
មួកសុវត្ថិភាពកាត់បន្ថយហានិភ័យនៃការទទួលរងរបួសក្បាល និងខួរក្បាលធ្ងន់ធ្ងរតាមរយៈការបន្ថយនូវផលប៉ះពាល់កម្លាំងនៃការប៉ះទង្គិចផ្នែកក្បាលនៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ប្រសិទ្ធភាពនៃការការពារពីមួកសុវត្ថិភាពមានបីយ៉ាង៖
- វារារាំងការប៉ះលលាដ៍ក្បាលដោយផ្ទាល់ពីវត្ថុរឹង ឬផ្លូវថ្នល់ដោយមួកសុវត្ថិភាពបានធ្វើជារនាំងទប់រវាងក្បាល និងវត្ថុរឹង
- វាពង្រីកកម្លាំងទប់ទល់នឹងការប៉ះទង្គិចដោយសារផ្ទៃមួករឹងមាំ ដូច្នេះវាមិនអាចប៉ះទៅដល់ផ្នែកនៃលលាដ៍ក្បាល
- វាស្រូបយកកម្លាំងប៉ះទង្គិច ហើយកាត់បន្ថយកំលាំងឆក់ទាញទៅដល់លលាដ៍ក្បាល និងខួរក្បាល
មួកសុវត្ថិភាពដែលមានគុណភាពខ្ពស់ គឺផលិតឡើងពីស្រទាប់ស្រូបយកឥទ្ធិពលការប៉ះទង្គិច ឬទ្រនាប់ស្នោរការពារ(ដែលស្រូបយកការប៉ះទង្គិចទៅដល់ក្បាលនៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយកាត់បន្ថយភាពធ្ងន់ធ្ងរនៃការទទួលរងរបួសក្បាលនិងខួរក្បាល។ស្រទាប់ស្រូបយកឥទ្ធិពលការប៉ះទង្គិចនៃមួកសុវត្ថិភាពត្រូវបានគ្របដណ្តប់ដោយសំបកការពារពីខាងក្រៅដ៏រឹងមាំដែលជួយការពារក្បាល និងកាត់បន្ថយទំហំនៃការប៉ះទង្គិច។ ដើម្បីការពារក្បាលឲ្យបានជាអតិបរិមាគឺយើងត្រូវពាក់មួកសុវត្ថិភាពដែលសមល្មមនឹងក្បាលដោយដាក់ឲ្យចំកណ្តាលក្បាលហើយប្រព័ន្ធរក្សាលំនឹង
(ខ្សែក្រវ៉ាត់ចង្ការ) ត្រូវមានភាពមាំ និងកឹបឲ្យបានជាប់ល្អដើម្បីឲ្យប្រាកដថាមួកសុវត្ថិភាពនឹងនៅជាប់នឹងក្បាលអ្នកពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
មួកសុវត្ថិភាពដែលមានគុណភាពទាប គឺផលិតឡើងពីវត្ថុធាតុដែលមានតម្លៃថោកងាយនឹងបែកហើយវាមិនអាចការពារក្បាលរបស់យើងបានទេ។ មួកសុវត្ថិភាពទាំងនោះ
ជាទូទៅមានស្រទាប់ស្រូបយកឥទ្ធិពលការប៉ះទង្គិចអន់ដូចជាមានស្នោរទន់ ហើយវាមិនអាចស្រូបយកការប៉ះទង្គិចបានទេ។
មួកសុវត្ថិភាពដែលមានគុណភាពទាប ប្រើខ្សែក្រវ៉ាត់ចង្ការដែលងាយដាច់
និងមិនសាកសម
ហើយវាអាចជាការរួមចំណែកមួយដែលធ្វើឲ្យមានការរងរបួសក្បាលធ្ងន់ធ្ងរពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។