អង្គការមូលនិធិបង្ការរបួសអាស៊ី ប្រកាសផ្តើមផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវដែលផ្តល់ដំណោះស្រាយដែលអាចអនុវត្តបាន ដើម្បីដោះស្រាយបញ្ហាការដឹកជញ្ជូនកម្មករនិយោជិតវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជាដែលប្រឈមគ្រោះថ្នាក់

អង្គការមូលនិធិបង្ការរបួសអាស៊ី ប្រកាសផ្តើមផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវដែលផ្តល់ដំណោះស្រាយដែលអាចអនុវត្តបាន ដើម្បីដោះស្រាយបញ្ហាការដឹកជញ្ជូនកម្មករនិយោជិតវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជាដែលប្រឈមគ្រោះថ្នាក់

រាជធានីភ្នំពេញ - ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១

 ក្នុងនាមជាអ្នករកចំណូលផ្គត់ផ្គង់ចិញ្ចឹមគ្រួសារ គោលដៅរបស់អ្នកគឺត្រូវប្រាកដថាពួកគេនឹងទទួលបាននូវការយកចិត្តទុកដាក់បានយ៉ាងពេញលេញ។ 

ទោះជាយ៉ាងណាក្តី ពុំគួរមាននរណាម្នាក់  ត្រូវបង្ខំឱ្យប្រឈមនឹងហានិភ័យរហូតបាត់បង់ជីវិតដើម្បីស្វែងចំណូលសម្រាប់ផ្គត់ផ្គង់ម្ហូបអាហាររបស់ក្រុមគ្រួសារខ្លួនឡើយ។ នេះជាការពិត ដែលកម្មករនិយោជិតរោងចក្រប្រមាណជាង ៧០ម៉ឺននាក់កំពុងតែជួបប្រទះជារៀងរាល់ថ្ងៃនៅក្នុងប្រទេសកម្ពុជា។ គ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែមាន ផលប៉ះពាល់ដល់អាយុជីវិតរបស់កម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផលប៉ះពាល់ដល់ជីវិតរបស់សមាជិកគ្រួសារពួកគេប្រមាណចំនួន ២លាននាក់ផងដែរ។

កាលពីខែមេសាឆ្នាំ ២០២១ អង្គការមូលនិធិបង្ការរបួសអាស៊ី ដោយមានការគាំទ្រពី ក្រុមហ៊ុនសាជីវ កម្ម វីអេហ្វ (VF Corporation) បានសហការជាមួយមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) បានប្រារព្ធកម្មវិធីប្រកាសផ្តើមអនុវត្តការសិក្សាស្រាវជ្រាវជាផ្លូវការស្តីពី “លទ្ធភាព និងជម្រើសក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតដែលមិនមានសុវត្ថិភាព មកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង" ដែលជាផ្នែកមួយនៃកម្មវិធី “បង្ការ និងបង្កើនការចូលរួម” ។ ការសិក្សាស្រាវជ្រាវមានគោលបំណងធ្វើការពិនិត្យ និងកំណត់វិធីសាស្រ្តដែលល្អបំផុត និងការអនុវត្តដើម្បីធ្វើការផ្លាស់ប្តូរពីការដឹកជញ្ជូនរួមដែលមិនមានសុវត្ថិភាពទៅជាមធ្យោបាយដែលមានសុវត្ថិភាពប្រសើរជាង ដែលជាលទ្ធផលនឹងជួយសង្គ្រោះជីវិតមនុស្ស។

នាពេលនេះ យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីការប្រារព្ធឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធអនឡាញមួយស្តីពី “លទ្ធភាព និងជម្រើសក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតដែលមិនមានសុវត្ថិភាព មកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២១។ កិច្ចប្រជុំពិគ្រោះយោបល់នេះមានគោលបំណង៖
• ធ្វើការបង្ហាញ និងប្រមូលមតិយោបល់លើលទ្ធផល និងអនុសាសន៍នៃការសិក្សាស្រាវជ្រាវ
• ធ្វើការពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសក្នុងការអនុវត្តអនុសាសន៍ដែលទទួលបានពីការសិក្សាស្រាវជ្រាវ ជាពិសេស ស្វែងរកលទ្ធភាពក្នុងការផ្លាស់ប្តូរពីរថយន្តដឹកទំនិញ ទៅជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង (រថយន្តដឹកអ្នកដំណើរ/រថយន្តក្រុង/ ឬយ៉ាងហោចណាស់មានរៀបចំកន្លែងអង្គុយសមរម្យ) សម្រាប់កម្មករនិយោជិត
• កំណត់អំពីអាទិភាពសម្រាប់ការផ្លាស់ប្ដូររថយន្តដឹកកម្មករនិយោជិតមកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាងដែលស្របទៅនឹងផែនការរបស់រាជរដ្ឋាភិបាល 
• ស្វែងរកប្រភពថវិកាក្នុងការគាំទ្រជម្រើសនៃការផ្លាស់ប្ដូររថយន្តដឹកកម្មករនិយោជិតមកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាងរយានយន្តដែលមានសុវត្ថិភាព។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានតំណាងមកពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បេឡាជាតិ សន្តិសុខសង្គម ក្រសួងកិច្ចការនារី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្ថាប័នរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ភាគីពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្ម និងអង្គការសង្គមស៊ីវិល ។

អង្គការមូលនិធិបង្ការរបួសអាស៊ី  ក្រុមហ៊ុនសាជីវកម្ម វីអេហ្វ (VF Corporation) មជ្ឈមណ្ឌលសាមគ្គីភាព និងមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ស្វាគមន៍ចំពោះវត្តមានការចូលរួមរបស់តំណាងមកពីវិស័យឯកជន បណ្តាស្ថានទូតបរទេសនៅកម្ពុជា ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនអ្នកបញ្ជាទិញ សហជីព និងសមាគមអ្នកបើកបរ និងអ្នកគ្រប់គ្រងបុគ្គលិករោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង និងក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមរោងចក្រគោលដៅ។ 

ការប្រមូលមតិយោបល់ បានធ្វើឡើង តាមរយៈការរៀបចំប្រធានបទពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសក្នុងការអនុវត្តអនុសាសន៍ពីការសិក្សាស្រាវជ្រាវ និងអាទិភាពសម្រាប់ការផ្លាស់ប្ដូររថយន្តដឹកកម្មករនិយោជិតមកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង ដែលស្របទៅនឹងផែនការរបស់រាជរដ្ឋាភិបាល និងប្រភពថវិកាសម្រាប់គាំទ្រជម្រើសនៃការផ្លាស់ប្ដូររថយន្តដឹកកម្មករនិយោជិតមកជារថយន្តដែលមានសុវត្ថិភាពជាង។

លោក គឹម បញ្ញា នាយកប្រចាំប្រទេស អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) បានមានប្រសាសន៍ ថា៖“កិច្ចប្រជុំពិគ្រោះយោបល់ ជំរុញការចូលរួមពីភាគីពាក់ព័ន្ធ និងថ្នាក់ដឹកនាំផ្នែកសុវត្ថិភាពចរាចរណ៍ ដើម្បីផ្តល់នូវបទពិសោធន៍ ដំបូន្មាន និងដំណោះស្រាយជាក់ស្តែង។ លទ្ធផលនៃការសិក្សាស្រាវជ្រាវ គឺជាចំណុចសំខាន់មួយក្នុងការការពារជីវិតកម្មករនិយោជិតរោងចក្រដែលធ្វើដំណើរនៅលើដងផ្លូវជារៀងរាល់ថ្ងៃ”។

លោក William Conklin នាយកកម្មវិធីប្រចាំប្រទេសកម្ពុជា នៃមជ្ឈមណ្ឌលសាមគ្គីភាព បានលើកឡើងថា៖ “កិច្ចប្រជុំនេះមានសារៈសំខាន់ព្រោះនាំមកជាមួយនូវបទពិសោធន៍បែបពហុវិស័យ និងចំណាប់អារម្មណ៍ក្នុងការដោះស្រាយបញ្ហាការដឹកជញ្ជូនជាប្រព័ន្ធ រួមទាំងការបង្កើតឱ្យមានរថយន្តដែលមានសុវត្ថិភាពជាងមុន ដែលប៉ះពាល់ដល់កម្មករនិយោជិតកម្ពុជាជាច្រើន។ អង្គការមូលនិធិបង្ការរបួសអាស៊ី និងក្រុមហ៊ុន សាជីវកម្ម វីអេហ្វនឹងប្រើប្រាស់លទ្ធផលនៃការសិក្សាស្រាវជ្រាវ និងដំណោះស្រាយ ព្រមទាំងការធ្វើឱ្យប្រសើរឡើងដែលទទួលបានពីកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីអនុវត្តយុទ្ធសាស្រ្ត និងសកម្មភាពឆ្ពោះទៅមុខ។”

លោក Graham Cronshaw នាយកប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុនសាជីវកម្ម វីអេហ្វ (VF Corporation) បានបញ្ជាក់ថា៖ “លទ្ធផលនៃការសិក្សាស្រាវជ្រាវ គឺតំណាងឱ្យឱកាសថ្មីមួយសម្រាប់ ការជួយសង្រ្គោះដល់ជីវិតមនុស្សដែលធ្វើដំណើរតាមដងផ្លូវ តាមរយៈការផ្លាស់ប្តូររថយន្តឱ្យមានសុវត្ថិភាពជាងមុនសម្រាប់អ្នកប្រើប្រាស់ផ្លូវដែលងាយរងគ្រោះ”។ 
###

អំពីកម្មវិធី “បង្ការ និងបង្កើនការចូលរួម” (P&P program)
កម្មវិធី “បង្ការ និងបង្កើនការចូលរួម (P&P program)” ដែលកំពុងអនុវត្តនៅចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ នឹងមានដំណើរការជាបន្តរបន្ទាប់នៅរោងចក្រចំនួន ១៣ ដែលផ្គត់ផ្គង់ការបញ្ជាទិញរបស់ក្រុមហ៊ុនសាវជីវកម្ម វីអេហ្វ ដោយផ្តល់ផលដោយផ្ទាល់ដល់ កម្មករនិយោជិត និងអ្នកបើកបរប្រមាណ ៤១ ០០០នាក់ នៅខេត្តចំនួន៦។ កម្មវិធីនេះ មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការដឹកជញ្ជូនកម្មករនិយោជិត (រថយន្តដឹកកម្មករនិយោជិត និងអ្នកបើកបរដែលមានប័ណ្ណបើកបរ)  កាត់បន្ថយនូវឥរិយាបថប្រកបដោយគ្រោះថ្នាក់របស់អ្នកបើកបរមានដូចជាការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការបើកបរដោយធ្វេសប្រហែស ការមិនយកចិត្តទុកដាក់ និងមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរ ព្រមទាំងការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងចរាចរណ៍នៅជុំវិញរោងចក្រ។ អង្គការមូលនិធិបង្ការរបួសអាស៊ី នឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរ គោលនយោបាយ និងច្បាប់ផងដែរ។ ជាងនេះទៅទៀត អង្គការមូលនិធិបង្ការរបួសអាស៊ី នឹងធ្វើការ       កសាងសមត្ថភាព និងគាំទ្រទៅដល់រោងចក្រ ដើម្បីឱ្យមានគំនិតផ្តួចផ្តើម និងភាពជាម្ចាស់ការ និងការកំណត់ និងការអនុវត្តសកម្មភាពដែលលើកកម្ពស់ដល់ការផ្លាស់ប្តូរទៅជារថយន្តដឹកអ្នកដំណើរដែលមានសុវត្ថិភាព និងមានកៅអីអង្គុយសម្រាប់អ្នកដំណើរដែលបើកបរដោយអ្នកបើកបរដែលមានលក្ខណៈសម្បត្តិសមស្រប។

អំពីក្រុមហ៊ុនសាជីវកម្ម វីអេហ្វ (VF Corporation)
ក្រុមហ៊ុនសាជីវកម្ម វីអេហ្វ គឺជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនផលិតសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងតុបតែងធំៗជាងគេនៅលើពិភពលោក ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៨៩៩ ដោយផ្សារភ្ជាប់មនុស្សទៅនឹងរបៀបនៃការរស់នៅ សកម្មភាព និងបទពិសោធន៍ដែលពួកគេពេញចិត្តបំផុត តាមរយៈគ្រួសារនៃម៉ាកសញ្ញាល្បីៗជាច្រើន ដូចជាម៉ាកសម្រាប់ចេញក្រៅ ធ្វើកីឡា និងសម្រាប់ធ្វើការ ដូចជា ម៉ាកវែនស៍(Vans®) ដឹណសហ្វេស(The North Face®) ធីមបឺឡែន(Timberland®) និងឌីកឃីស៍(Dickies®)។ គោលបំណងរបស់ក្រុមហ៊ុន  គឺផ្តល់ថាមពលដល់ចលនានៃការរស់នៅប្រកបដោយនិរន្ដរភាព និងសកម្ម សម្រាប់ភាពប្រសើរឡើងរបស់មនុស្សយើង និងផែនដី។ យើងផ្សារភ្ជាប់គោលបំណងនេះទៅនឹងការបន្ដជំរុញឥតឈប់ឈរ ដើម្បីទទួលបានជោគជ័យក្នុងការបង្កើតគុណតម្លៃសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ និងប្រើប្រាស់ក្រុមហ៊ុនរបស់យើងជាកម្លាំងសម្រាប់ភាពល្អប្រសើរ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ vfc.com ។

អំពីអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation)
អង្គការមូលនិធិបង្ការរបួសអាស៊ី គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញមួយដែលមានការប្តេជ្ញាចិត្តក្នុងការបង្ការការរងរបួស និងការស្លាប់នៅតាមបណ្តាប្រទេសដែលមានចំណូលទាប និងមធ្យម។ អស់រយៈពេលជាង២០ឆ្នាំហើយដែលអង្គការមូលនិធិបង្ការរបួសអាស៊ី បានអនុវត្តកម្មវិធីសុវត្ថិភាពចរាចរណ៍ ប្រកបដោយប្រសិទ្ធភាពនៅតាមតំបន់ក្នុងទ្វីបអាស៊ី និងអាហ្វ្រិក។ ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់គេហទំព័រ www.aip-foundation.org ឬភ្ជាប់ទំនាក់ទំនងជាមួយយើងតាម Twitter @AIPFoundation ។

ការទំនាក់ទំនងផ្នែកសារព័ត៌មាន៖
Victoria Jonsson 
អ្នកសម្របសម្រួលផ្នែកទំនាក់ទំនង
អង្គការមូលនិធិបង្ការរបួសអាស៊ី
ទូរស័ព្ទ៖ (+84) 91 598 75 84
អ៊ីម៉ែល៖  victoria.jonsson@aipf-vietnam.org

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
129 នាក់