
អ្នកថ្មើរជើង
គឺជាក្រុមមនុស្សដែលងាយទទួលរងគ្រោះ និងជាអ្នកប្រើប្រាស់ផ្លូវដែលប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ជាងគេបំផុត។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានឲ្យបានដឹងថា អ្នកថ្មើរជើងមានចំនួនប្រមាណ ២២%នៃអ្នកស្លាប់សរុបដោយគ្រោះថ្នាក់ចរាចរណ៍។ នៅកម្ពុជាអ្នកថ្មើរជើងគឺជាមនុស្សដែលងាយទទួលរងគ្រោះថ្នាក់ទី២
បន្ទាប់ពីអ្នកធ្វើដំណើរតាមទោចក្រយានយន្តដែលមាន១១%នៃចំនួនអ្នកស្លាប់ទាំងអស់ដោយសារគ្រោះថ្នាក់ចរាចរណ៍។
អ្នកថ្មើរជើង គឺជាក្រុមមនុស្សផ្សេងៗដូចជា កុមារ មនុស្សចាស់
យុវវ័យ ឪពុកម្តាយ អាណាព្យាបាល អ្នករត់កីឡា ជនពិការ
អ្នកជិះក្តាររ៉ូឡែត។ ពួកគេគឺជាអ្នកប្រើប្រាស់ផ្លូវដែលងាយនឹងទទួលរងគ្រោះបំផុតនៅលើដងផ្លូវដោយសារការប៉ះទង្គិចរវាងល្បឿនយានយន្ត
និងមនុស្ស។ យានយន្តផ្លាស់ទីលឿនជាងអ្នកថ្មើរជើង
ហើយអ្នកថ្មើរជើងគ្មានអ្វីដើម្បីការពារខ្លួននៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងឡើយ។
មនុស្សគ្រប់គ្នាគឺជាអ្នកថ្មើរជើងនៅពេលណាមួយ ដូច្នេះហើយពួកគេធ្លាប់ជួបប្រទះនឹងបញ្ហាសម្រាប់អ្នកថ្មើរជើងដូចគ្នា។ វាអាចនឹងមានការប្រឈមចំពោះអ្នកប្រើប្រាស់ផ្លូវដើម្បីមើលឃើញ និងគេចចៀសពីអ្នកថ្មើរជើងឲ្យបានសមស្របតែហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ អាចនឹងកាត់បន្ថយបានតាមរយៈការយល់ដឹងអំពីស្ថានភាពផ្លូវអំពីអ្នកថ្មើរជើង
និងភាពប្រុងប្រយ័ត្នរបស់អ្នកបើកបរព្រមទាំងតាមរយៈការកែលម្អបរិស្ថានផ្លូវថ្នល់។
អ្នកថ្មើរជើងប្រឈមជាមួយនឹងបញ្ហាជាច្រើនដូចជា បរិស្ថានផ្លូវថ្នល់ដែលធ្វើឲ្យពួកគេស្ថិតក្នុងស្ថានភាពងាយនឹងទទួលរងគ្រោះថ្នាក់។
កង្វះខាតនៃកន្លែងថ្មើរជើង ឬចិញ្ចើមផ្លូវ ស្លាកសញ្ញាចរាចរណ៍
ភ្លើងសញ្ញាចរាចរណ៍
និងវិធានការណ៍សុវត្ថិភាពផ្សេងទៀតដែលអាចការពារពួកគេបាន
គឺជាបញ្ហាចំបងដែលត្រូវយកចិត្តទុកដាក់។ ប៉ុន្តែក៏មានអ្នកថ្មើរជើងខ្លះមិនបានដើរឆ្លងផ្លូវនៅកន្លែងមានសុវត្ថិភាព ឬដើរឆ្លងផ្លូវដោយនិយាយឆ្លើយឆ្លងតាមទូរស័ព្ទដៃ ឬដើរឆ្លងផ្លូវដោយមិនបានមើលឆ្វេងស្តាំពេលនៅលើ
និងនៅក្បែរដងផ្លូវដែលបង្កើនហានិភ័យដល់ពួកគេក្នុងការប្រឈមនឹងការប៉ះទង្គិចដោយអ្នកប្រើប្រាស់ផ្លូវដទៃទៀត។
ជាពិសេសគឺកុមារដែលជាអ្នកដែលងាយរងគ្រោះថ្នាក់បំផុតហើយគួរតែយកចិត្តទុកដាក់មើលថែនៅពេលដែលពូកគេនៅលើ
ឬក្បែរបរិស្ថានផ្លូវថ្នល់។