សិក្ខាសាលាថ្នាក់ដឹកនាំផ្តោតគោលដៅលើសហជីពកម្មករដើម្បីទាក់ទាញមតិគាំទ្រក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតរោងចក្រ
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០
កម្មវិធីសិទ្ធិការងារក្នុងប្រទេសកម្ពុជា របស់ទីភ្នាក់ងារជំនួយអាមេរិក USAIDដែលអនុវត្ដដោយមជ្ឈមណ្ឌលសាមគ្គីភាពកំពុងគាំទ្រសិក្ខាសាលាជាមួយថ្នាក់ដឹកនាំសហជីពកម្មករស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជាដល់តំណាងសហជីពចំនួន ៨០នាក់ ដើម្បីលើកកម្ពស់សមធម៌នៃលក្ខខណ្ឌការងារក្នុងរោងចក្រ ដែលរួមបញ្ចូលទាំងសុវត្ថិភាពក្នុងការធ្វើដំណើរទៅមក បំពេញការងាររបស់កម្មករនិយោជិត។ អង្គការមូលនិធិបង្ការរបួសអាស៊ីដែលជាអង្គការដៃគូរបស់មជ្ឈមណ្ឌលសាមគ្គីភាពប្រារព្ធសិក្ខាសាលាលើកទីមួយនាថ្ងៃនេះ ដើម្បីបង្ហាញឱ្យឃើញច្បាស់នូវទស្សនៈ វិស័យអំពីគោលនយោបាយសុវត្ថិភាពចរាចរណ៍ដើម្បីការពារសុវត្ថិភាពកម្មករនិយោជិតរោងចក្រនៅលើ ដងផ្លូវដែលជាផ្នែកមួយនៃកម្មវិធី “លើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា”។ ទស្សនៈវិស័យទាំងនោះរួមមាន៖ ការបើកវគ្គបណ្តុះបណ្តាលដល់អ្នកបើកបររថយន្តដឹកជញ្ជូនរួម, ការជំរុញឱ្យកម្មករនិយោជិតដែលធ្វើដំណើរតាមម៉ូតូអាចទទួលបាននូវមួកសុវត្ថិភាពដោយឥតគិតថ្លៃ, ការបណ្តុះបណ្តាលអំពីបច្ចេកទេសនៃការបើកបរម៉ូតូដោយឥតគិតថ្លៃដល់កម្មករនិយោជិត, ការប្តូរពីមធ្យោបាយដឹកជញ្ជូនរួមដោយប្រើរថយន្តដឹកទំនិញទៅជារថយន្តដឹកអ្នកដំណើរដែលមានសុវត្ថិភាព និងការអនុម័ត និងដាក់ឱ្យប្រើប្រាស់គោលនយោបាយសុវត្ថិភាពចរាចរណ៍សម្រាប់អនុវត្តនៅតាមរោងចក្រទូទាំងប្រទេស។ ទស្សនៈវិស័យទាំងនេះនឹងត្រូវលើកយកមកពិភាក្សាក្នុងសិក្ខាសាលានាថ្ងៃនេះជាមួយថ្នាក់ដឹកនាំសហជីព។
ក្នុងឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ចំពោះកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន ៦៩៨ករណី ដែលស្មើនឹង៥៨ករណីក្នុងមួយខែ។ ក្នុងនោះមានកម្មករនិយោជិតចំនួន១៥នាក់បានស្លាប់ និង ១៣៨នាក់ផ្សេងទៀតបានរងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់់ជីវិតកម្មករនិយោជិតប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ជីវិតសមាជិកក្រុមគ្រួសារ២លាននាក់ និងផលិតភាពរបស់រោងចក្រដែលពឹងផ្អែកលើកម្លាំងពលកម្មរបស់ពួកគេទៀតផង។
ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ វិស័យកាត់ដេរសម្លៀកបំពាក់នៅក្នុងប្រទេសកម្ពុជាមានការរីកចំរើនគួរឱ្យកត់សម្គាល់ ប៉ុន្ដែសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិតនៅតែជាបញ្ហាប្រឈម ប្រកបដោយគ្រោះថ្នាក់។ ជាលទ្ធផល អត្រាស្លាប់ និងរងរបួសនៅតែមានកម្រិតខ្ពស់។
ឯកឧត្តម ហេង សុផាន់ណារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខ សង្គម (ប.ស.ស) មានប្រសាសន៍ថា៖ “យើងបានដឹងអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃគ្រោះថ្នាក់ចរាចរណ៍ចំពោះកម្មករនិយោជិតរបស់យើង និងក្រុមគ្រួសាររបស់ពួកគេ។ គ្រួសាររបស់ពួកគេមិនគួររងការឈឺចាប់ដោយការបាត់បង់សមាជិកដ៏គួរឱ្យស្រឡាញ់ទេ។ ទោះបីជាកម្មករដែលរងរបួសបានទទួលការធានារ៉ាប់រងពីបេឡាជាតិសន្តិសុខសង្គមក៏ដោយ ក៏យើងគួរតែយល់ដឹងថាគ្រោះថ្នាក់ចរាចរណ៍ដែលមិនប៉ះពាល់ដល់អាយុជីវិតអាចមានផលប៉ះពាល់ដ៏ធំធេង។ សិក្ខាសាលាជាមួយថ្នាក់ដឹកនាំសហជីពនេះ ជាសិក្ខាសាលាដ៏មានសារៈសំខាន់ ដើម្បីឈានទៅរកមធ្យោបាយដែលអាចរួមចំណែកធ្វើឱ្យការធ្វើដំណើររបស់កម្មករនិយោជិតកាន់តែមានសុវត្ថិភាពជាងមុន ក៏ដូចជាស្វែងរកគន្លឹះថ្មីៗដើម្បីដោះស្រាយបញ្ហាដែលកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។”
នាយកស្ថានបេសកកម្មទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំប្រទេសកម្ពុជា លោកស្រី Veena Reddy លើកឡើងដូច្នេះថា “ពួកយើងសង្ឃឹមថាសិក្ខាសាលានេះនឹងចូលរួមក្នុងការស្វែងរកដំណោះស្រាយដើម្បីធានានូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពសម្រាប់កម្មករ និយោជិតនៅក្នុងវិស័យការងារ”។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជាមានប្រសាសន៍ថា “ថ្នាក់ដឹកនាំសហជីពកម្មករមានតួនាទីសំខាន់ក្នុងការទាក់ទាញមតិគាំទ្រ
ក្នុងនាមតំណាងឱ្យសមាជិករបស់ពួកគេដើម្បីភាពកាន់តែប្រសើរឡើងនូវលក្ខខណ្ឌការងារ រួមទាំងសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត
និងមធ្យោបាយក្នុងការធ្វើដំណើរផងដែរ។ យើងសង្ឃឹមថាតាមរយៈសិក្ខាសាលា នេះ សហជីពកម្មករនឹងទទួលបានការលើកទឹកចិត្តឱ្យហ៊ានលើកឡើងអំពីបញ្ហានៃការធ្វើដំណើរ
និងធ្វើការអំពាវនាវដល់ក្រុមបញ្ជាទិញ និងរោងចក្រឱ្យចាត់បញ្ហាសុវត្ថិភាព
និងសុខុមាលភាពរបស់កម្មករនិយោជិតជាអាទិភាពខ្ពស់”។
លោក William Conklin នាយកមជ្ឈមណ្ឌលសាមគ្គីភាពប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ “ការដោះស្រាយបញ្ហាសិទ្ធិ និងសុវត្ថិភាពកម្មករនិយោជិតពុំអាចសម្រេចបានដោយដំណោះស្រាយតែមួយឯកឯងឡើង។ វាពឹងផ្អែកលើការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការពីសំណាក់
ថ្នាក់ដឹកនាំផ្នែកសុវត្ថិភាព ភាគីឧស្សាហកម្ម និងសហជីព និងដៃគូ ក៏ដូចជាការផ្លាស់ប្តូរជារូបិយដូចជាការផ្តល់មធ្យោបាយធ្វើដំណើរដែលមានសុវត្ថិភាព មួកសុវត្ថិភាពដែលមានគុណភាពខ្ពស់ និងសិក្ខាសាលាអប់រំដែលអាចជួយលើកកម្ពស់ការរស់នៅរបស់កម្មករនិយោជិត”។
###
អំពី USAID
USAID ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦១ ដោយប្រធានាធិបតី John F. Kennedy និងមានតួនាទីជាទីភ្នាក់ងារនាំមុខរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកផ្នែកលើជំនួយអន្ដរជាតិ។ ចាប់តាំងពីឆ្នាំ១៩៩២ USAID បានផ្ដល់ជំនួយជាង ១ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍកម្ពុជា។
អំពីមជ្ឈមណ្ឌលសាមគ្គីភាព
មជ្ឈមណ្ឌលសាមគ្គីភាពជាអង្គការសហរដ្ឋអាមេរិកធំបំផុតផ្នែកសិទ្ធិកម្មករនិយោជិតអន្តរជាតិ ដែលចូលរួមក្នុងការសម្រេចនូវបរិស្ថានការងារដែលមានសុវត្ថិភាព និងផាសុកភាព ប្រាក់ឈ្នួលដែលផ្គត់ផ្គត់ទាំងគ្រួសារ សេចក្ដីថ្លៃថ្នូរពេលបំពេញការងារ និងសមភាពខ្ពស់ជាងនៅកន្លែងការងារ និងនៅក្នុងសហគមន៍។
អំពីអង្គការមូលនិធិបង្ការរបួសអាស៊ី
អង្គការមូលនិធិបង្ការរបួសអាស៊ី គឺជាអង្គការមិនមែនរដ្ឋាភិបាល និងមិនស្វែងរកប្រាក់ចំណេញ ដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ការការរងរបួស និងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងបណ្តាប្រទេសដែលមានចំណូលទាប និងមធ្យម។ អស់រយៈពេលជាង២០ឆ្នាំមកហើយដែលអង្គការមូលនិធិបង្ការរបួសអាស៊ី បានអនុវត្តកម្មវិធីសុវត្ថិភាពចរាចរណ៍ដ៏មានប្រសិទ្ធភាពនៅបណ្តាប្រទេសជាច្រើនរួមមាននៅទ្វីបអាស៊ី និងទ្វីបអាហ្វ្រិច។ ដើម្បីស្វែងយល់បន្ថែម សូមចូលទស្សនាគេហ ទំព័រ www.aip-foundation.org ឬភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំនៅលើ Twitter @AIPFoundation ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
- លោកគឹម បញ្ញា នាយក អង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំនៅកម្ពុជា
ផ្ទះលេខ ១៨បេអឺ ផ្លូវលេខ ៣៤៨ សង្កាត់ទូលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
ទូរស័ព្ទលេខ៖ ៨៥៥ ១២ ៤២៤ ២៣៤ អ៊ីម៉ែល៖ pagna.kim@aipf-cambodia.org ៕