ការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ប្រារព្ធធ្វើនៅតាមសាលារៀនក្នុងរាជធានីភ្នំពេញដើម្បីអបអរទិវានារីអន្តរជាតិ
៖ កាលពីថ្ងៃច័ន្ទ ទី០៣ ខែមីនា ឆ្នាំ២០១៤ ក្នុងន័យចូលរួមគាំទ្រដល់ទិវានារីអន្តរជាតិ អង្គការមូលនិធិបង្ការរបួស អាស៊ី បានអនុវត្តការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នៅពេលគោរព ទង់ជាតិនៅវិទ្យាល័យចំនួនពីរក្នុងរាជធានីភ្នំពេញ ដែលគាំទ្រដោយក្រុមហ៊ុន ឈេហ្វរ៉ុន និងនៅសាលាបឋមសិក្សា វត្តព្រះពុទ្ធ ដែលគាំទ្រដោយក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ ការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ ធ្វើឡើងដើម្បីរំលឹកដល់សិស្សានុសិស្សអំពីសារអប់រំសុវត្ថិ ភាពចរាចរណ៍ ជាពិសេសការពាក់មួកសុវត្ថិភាព និងជម្រុញដល់ពួកគេឲ្យជួយចែករំលែកសារទាំងនេះជាមួយសមាជិក ក្រុមគ្រួសារ និងមិត្តភក្តិ។
លោកស្រី ម៉ែន ច័ន្ទសុកុល មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បានមានប្រសាសន៍ថាៈ “ជនរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ដែលជាអ្នកប្រើប្រាស់ទោចក្រយានយន្ត
(ម៉ូតូ) មានចំនួនច្រើនជាងគេគឺមានរហូតដល់
៦៨% នៃចំនួនអ្នកស្លាប់សរុប ហើយក្នុងនោះ ៦៦%បានទទួលរងការប៉ះទង្គិចក្បាល។” លោកស្រីបានបន្ថែមទៀតថាៈ “ក្នុងចំណោមអ្នកដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍មានតែអ្នកបើកបរ ទោចក្រយានយន្ត២២%
និងអ្នករួមដំណើរជាមួយ ៧%ប៉ុណ្ណោះ បានពាក់មួកសុវត្ថិភាព ដែលនេះជាចំនួនមួយនៅមានកម្រិតទាបគួរឲ្យព្រួយបារម្ភ” ។
ក្រៅពីសកម្មភាពអប់រំផ្សព្វផ្សាយនៅពេលគោរពទង់ជាតិ អង្គការមូលនិធិបង្ការរបួស អាស៊ីបានប្រារព្ធវេទិកាពិភាក្សាស្តីពី
“ម្តាយខ្ញុំ និងការពាក់មួកសុវត្ថិភាព” កាលពីថ្ងៃទី០៦ ខែមីនា ដែលគាំទ្រដោយក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ នៅក្នុងអំឡុងពេលនៃវេទិការនោះ អ្នកម្តាយជាច្រើនបានទទួលនូវការអប់រំអំពីបញ្ហាប្រឈមបង្កឡើងដោយ គ្រោះថ្នាក់ចរាចរណ៍ ជាពិសេសគឺគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងការមិនពាក់មួកសុវត្ថិ ភាព, ផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងតួនាទីមាតាបិតាក្នុងការជម្រុញឲ្យកូនៗពាក់មួកសុវត្ថិភាព។
លោកស្រី ម៉េឌឺលេន ខា ទីប្រឹក្សាផ្នែកទាក់ទាញមតិគាំទ្រនៃអង្គការមូលនិធិបង្ការរបួស អាស៊ី បានមានប្រសាសន៍ថាៈ “ការរងរបួសក្បាល គឺជាទម្រង់នៃការរងរបួសដែលកើតមានជាញឹកញាប់ហើយយោងតាមការ សិក្សាស្រាវជ្រាវបានបង្ហាញថា មួកសុវត្ថិភាពគឺជាវត្ថុការពារដ៏មានប្រសិទ្ធិភាពមួយ។” លោកស្រីបានបញ្ជាក់បន្ថែមទៀតថាៈ “មួកសុវត្ថិភាពដែលមានគុណភាពខ្ពស់អាចកាត់បន្ថយហានិភ័យនៃការ ស្លាប់ដល់ទៅ ៤២ភាគរយ
និងការរងរបួសក្បាលដល់ទៅ ៦៩ភាគរយពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ដូច្នេះយើងខ្ញុំសូមជម្រុញលើកទឹកចិត្តដល់អ្នកម្តាយគ្រប់រូបសូម ពាក់មួកសុវត្ថិភាពគ្រប់ពេលធ្វើដំណើរតាមទោចក្រយានយន្ត ហើយត្រូវតែប្រាកដថាអ្នករួមដំណើរជាមួយក៏ពាក់មួកសុវត្ថិភាពដែរ ជាពិសេសគឺកុមារ។ ការយកចិត្តទុកដាក់ចំពោះកូនៗ និងក្រុមគ្រួសាររបស់អ្នក គឺជាអាទិភាពចំបងបំផុតនៅពេលដែលធ្វើដំណើរនៅលើដងផ្លូវ”។
ក្នុងបំណងពង្រឹងការអនុវត្តនូវសារគន្លឹះខាងលើឲ្យកាន់តែមាន ប្រសិទ្ធិភាពបន្ថែមទៀត
អង្គការមូលនិធិបង្ការរបូស អាស៊ី នឹងអនុវត្តនូវសកម្មភាពអប់រំសុវត្ថិភាពចរាចរណ៍ដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា
វត្តព្រះពុទ្ធនាថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែមីនា ឆ្នាំ២០១៤ខាងមុខនេះ។