងអាចកែលម្អសុវត្ថិភាពក្នុងការធ្វើដំណើរសម្រាប់កម្មករនិយោជិតកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធី “បង្ការ និងបង្កើនការចូលរួម” ដែលគាំទ្រថវិកាដោយក្រុមហ៊ុនសាជីវកម្ម វីអេហ្វ (VF Corporation) ។ សិក្ខាសាលានេះទទួលបានការសហការរៀបចំពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង     គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីបង្កើតឱ្យមានវេទិកាជួបជុំគ្នានៃអ្នកពាក់ព័ន្ធដែលចូលរួមក្នុងការអនុវត្តកម្មវិធីសំដៅជំរុញការបន្តកិច្ចសន្ទនា និងឱកាសក្នុងការធ្វើកិច្ចសហប្រតិបត្តិការ។ អ្នកតំណាងមកពីរោងចក្រដៃគូ ក្រុមអ្នកបញ្ជាទិញ សហជីព សមាគមអ្នកបើកបររថយន្តដឹកកម្មករនិយោជិត តំបន់សេដ្ឋកិច្ចពិសេស ស្ថាប័ន-អង្គភាពរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវបានអញ្ជើញឱ្យចូលរួមដើម្បីផ្លាស់ប្តូរអំពីឱកាសក្នុងការធ្វើកិច្ចសហប្រតិបត្តិការ។ ភាគីពាក់ព័ន្ធទាំងនេះ នឹងកំណត់សកម្មភាពដែលអាចអនុវត្តបាន និងគាំទ្រគំនិតផ្តួចផ្តើមកម្រិតរោងចក្រដើម្បីដោះស្រាយ និងធ្វើសកម្មភាពលើបញ្ហាសុវត្ថិភាពចរាចរណ៍ជាក់លាក់របស់កម្មករនិយោជិត        កម្ពុជា។

 “សិក្ខាសាលានេះផ្តល់ឱកាសពិសេសមួយសម្រាប់អ្នកគ្រប់គ្នាក្នុងការចែករំលែកបទពិសោធន៍ជោគ ជ័យដូចជាការផ្លាស់ប្តូរពីរថយន្តដឹកទំនិញ ទៅជារថយន្តដែលមានសុវត្ថិភាពប្រសើរជាងមុន មានកន្លែងអង្គុយសមរម្យ ដែលយានយន្តដ៏សំខាន់ក្នុងការឈានឆ្ពោះទៅមុខសម្រាប់លើកកម្ពស់សុវត្ថិភាពចរាចរណ៍របស់កម្មករនិយោជិតនៅទូទាំងប្រទេសកម្ពុជា” នេះបើតាមការបញ្ជាក់របស់លោក Graham Cronshaw នាយកប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុនសាជីវកម្ម វីអេហ្វ (VF Corporation) ។

បុគ្គលិករបស់អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា នឹងបង្ហាញអំពីកម្មវិធី “បង្ការ និងការបង្កើនការចូលរួម” ក៏ដូចជាលក្ខណៈវិនិច្ឆ័យនៃការអនុវត្តល្អ។ លក្ខណៈវិនិច្ឆ័យនៃការអនុវត្តល្អគឺផ្អែកលើប្រធានបទបួន។ ទី១ គឺការផ្លាស់ប្តូរពីរថយន្តដឹកទំនិញ ទៅជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង ទី២ គឺការអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្រិតរោងចក្រ លក្ខណៈវិនិច្ឆ័យទីបី គឺផ្ដោតលើការបង្កើនចំណេះដឹង និងការយល់ដឹងរបស់កម្មកររោងចក្រ ហើយលក្ខណៈវិនិច្ឆ័យចុងក្រោយគឺការបង្កើនការប្រើប្រាស់មួកសុវត្ថិភាពសម្រាប់កម្មករនិយោជិតដែលធ្វើដំណើរតាមទោចក្រយានយន្ត (ម៉ូតូ)។

ការពិភាក្សាពេញអង្គនឹងអនុញ្ញាតឱ្យមានការចែករំលែកនូវបទពិសោធន៍ជាច្រើនពីភាគីរោងចក្រ និងតំបន់សេដ្ខកិច្ចពិសេសអំពីការប្តូរយានយន្តប្រកបដោយជោគជ័យ មកជាយានយន្តដែលមានសុវត្ថិភាពប្រសើរជាង ជាមួយនឹងកិច្ចពិភាក្សាតាមក្រុមស្តីពីសកម្មភាពដែលរោងចក្រអាចអនុវត្ត បាន ដើម្បីដោះស្រាយបញ្ហាសុវត្ថិភាពនៃការធ្វើដំណើរជាក់លាក់ដូចជា បញ្ហាការប្រើប្រាស់រថយន្តដឹកទំនិញដែលមិនមានសុវត្ថិភាពយកមកដឹកកម្មករនិយោជិត ព្រមទាំងមានការពិភាក្សាជាមួយមន្រ្តីជំនាញថា តើភាគីពាក់ព័ន្ធអាចគាំទ្រអ្វីខ្លះដល់គំនិតផ្តួចផ្តើមនៅកម្រិតរោងចក្រដើម្បីធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពនៃការធ្វើដំណើររបស់កម្មករនិយោជិត។ រថយន្តដឹកទំនិញដែលកំពុងតែផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិតទៅមកបំពេញការងារក្នុងពេលបច្ចុប្បន្ននេះ ភាគច្រើនមានទំហំធំវែង រាបស្មើ និងប្រកបដោយគ្រោះថ្នាក់ តម្រូវឱ្យកម្មករនិយោជិតត្រូវធ្វើដំណើរដោយការឈរ តោង ផ្តុំគ្នា ដោយមិនមានកៅអីអង្គុយ។ ជារឿយៗ កម្មករនិយោជិតតែងតែប្រជ្រៀតគ្នានៅលើរថយន្តដែលបណ្តាលឱ្យមានហានីភ័យខ្ពស់នៃគ្រោះថ្នាក់ចរាចរណ៍ចំពោះសុវត្ថិភាព និងសុខុមាលភាពរបស់ពួកគាត់។ សិក្ខាសាលានេះនឹងមានការពិភាក្សាជាមួយមន្រ្តីជំនាញដោយផ្តោតលើថាតើភាគីពាក់ព័ន្ធអាចគាំទ្រយ៉ាងដូចម្តេចខ្លះចំពោះគំនិតផ្តួចផ្តើមនៅកម្រិតរោងចក្រ ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត។ 


លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ “ ក្នុងគោលបំណងស្វែងរកនូវដំណោះស្រាយមួយចំពោះគ្រោះថ្នាក់ដែលកម្មករនិយោជិតក្នុង  វិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងកំពុងប្រឈមរាល់ថ្ងៃនោះ យើងត្រូវការនូវបទពិសោធន៍ និងធាតុចូលទាំងឡាយពីគ្រប់ភាគីពាក់ព័ន្ធ។ បើយើងរួមគ្នា យើងអាចធ្វើការដើម្បីលើកកម្ពស់លក្ខខណ្ឌ និងធានាថា កម្មករនិយោជិតទាំងអស់មានសុវត្ថិភាពក្នុងពេលធ្វើដំណើរទៅមកបំពេញការងារ”។ 

###

អំពីកម្មវិធី បង្ការ និងបង្កើនការចូលរួម (P&P program)
កម្មវិធីបង្ការ និងបង្កើនការចូលរួម (P&P program) ដែលនឹងកំពុងអនុវត្តនៅចន្លោះឆ្នាំ២០២០ ដល់ ២០២៤ និងមានដំណើរការជាបន្តរបន្ទាប់ជាមួយនឹងរោងចក្រចំនួន ១៣ ដែលមានកម្មករនិយោជិត និងអ្នកបើកបរប្រមាណ ២៥.០០០នាក់ នៅទូទាំងខេត្ត រាជធានីចំនួន ០៦។ កម្មវិធីនេះ មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត (រថយន្ត និងអ្នកបើកបរដែលមានប័ណ្ណបើកបរ)   កាត់បន្ថយនូវឥរិយាបថដែលបង្ករគ្រោះថ្នាក់របស់អ្នកបើកបរមានដូចជា ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការរំខានពេលបើកបរ ការមិនយកចិត្តទុកដាក់ និងមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរ ព្រមទាំងការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងចរាចរណ៍នៅជុំវិញរោងចក្រ។ អង្គការមូលនិធិបង្ការរបួសអាស៊ី នឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យមានការផ្លាស់ប្តូរគោលនយោបាយ និងច្បាប់ផងដែរ។ ជាងនេះទៅទៀត អង្គការមូលនិធិបង្ការរបួសអាស៊ី នឹងធ្វើការកសាងសមត្ថភព និងគាំទ្រទៅដល់រោងចក្រ ដើម្បីឲ្យមានគំនិតផ្តួចផ្តើម និងភាពជាម្ចាស់ការ និងការកំណត់ និងការអនុវត្តសកម្មភាពដែលលើកកម្ពស់ដល់ការផ្លាស់ប្តូរទៅជារថយន្តដឹកអ្នកដំណើរដែលមានសុវត្ថិភាព និងមានកៅអីសម្រាប់អ្នកដំណើរដែលជម្រុញដល់អ្នកបើកបរដឹកកម្មករនិយោជិតទាំងអស់មានលក្ខណៈសម្បត្តិសមរម្យ។


អំពីអង្គការមូលនិធិបង្ការរបួសអាស៊ី


អង្គការមូលនិធិបង្ការរបួសអាស៊ី គឺជាអង្គការមិនមែនរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ការការរងរបួស និងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងបណ្តាប្រទេសដែលមានចំណូលទាប និងមធ្យម។ អស់រយៈពេលជាង២២ឆ្នាំមកហើយដែលអង្គការមូលនិធិបង្ការរបួសអាស៊ី បានអនុវត្តកម្មវិធីសុវត្ថិភាពចរាចរណ៍ដ៏មានប្រសិទ្ធភាពនៅបណ្តាប្រទេសជាច្រើនរួមមាននៅទ្វីបអាស៊ី និងទ្វីបអាហ្វ្រិច។ ដើម្បីស្វែងយល់បន្ថែម សូមចូល       ទស្សនាគេហទំព័រ www.aip-foundation.org  ឬភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំនៅលើ Twitter @AIPFoundation ។


សម្រាប់ការទំនាក់ទំនងផ្នែកព័ត៌មាន៖
Victoria Jonsson 
អ្នកសម្របសម្រួលផ្នែកទំនាក់ទំនង
អង្គការមូលនិធិបង្ការរបួសអាស៊ី
ទូរស័ព្ទ៖ (+84) 91 598 75 84
អ៊ីម៉ែល៖  victoria.jonsson@aipf-vietnam.org ។