ច្បាប់ដែលកំណត់ឲ្យអ្នករួមដំណើរតាមទោចក្រយានយន្ត ត្រូវពាក់មួកសុវត្ថិភាព អាចការពារការខាតបង់ថវិកាបានជិត ១០០លានដុល្លាសហរដ្ឋអាមេរិក

ច្បាប់ដែលកំណត់ឲ្យអ្នករួមដំណើរតាមទោចក្រយានយន្ត ត្រូវពាក់មួកសុវត្ថិភាព អាចការពារការខាតបង់ថវិកាបានជិត ១០០លានដុល្លាសហរដ្ឋអាមេរិក

រាជ​ធានី​ភ្នំ​ពេញ​ ថ្ងៃ​ទី​៧​ ខែ​ឧសភា​ ឆ្នាំ​២០១៤

       ៖នៅ​ថ្ងៃ​ទី៧​ ខែ​ឧសភា​ អង្គ​ការ​មូល​និ​ធិ​បង្ការ​របួស​ អាស៊ី​ បាន​ផ្សព្វ​ផ្សាយ​នូវ​លទ្ធ​ផល​នៃ​ការ​វិភាគ​មួយ​ស្តី​ពី​ “ការ​រួម​ចំណែក​ការ​ពារ​ការ​ខាត​បង់​ថវិកា​ និង​ការ​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​ពី​ការ​អនុម័ត​ និង​អនុវត្ត​ច្បាប់​កំណត់​ឲ្យ​អ្នក​រួម​ដំណើរ​តាម​ទោ​ចក្រ​យាន​យន្ត​ គិត​ទាំង​កុមារ​ ត្រូវ​ពាក់​មួក​សុវត្ថិ​ភាព​”។ ការ​ចេញ​ផ្សាយ​នូវ​លទ្ធ​ផល​នៃ​ការ​វិភាគ​នេះ​ គឺ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​របស់​អង្គ​ការ ​-ស្ថា​ប័ន​នា​នា​ធ្វើ​ឡើង​ដើ​ម្បី​ជម្រុញ​លើក​ទឹក​ចិត្ត​ដល់​រាជ​រដ្ឋា​ភិ​ បាល​កម្ពុជា​ក្នុង​ការ​ពន្លឿន​ការ​អនុម័ត​ និង​អនុវត្ត​ឲ្យ​បាន​ឆាប់​រហ័ស​នូវ​សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ ផ្លូវ​គោក​(ថ្មី)​ ដែល​ក្នុង​នោះ​ក៏​បាន​តម្រូវ​ឲ្យ​អ្នក​រួម​ដំណើរ​តាម​ទោ​ចក្រ​យាន​យន្ត​ គិត​ទាំង​កុមារ​ ត្រូវ​តែ​ពាក់​មួក​សុវត្ថិ​ភាព​។

ប្រសិន​បើ​មាន​ការ​អនុម័ត​ច្បាប់​ដែល​មាន​ចែង​អំពី​ការ​ពាក់​មួក​សុវត្ថិ​ ភាព​សម្រាប់​អ្នក​រួម​ដំណើរ​តាម​ទោ​ចក្រ​យាន​យន្ត​ក្នុង​ឆ្នាំ​២០១៤​ ហើយ​មាន​ការ​អនុវត្ត​ការ​រឹត​បន្តឹង​ច្បាប់​នេះ​នា​ដើម​ឆ្នាំ​២០១៥​នោះ​​ អត្រា​ នៃ​ការ​ពាក់​មួក​សុវត្ថិ​ភាព​ក្នុង​ចំណោម​អ្នក​រួម​ដំណើរ​តាម​ទោ​ចក្រ​យាន​ យន្ត​ ដែល​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ត្រឹម​ ៧​ភាគ​រយ​ប៉ុណ្ណោះ​ ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​នឹង​មាន​ការ​កើន​ឡើង​រហូត​ដល់​ ៥៥​ភាគ​រយ​ក្នុង​ឆ្នាំ​ ២០១៥​ ហើយ​នឹង​បន្ត​កើន​ឡើង​ប្រមាណ​ ៥​ភាគ​រយ​ ជា​រៀង​រាល់​ឆ្នាំ​បន្ត​បន្ទាប់​រហូត​ឈាន​ដល់​ ៨០​ភាគ​រយ​នៅ​ត្រឹម​ឆ្នាំ​២០២០​។ ជា​លទ្ធ​ផល​ យើង​អាច​សង្រ្គោះ​ជីវិត​មនុស្ស​ពី​ការ​ស្លាប់​បាន​ប្រមាណ​ ៥៦១​នាក់​ និង​បញ្ជៀស​ការ​រង​របួស​ក្បាល​ធ្ងន់​ធ្ងរ​បាន​ដល់​ទៅ​ ១០,៥៧២នាក់​ ហើយ​ការ​ពារ​ការ​ខាត​បង់​ថវិកា​ ប្រមាណ​ ៩៨,៦១៨,៤២២ ដុល្លា​សហ​រដ្ឋ​អា​មេ​រិក​ចាប់​ពី​ឆ្នាំ​២០០៥​ ដល់​ឆ្នាំ​២០​២០​។   

លោក​ គឹម បញ្ញា នា​យក​អង្គ​ការ​មូល​និ​ធិ​បង្ការ​របួស​ អាស៊ី​ ប្រ​ចាំ​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​៖ “ការ​វិភាគ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​លាស់​ថា​ នេះ​គឺ​ជា​មូល​ហេតុ​ដែល​ប្រទេស​កម្ពុជា​ត្រូវ​ការ​ជា​បន្ទាន់​នូវ​ច្បាប់​ ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ (ថ្មី)​”។ លោក​នាយក​បាន​បន្ថែម​ទៀត​ថា​៖ “យើង​ខ្ញុំ​សូម​ជម្រុញ​លើក​ទឹក​ចិត្ត​ដល់​ភាគី​ពាក់​ព័ន្ធ​ ដៃ​គូ​ដែល​បំពេញ​ការ​ងារ​សុវត្ថិ​ភាព​ចរាចរណ៍​ទាំង​អស់​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នា​នា​ សូម​ប្រើ​ប្រាស់​នូវ​លទ្ធ​ផល​នៃ​ការ​វិភាគ​ស្រាវ​ជ្រាវ​នេះ​នៅ​ក្នុង​កិច្ច​ ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើ​ម្បី​ទាក់​ទាញ​មតិ​គាំ​ទ្រ​ និង​លើក​ទឹក​ចិត្ត​ដល់​រាជ​រដ្ឋា​ភិ​បាល​ឲ្យ​ធ្វើ​ការ​អនុ​ម័ត​ និង​អនុវត្ត​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ (ថ្មី)​ ឲ្យ​បាន​ឆាប់​រហ័ស​សំដៅ​ឈាន​ទៅ​សម្រេច​គោល​ដៅ​ក្នុង​ការ​ជម្រុញ​ឲ្យ​មាន​ការ ​ពាក់​មួក​សុវត្ថិ​ភាព​ដល់​ទៅ​ ៨០​ភាគ​រយ​ត្រឹម​ឆ្នាំ២០២០”។
    
ឯកឧត្តម ពៅ ម៉ាលី អគ្គ​លេខា​ធិ​ការ​ គណៈ​កម្មា​ធិ​ការ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​ បាន​មាន​ប្រសាសន៍​ថា​៖ “លទ្ធ​ផល​នៃ​ការ​វិភាគ​នេះ​បញ្ជាក់​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា​ រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​កំពុង​តែ​បំពេញ​នូវ​កិច្ច​ការ​សង្រ្គោះ​ជីវិត​ដ៏​ ត្រឹម​ត្រូវ​ តាម​រយៈ​ការ​កំណត់​ឲ្យ​អ្នក​រួម​ដំណើរ​តាម​ទោ​ចក្រ​យាន​យន្ត​គិត​ទាំង​កុមារ ​ ត្រូវ​តែ​ពាក់​មួក​សុវត្ថិ​ភាព​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ ចរាចរណ៍​ផ្លូវ​គោក​ (ថ្មី)”។ ឯក​ឧត្តម​អគ្គ​លេ​ខា​ធិ​ការ​ បាន​មាន​ប្រសា​សន៍​បន្ថែម​ទៀត​ថា​៖ “នា​ពេល​បច្ចុប្បន្ន​នេះ​ សេចក្តី​ព្រាង​ច្បាប់​ ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​គឺ​កំពុង​មាន​ដំណើរ​ការ​រីក​ចំ​រើន​ទៅ​មុខ​ ហើយ​យើង​ក៏​កំពុង​តែ​បង្កើន​នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ក្នុង​ក្តី​ សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ សេច​ក្តី​ព្រាង​ច្បាប់​នេះ​នឹង​ទទូល​បាន​ការ​អនុម័ត​ និង​អនុវត្ត​យ៉ាងឆាប់​រហ័ស​ សំ​ដៅ​ឈាន​ទៅ​សម្រេច​តាម​គោល​ដៅ​របស់​យើង​ គឺ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ឲ្យ​បាន​ជា​ច្រើន​ពាន់​នាក់​ក្នុង​អំឡុង​ពេល​ នៃ​ទសវត្សរ៍​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​ឆ្នាំ​២០១១​-២០២០​”។

សូម​បញ្ជាក់​ថា​ រូប​មន្ត​ដែល​អង្គ​ការ​មូល​និ​ធិ​បង្ការ​របួស​ អាស៊ី ប្រើ​ប្រាស់​សម្រាប់​ការ​គណនា​អំពី​ចំនួន​ជីវិត​មនុស្ស​ដែល​អាច​សង្គ្រោះ​ ជីវិត​បាន​ និង​ការ​ការ​ពារ​ការ​ខាត​បង់​ថវិកា​ គឺ​យក​លំ​នាំ​តាម​បណ្តា​រូប​មន្ត​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ផ្នែក​ សុខ​ភាព​សាធារណៈ​ដោយ​មជ្ឈ​មណ្ឌល​បង្ការ​ និង​គ្រប់​គ្រង​ជម្ងឺ​សហ​រដ្ឋ​អា​មេ​រិក​ (US​ CDC)​។ ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ផ្តល់​ការ​គាំ​ទ្រ​ដល់​កិច្ច​ខិត​ខំ​របស់​អង្គ​ ការ​មូល​និ​ធិ​បង្ការ​របួស​ អាស៊ី ដើម្បី​បន្ត​រួម​ចំណែក​លើក​កម្ពស់​ការ​ពាក់​មួក​សុវត្ថិ​ភាព​សម្រាប់​អ្នក​ រួម​ដំណើរ​តាម​ទោចក្រយាន​យន្ត​ គិត​ទាំង​កុមារ​ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​បន្ថែម​ទៀត​ដោយ​មាន​ការ​គាំ​ទ្រ​ថវិកា​ពី​ ទី​ភ្នាក់​ងារ​អភិវឌ្ឍន៍​ និង​មូល​និ​ធិ​អន្តរ​ជាតិ​ដ៏​សប្បុរ​ស​មួយ​ចំនួន​៕