
នៅពេលដើរនៅលើ ឬក្បែរផ្លូវ អ្នកថ្មើរជើងចាំបាច់ត្រូវតែមានបម្រុងប្រយ័ត្នជានិច្ច។ អ្នកធ្វើដំណើរតាមយានយន្តភាគច្រើនបានមើលតែយានយន្តផ្សេងៗ ហើយអាចមិនបានចាប់អារម្មណ៍នឹងអ្នកដើរឆ្លងផ្លូវរហូតដល់ជិតទៅដល់អ្នកថ្មើរជើង។ ទោះបីជាបើកបរក្នុងល្បឿនយឺតក៏ដោយ ម៉ូតូ រថយន្ត ឬរថយន្តដឹកទំនិញសុទ្ធតែអាចបង្កឲ្យអ្នកថ្មើរជើងមានរបួសធ្ងន់ធ្ងរ និងការស្លាប់។
អ្នកថ្មើរជើងអាចកាត់បន្ថយភាពប្រឈមទៅនឹងគ្រោះថ្នាក់ចរាចរណ៍ ដូចជាការស្លៀកសំលៀកបំពាក់ដែលមានពណ៌ចាំងពន្លឺអាចមើលឃើញច្បាស់ឆ្លងកាត់ផ្លូវនៅកន្លែងស្រឡះដែលយានយន្តអាចមើលឃើញមិនមានដើមឈើ ឬវត្ថុអ្វីបាំងភ្នែកអ្នកបើកបរមិនឲ្យមើលឃើញ ឬក៏ដោយជ្រើសរើសផ្លូវណាដែលមានសុវត្ថិភាពសម្រាប់ធ្វើដំណើរទៅកាន់គោលដៅរបស់ខ្លួនហើយប្រកាន់ខ្ជាប់នូវបម្រុងប្រយ័ត្នជានិច្ច។
ខាងក្រោមនេះ ជាវិធានសំខាន់ៗមួយចំនួនដើម្បីជួយអ្នកថ្មើរជើងឲ្យមានសុវត្ថិភាព
- ដើរនៅលើកន្លែងសម្រាប់អ្នកថ្មើរជើង ឬដើរក្បែរចិញ្ចើមផ្លូវ ហើយដើរប្រឈមនឹងទិសចរាចរណ៍
- ប្រសិនបើមានគំនូសអ្នកថ្មើរជើង អ្នកត្រូវដើរនៅលើគំនូសនេះជានិច្ចពេលឆ្លងកាត់ផ្លូវ
- សូមកុំសន្និដ្ឋានថាយានយន្តមើលឃើញអ្នក ឬឈប់ឲ្យអ្នកដើរឆ្លង។ សូមរង់ចាំរហូតដល់មានចន្លោះសុវត្ថិភាពរវាងយានយន្ត ឬចរាចរណ៍ចាំដើរឆ្លងផ្លូវ។
- សូមត្រួតពិនិត្យឲ្យបានច្បាស់នូវយានយន្តដែលអាចបត់មុនពេលធ្វើការឆ្លងផ្លូវ។ មើលឆ្វេងមើលស្តាំ។
- ដើរឲ្យលឿន តែកុំរត់ ឆ្លងកាត់ផ្លូវដោយគ្មានការស្ទាក់ស្ទើរនៅកណ្តាលផ្លូវ។
- សំឡឹងទីកន្លែងដែលអ្នកត្រូវដើរឆ្លងកាត់គ្រប់ពេលវេលា។ យានយន្ត ឬម៉ូតូអាចធ្វើដំណើរខិតមកជិតអ្នកយ៉ាងលឿនជាងអ្វីដែលអ្នករំពឹងទុក ហើយវាអាចឲ្យអ្នកទទួលរងរបួសធ្ងន់ និងអាចបាត់បង់ជីវិតទោះបីជាស្ថិតក្នុងល្បឿនយឺតក៏ដោយ។
អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន នៅកន្លែងដែលមានអ្នកថ្មើរជើងស្ថិតនៅជុំវិញនោះដូចជាសាលារៀន ទីផ្សារ មន្ទីរពេទ្យ ឬសាកលវិទ្យាល័យ។ អ្នកបើកបរយានជំនិះទាំងអស់គួរតែបន្ថយល្បឿនហើយចាប់ហ្រ្វាំងទុកចន្លោះឆ្ងាយបន្តិចដើម្បីទុកឲ្យអ្នកថ្មើរជើងដើរឆ្លងកាត់ដោយសុវត្ថិភាព។ អ្នកធ្វើដំណើរតាមម៉ូតូក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរជាពិសេសនៅផ្លូវប្រសព្វដែលមានភ្លើងសញ្ញាចរាចរណ៍ ឬមានអ្នកថ្មើរជើងឆ្លងកាត់ ឬបត់នៅមុខអ្នកថ្មើរជើងដែលកំពុងឆ្លងផ្លូវ។