មន្រ្តីនគរបាលចរាចរណ៍ចុះផ្សព្វផ្សាយដល់សិស្សានុសិស្សដើម្បីពង្រឹង
ថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥, ភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ៖
មន្រ្តីនគរបាលចរាចរណ៍នៅក្នុងប្រទេសកម្ពុជា បានចុះជួបជាមួយសិស្សានុសិស្សនៅតាមសាលារៀនដើម្បីណែនាំពីសុវត្ថិភាពចរាចរណ៍ក្នុងឱកាសទិវាកុមារអន្តរជាតិ។ មន្រ្តីនគរបាលចរាចរណ៍ចំនួន៥រូបបានចុះជួបជាមួយសិស្សានុសិស្សតាមសាលារៀនគោលដៅនីមួយរបស់គម្រោង មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់ ដោយធ្វើការជជែកពិភាក្សាអំពីអ្នកថ្មើរជើងឆ្លាតវៃនិងសុវត្ថិភាពក្នុងការប្រើប្រាស់ផ្លូវព្រមទាំងអំពីការពាក់មួកសុវត្ថិភាពនិងអត្ថប្រយោជន៍នៃការពាក់មួកសុវត្ថិភាព។
ជាសរុបមន្រ្តីនគរបាលចរាចរណ៍ចំនួន ៩០រូប បានចុះជួបជាមួយសិស្សានុសិស្សតាមសាលារៀនគោលដៅរយៈពេលបីសប្តាហ៍កន្លងទៅ។ លោក គី គួន នាយកសាលាបឋមសិក្សាចំបក់បានមានប្រសាសន៍ថា៖ ”នៅក្នុងទិវាដ៏សំខាន់នេះ យើងបានរំលេចនូវសារៈសំខាន់របស់កុមារនៅក្នុងសង្គម ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវដែលងាយរងគ្រោះ។ យើងខ្ញុំសូមថ្លែងអំណរគុណដែលបានផ្តល់ឱកាសដល់សិស្សានុសិស្សបានស្វែងយល់ថាតើសុខភាព និងសុវត្ថិភាពរបស់ពួកគេមានសារៈសំខាន់បែបណា”។
បន្ថែមពីលើការធ្វើដំណើរតាមទោចក្រយានយន្តដោយសុវត្ថិភាព និងការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ មន្រ្តីនគរបាលចរាចរណ៍បានធ្វើការណែនាំដល់សិស្សានុសិស្សអំពី អ្នកថ្មើរជើងឆ្លាតវៃ
និងជំនាញជិះកង់ដោយសុវត្ថិភាព។ សិស្សានុសិស្ស និងមន្រ្តីនគរបាលចរាចរណ៍បានចូលរួមអនុវត្តជាក់ស្តែងអំពីជំនាញសុវត្ថិភាពចរាចរណ៍មួយចំនួននៅលើផ្លូវថ្នល់ដែលបានរៀបចំនៅក្នុងទីធ្លាសាលារៀននីមួយៗ។
ទិវាកុមារអន្តរជាតិប្រព្រឹត្តទៅនៅថ្ងៃទី០១
ខែមិថុនា ឆ្នាំ២០១៥
នៅទូទាំងពិភពលោកក្នុងគោលបំណងលើកកម្ពស់សុខមាលភាពរបស់កុមារ។ លោក សាយ សេត អធិការរងអធិការដ្ឋាននគរបាលស្រុកសំរោងទងបានមានប្រសាសន៍ថា៖ “កុមារគ្រប់រូបមានសិទ្ធទទួលបានការការពារទាំងសុខភាព និងសុវត្ថិភាព រួមទាំងសុវត្ថិភាពពីគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវផងដែរ។ វាគឺជាកាតព្វកិច្ចរបស់យើងដើម្បីធានាថាកុមារទាំងឡាយបានយល់ដឹងអំពីសុវត្ថិភាព នៅពេលដែលពួកគេធ្វើដំណើរទៅមកនៅលើដងផ្លូវ ហើយក៏ជាការទទួលខុសត្រូវរបស់យើងក្នុងការផ្តល់ការអប់រំដល់ ពួកគេផងដែរ”។